កុមារាវ័យ ១០ឆ្នាំម្នាក់ ជាសិស្សនៅសាលាបឋមសិក្សា បឹងត្របែកខាងត្បូង បាននិយាយដោយខ្លីនៅពេលគេកំពុងរង់ចាំឪពុកមកទទួលទៅផ្ទះវិញថា គ្រូបានប្រាប់អោយសិស្សឈប់ទៅរៀនចាប់ពីថ្ងៃទី១៨ ខែកក្កដា តទៅ។
ការឈប់សម្រាប់វិស្សមកាលនៅពេលនេះ គឺធ្វើមុនពេលកំណត់ ត្បិតបើយោងតាមសេចក្ដីណែនាំលេខ២១ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១២ ស្ដីពីដំណើរការគ្រឹះស្ថានបឋមសិក្សា និងមត្តេយ្យសាលា ការឈប់សម្រាកវិស្សមកាលដំណាច់ឆ្នាំសិក្សា នឹងត្រូវឈប់ចាប់ពីថ្ងៃទី៣១ ខែកក្កដា តទៅ។
អ្នកស្រី ខាត់ អូន ដែលមានចៅស្រីកំពុងរៀនថ្នាក់ទី២ នៅសាលាបឋមសិក្សា ទួលទំពូងទី២ និងកំពុងចាំទទួលព័ត៌មាននៅខាងមុខសាលា មានប្រសាសន៍ថា អ្នកស្រី ពុំបានគិតគូរអ្វីច្រើនទេ គឺអនុវត្តតែតាមការណែនាំរបស់សាលាប៉ុណ្ណោះ។
ចំណែកតាមមត្តេយ្យសាលា និងបឋមសិក្សាឯកជនមួយចំនួន គេបានជូនដំណឹងពីការផ្អាកការសិក្សាបណ្ដោះអាសន្ន ក្នុងរយៈពេល២សប្តាហ៍ ដោយគិតពីថ្ងៃទី១៨ ខែកក្កដា។
អាណាព្យាបាលសិស្សថ្នាក់មត្តេយ្យម្នាក់ទៀត ដែលមានកូនស្រីកំពុងរៀននៅមត្តេយ្យសាលាឯកជនមួយ ក្នុងខណ្ឌទួលគោក មានប្រសាសន៍ថា មន្ត្រីនៅសាលាបានប្រាប់លោកតាមទូរស័ព្ទថា មូលហេតុនៃការឈប់សម្រាកមុនពេលកំណត់នេះ គឺដោយសារតែការព្រួយបារម្ភពីការឆ្លងជំងឺថ្មីមួយ។ លោក កាម៉ៅ បន្តថា ប្រសិនបើការឈប់វិស្សមកាលនេះ ពិតជាមានបំណងការពារមេរោគឆ្លងនោះមែន គឺលោកសប្បាយចិត្ត ព្រោះលោក និងក្រុមគ្រួសារ ក៏កំពុងព្រួយបារម្ភពីរឿងនេះដែរ។
សេចក្ដីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ចេញដោយប្រញាប់ប្រញាល់នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ ស្ដីពីការបញ្ឈប់ដំណើរការសិក្សាដំណាច់ឆ្នាំសិក្សា ២០១១-២០១២ បានឲ្យដឹងថា សិស្សចាប់ពីមត្តេយ្យសាលារហូតដល់បឋមសិក្សា នៅទូទាំងប្រទេស ត្រូវបានក្រសួងអប់រំ អនុញ្ញាតឲ្យឈប់សម្រាកវិស្សមកាលមុនពេលកំណត់។ ការឈប់សម្រាកនេះ គឺធ្វើឡើងដោយយោងតាមចំណាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែកក្កដា។
តែទោះជាយ៉ាងណា សេចក្ដីប្រកាសនោះពុំបានបញ្ជាក់ថា អ្វីជាមូលហេតុនៃការឈប់សម្រាកវិស្សមកាលមុនកាលកំណត់នេះឡើយ។
ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា លោក ចាន់ សុភា មានប្រសាសន៍ថា លោកក៏ពុំអាចបញ្ជាក់ពីមូលហេតុនៃការឈប់សម្រាកមុនការកំណត់នេះ បានឡើយ។ លោកបានបង្វែរសំនួរទៅលោកអគ្គនាយកអប់រំវិញ។
វិទ្យុអាស៊ីសេរី មិនអាចសុំការអធិប្បាយពីលោក សម មុនីរ័ត្ន អគ្គនាយកអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា បានទេ នៅរសៀលថ្ងៃទី១៨ ខែកក្កដា។
មន្ត្រីក្រសួងអប់រំ ដែលមិនបញ្ចេញឈ្មោះបញ្ជាក់ថា ការសម្រេចអោយឈប់សម្រាកមុនការកំណត់សម្រាប់សិស្សមត្តេយ្យសាលា និងបឋមសិក្សា គឺទាក់ទងនឹងការភ័យខ្លាចការឆ្លងមេរោគថ្មី ដែលមានគ្រោះថ្នាក់សម្រាប់ក្មេងៗនៅកម្ពុជា។
ចាប់តាំងពីដើមឆ្នាំ២០១២ រហូតមកដល់ខែកក្កដា កុមារកម្ពុជាជាង៥០នាក់ត្រូវរាយការណ៍ថា បានស្លាប់ដោយមេរោគEV-71។ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា ជំងឺពងបែកនៅបាតដៃ ជើង និងក្នុងមាត់ ដែលបង្កដោយ Enterovirus 71 (EV-71) មួយចំនួន អាចបង្កឲ្យមានជាផលវិបាកធ្ងន់ធ្ងរ និងអាចឲ្យអ្នកជំងឺស្លាប់បាន។
ជំងឺនេះកើតលើកុមារដែលមានអាយុតិចជាង ១០ឆ្នាំ និងភាគច្រើនអាយុតិចជាង ៥ឆ្នាំ ហើយរោគសញ្ញាធ្ងន់ធ្ងរកុមារចំពោះកុមារមានអាយុកាន់តែតិច។ ជំងឺនេះឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់នឹងសំបោរ កំហាក ទឹកមាត់ ទឹករងៃដែលចេញពីពងបែក ឬលាមកអ្នកជំងឺ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន បានហៅការអោយឈប់សម្រាកវិស្សមកាលមុនកំណត់នេះថា ជាវិធានការដែលមិនសមស្រប និងបានធ្វើអោយប៉ះពាល់ដល់ការសិក្សារបស់សិស្ស។
ឆ្លើយតបចំពោះការលើកឡើងនេះ ប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា លោក ចាន់ សុភា មានប្រសាសន៍ថា ភាគច្រើននៅតាមសាលាបឋមសិក្សា គ្រូបង្រៀនបានបញ្ចប់ទៅតាមកម្មវិធីសិក្សារួចរាល់អស់ហើយ គឺពុំមានផលប៉ះពាល់ទេ។
របាយការណ៍ស្ដីពីសមិទ្ធផល អប់រំ យុវជន និងកីឡា ចេញផ្សាយក្នុងខែមីនា ឆ្នាំ២០១២ បានអោយដឹងថា ឆ្នាំសិក្សា ២០១១-២០១២ នេះ នៅទូទាំងប្រទេសកម្ពុជា មានមត្តេយ្យសាលាចំនួន ៥.១២៥កន្លែង ស្មើនឹង ៧.៣៨៩ថ្នាក់ មានកុមារចូលរៀនចំនួន ២៧៥.៨៤៤នាក់។ ចំណែកថ្នាក់បឋមសិក្សាមាន ៦.៨៤៩សាលា មានសិស្សសរុបជាង២លាននាក់៕