Friday, July 20, 2012

ជំងឺ​គ្រុន​ឈាម​រីក​រាលដាល​នៅ​ខេត្ត​តាកែវ

មន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា អះអាង​ថា ជំងឺ​គ្រុនឈាម​រាតត្បាត​កុមារ គិត​មក​ដល់​សប្ដាហ៍​ទី​២៧ នៃ​ឆ្នាំ​២០១២ បាន​សម្លាប់​កុមារ ៦០​នាក់ ហើយ​មាន​អ្នក​ជំងឺ​គ្រុន​ឈាម ១៥.៥៩៧​នាក់ បាន​មក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ។
RFA/Ouk Savborey
កុមារ​សម្រាក​ព្យាបាល​ជំងឺ​គ្រុនឈាម នៅ​ក្នុង​មន្ទីរពេទ្យ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១២។



គ្រូ​ពេទ្យ​ខេត្ត​តាកែវ ឲ្យ​ដឹង​ដែរ​ថា ជំងឺ​គ្រុនឈាម​នៅ​ក្នុង​ពេល​នេះ​ត្រូវ​តែ​ប្រកាស​អាសន្ន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ដឹង​អំពី​ការ​រាតត្បាត​នៃ​ជំងឺ និង​ប្រញាប់​យក​កូន​មក​មន្ទីរពេទ្យ នៅ​ពេល​កូន​ក្ដៅ​ខ្លួន​ខ្លាំង និង​ហាម​ប្រើ​ថ្នាំ​ក្រៅ​ពី​ប៉ារាសេតាម៉ុល ដើម្បី​បន្ថយ​កម្ដៅ​ទៅ​តាម​កម្រិត​ទម្ងន់​របស់​កុមារ។
គ្រូពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​កុមារ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ អះអាង​ថា ក្នុង​មន្ទីរពេទ្យ​នេះ​បាន​ទទួល​កុមារ​រាល់​ថ្ងៃ​ជាង ២០​នាក់ ដែល​សង្ស័យ​កើត​ជំងឺ​គ្រុនឈាម។
អនុ​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ វេជ្ជបណ្ឌិត តែ វ៉ាន់ថា ថ្លែង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​១៧ ខែ​កក្កដា ថា ជំងឺ​គ្រុនឈាម កំពុង​រាតត្បាត​កុមារ​កើន​ឡើង​ពី​មួយ​សប្ដាហ៍​ទៅ​សប្ដាហ៍​នៅ​ក្នុង​រដូវ​ វស្សា​នេះ។
លោក​ថា កុមារ​ឈឺ​គ្រុនឈាម​ដែល​គ្រូពេទ្យ​ទទួល​ឲ្យ​សម្រាក​មាន ៦០​នាក់ ហើយ​មាន​កុមារ​ជិត ៥០ ទៅ ៦០​នាក់​ទៀត កំពុង​រង់ចាំ​គ្រូពេទ្យ​ជួយ​សង្គ្រោះ។ តែ​គ្រូពេទ្យ​មមាញឹក​ព្យាបាល មិន​ទាន់​ជោះ​យក​ឈាម​គ្រប់​អ្នក​ជំងឺ​ថ្មី​យក​ទៅ​វិភាគ​នៅ​ឡើយ។
លោក​វេជ្ជបណ្ឌិត តែ វ៉ាន់ថា បន្ត​ថា ជំងឺ​គ្រុនឈាម​ក្នុង ៣​ខែ​ចុង​ក្រោយ​នេះ​មាន​កុមារ​ជាង ៣០០​នាក់ បាន​មក​សម្រាក​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ៖ «មាន​កូន​ឈឺ​ សង្ស័យ​មាន​គ្រុនឈាម គួរ​ចៀសវាង​កុំ​ប្រើប្រាស់​សេវា​នៅ​ក្នុង​ភូមិ ជួន​កាល​វា​ជា​ការ​ដាក់​សេរ៉ូម​នៅ​ផ្ទះ​នោះ វា​ធ្វើ​ឲ្យ​ក្មេង​រឹតតែ​គ្រោះថ្នាក់​ថែម​ទៀត ធ្វើ​ឲ្យ​ក្មេង​លើស​ជាតិ​ទឹក ហើយ​គាត់​ភ្លេច​គិត​ថា ក្មេង​វា​នឹង​វិវឌ្ឍន៍​ចូល​ដំណាក់កាល​មួយ​ធ្ងន់ធ្ងរ នៅ​ថ្ងៃ​ទី​៤ ទី​៥ ហើយ​យើង​ពិបាក​ជួយ​សង្គ្រោះ»
ស្ត្រី