Tuesday, July 31, 2012

កូនស្រី​អតីត​នាយករដ្ឋមន្ត្រីថៃ​នឹង​រៀបការ​ជាមួយ​កូនប្រុស​ឧកញ៉ា​សៀង​ណាំ​

ភ្នំពេញ: កូនស្រី​លោក​ស៊ុមឆាយ វង្ស​សាវ៉ា​ត់ អតីត​នាយករដ្ឋមន្ត្រី​ថៃ និង​ជា​ក្មួយ​របស់លោក​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ត្រូវបាន​គេ​រំពឹងថា នឹងរៀប​អាពាហ៍ពិពាហ៍​នៅ​ឆ្នាំ​ក្រោយនេះ​ជាមួយ​មន្ត្រី​កម្ពុជា​ម្នាក់​ដែលជា ​កូនប្រុស​លោក​ឧកញ៉ា​សៀង ណាំ អ្នកតំណាងរាស្ត្រ​ខេត្តសៀមរាប និង​ជាម​នុស្ស​ស្និទ្ធ​ម្នាក់របស់​សម្តេច​តេ​ជោ​ហ៊ុន សែន ។ អ្នក​ទាំង​ពីរបាន​ស្រឡាញ់គ្នា​អស់​មួយរយៈពេល​យូរ​គួរសម​មកហើយ នេះ​បើយោងតាម​ការចេញផ្សាយ​របស់​កាសែត ដេ​លី​ញូ របស់​ថៃ កាល​ថ្ងៃទី​២៨​ខែ កក្កដា​ឆ្នាំ​២០១២ និង​តាម​ការបញ្ជាក់របស់​ប្រភព​ស្និទ្ធ​នឹង​គ្រួសារ​លោកសៀង ណាំ ។​

​    ​កូនប្រុស​លោក​ឧកញ៉ា​សៀង​ ណាំ និង​លោកស្រី​អ៊ុន វុនលី មានឈ្មោះ​ណាំ លី​ណាល់ អាយុ​៣២​ឆ្នាំ គឺជាកូន​ទី​២​ក្នុងចំណោម​កូន​បីនាក់​។ លោកជា​មន្ត្រី​បម្រើការ​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា បាន​ស្រឡាញ់​កញ្ញា ឆាក់ យ៉ា​ផា វង្ស​សាវ៉ាត ហៅ​ឈើ​រី អាយុ​២៩ ឆ្នាំ ជា​អ្នកចម្រៀង​ដ៏​ល្បីឈ្មោះ​មួយរូបដែល​និយម​ថត​ចម្រៀង​ជាង​ការសម្តែងលើ​ឆាក ហើយ​ក៏បាន​បម្រើការ​នៅស្ថាប័ន​អយ្យការ​របស់​ថៃ​ផងដែរ ។ ប្រភព​កាសែត​ថៃ​អះអាងថា លោក ស៊ុមឆាយ​វង្ស​សាវ៉ាត​ បានទទួល​ក្នុងរឿងនេះ​។​

​    ​បើតាម​កាសែត​ថៃ អ្នក​ទាំងពីរបាន​ជួបគ្នា​នៅ​ទីក្រុង​បាងកក ហើយ​បានស្រឡាញ់​និង​ទាក់ទង​គ្នា​ជា​ញឹកញាប់ ដែល​រហូត​ចុង​ក្រោយនេះត្រូវបាន​គេជឿថា​នឹង​ឈានចូល​ខ្លោងទ្វារ​អា​ពា​ហ៍​ ពិពាហ៍​នៅ​ឆ្នាំ​២០១៣​ខាងមុខ​។

​    ​ចំណែក​ប្រភព​ស្និទ្ធ​នឹង​គ្រួសារលោក​សៀង ណាំ និយាយថា លោកណាំ លី​ណា​ល់ បាន​សិក្សា​នៅ​អូស្ត្រាលី ជប៉ុន រួមទាំង​ថៃ​ផងដែរ ហើយ​ដែលទំនងជា​ពេល​រៀន​នៅ​ថៃ​នោះឯង​ដែលលោក​បាន​ស្គាល់​កញ្ញា ឆាក់​យ៉ា​ផា វង្ស សាវ៉ាត ដែល​នៅ​ថៃ​គេ​និយម​ហៅឈ្មោះ​ក្រៅ​ថា​ឈើ​រី​។​

​    ​កាសែត​ដេលី​ញូ​របស់​ថៃ និយាយថា អ្នកចម្រៀង​ល្បីឈ្មោះ​ឈើ​រី ត្រូវបាន​គេ​ដឹងថា​មិនបាន​ចាប់អារម្មណ៍រឿង​នយោបាយ​ក្នុងប្រទេស​ដូច​ឪពុក ម្តាយ​របស់ខ្លួន​ទេ ។ ដោយ​មើលឃើញចំណុច​កូនស្រី​ពៅ​របស់ខ្លួន​មានការចាប់អារម្មណ៍​លើ​ផ្នែក​សិល្បៈ​ នោះ លោក​ស៊ុមឆាយ វង្ស​សាវ៉ា​ត់​ ក៏បាន​ជួយជ្រោមជ្រែង​កូនស្រី​រហូត​ក្លាយជា​អ្នក ចម្រៀង​ល្បីឈ្មោះ ។ រហូតមកដល់ពេលនេះ​នាង​ឈើ​រី​បាន​ល្បីឈ្មោះ​តាម រយៈ​បទ​ចម្រៀង​ក្នុង​ស្រទាប់​យុវជន​ថៃជាច្រើន​បទ ក្នុងនោះ​រួមមាន​ដូចជា បទ​”​ស្រឡាញ់​មនុស្ស​ប្លែក​មុខ​”​ជាដើម​។​

​    ​ក្រៅពីនេះ អ្នកចម្រៀង​ល្បីឈ្មោះ​កូនស្រី​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ កាលពី​ឆ្នាំ​២០០២​ បាន​បង្កើត​វង់តន្ត្រី​មួយ​មាន​ឈ្មោះថា ​”​ហ្វា​យ​អ៊ី​ន​ធេ​ន ធើ​មែន​” ហើយ​បានចេញ​អាល់​ប៊ុ​មចម្រៀង​ជាច្រើន​ផង ក្នុងនោះ​មានឈ្មោះ​ដូចជា​”​ឈើ​រី​ស៊ី​គ្រេ​ត​ស៊ី​”​ដែលសុទ្ធតែជា​បទ​ពេញនិយម ​។​

​    ​ទាក់ទិន​នឹង​កូនស្រី​ស្រឡាញ់​កូនអ្នកនយោបាយ​កម្ពុជា​នេះ លោក​ស៊ុម ឆាយ​វង្ស​សាវ៉ា​ត់ បា​ន​ថ្លែង​បញ្ជាក់ថា ពិតជា​កើតរឿង​បែបនេះ​មែន ហើយកូនស្រីលោក​ក៏បាន​ធ្វើការ​ពិភាក្សា​រឿងនេះ​ជាមួយ​ឪពុកម្តាយ​ផងដែរ​។ កូនស្រី​លោកជា​មនុស្ស​ល្អ ស្តាប់​ឪពុកម្តាយ ​ដោយ​ធ្វើអ្វី​មិនឱ្យ​ហួស​គន្លង​ធម៌ ឬ​ប្រពៃណី​ល្អនោះឡើយ ។ កន្លងមក​លោក​ក៏​ធ្លាប់ ឃើញ​កូនស្រី​បាន​ទូរស័ព្ទ​ទំនាក់ទំនងជាមួយ​កំលោះ​កម្ពុជា​រូបនេះ​ជា​ញឹកញាប់ ហើយ​លោក​ក៏​មិនបាន​ហាមឃាត់​អ្វី​ដែរ ដោយសារ​កូនស្រី​ធំ​ពេញវ័យ និង​ចេះគិតគូរ​ខ្លួនឯង​ហើយ ដូចនេះ​ពួកគេ​មានសិទ្ធិ​ក្នុងការ​ស្រឡាញ់​មនុស្ស​ដែល​ខ្លួន ចូលចិត្ត ​ដែល​នេះ​ជា​សិទ្ធិ​របស់​កំលោះ ក្រមុំ​។​

​    ​ចំណែក​ពាក់ព័ន្ធ​នឹង​ការរៀបអាពាហ៍ពិពាហ៍​វិញ លោក​វង្ស​សាវ៉ា​ត់ បាន​គូសបញ្ជាក់ថា មិនទាន់​នៅពេលនេះ​ទេ ហើយ​បញ្ហា​ទាំងអស់​អាស្រ័យលើ​កូនស្រី​ជា​អ្នកសម្រេចចិត្ត​ប៉ុណ្ណោះ​។ ទោះបីយ៉ាងណា លោក​បានធ្វើការច្រានចោល​នូវ​ពាក្យ​ចោទ​និយាយថា នៅពេល​កូនស្រី​របស់លោក​រៀបអាពាហ៍ពិពាហ៍​នឹងមាន​វត្តមាន​លោក ថាក់ស៊ីន​ចូលរួម ដោយ​លោក​បានអះអាងថា​ រឿងនេះ​ជាការ​ចោទប្រកាន់ ហួសហេតុ​និង​មិន​សម​ហេតុផល​។​

​    ​ក្រៅពីនេះ ​លោក​ក៏បាន​សុំ​កុំឱ្យអ្នកនយោបាយ​ថៃ​ ក៏ដូចជា​ម​ជ្ឈ​ដ្នា​នទូទៅ​ចាប់អារម្មណ៍ ឬ​វាយប្រហារ​កូនស្រី​លោក​ឡើយ ព្រោះ​លោក​យល់ថា នេះ​វា​ជា​សិទ្ធិ​រវាង​កំលោះ​ក្រមុំ​ស្រឡាញ់ គ្នា​ដែលជា​រឿង​ធម្មតា ។ លោក​បានបញ្ជាក់​ពី​រឿងនេះ​ថា ”កុំ​យក​រឿងនយោបាយ​មក​ពាក់ព័ន្ធ​ជាមួយ​កូនស្រី​ខ្ញុំ រឿងនេះ​ជា​រឿង​ផ្ទាល់ខ្លួន ហើយ​កុំ​យក​រឿង​កំលោះ​ក្រមុំ​ស្រឡាញ់គ្នា ​ហើយ​យករឿង​នយោបាយ​មក​ពាក់ព័ន្ធ​”​។​

​    ​រីឯ​ប្រភព​ស្និទ្ធ​នឹង​គ្រួសារ​លោក សៀង ណាំ ក៏បាន​អះអាង​បញ្ជាក់​ពី​រឿងនេះ​ថា​ពិតមែន ។ ប្រភព​និយាយថា “...​មិនទាន់មាន​ការភ្ជាប់​ពាក្យ​ទេ តែកញ្ញា​ឈើ​រី បាន​ចេញចូល​កម្ពុជា​ជាធម្មតា​” ៕ S​

Comments system

Disqus Shortname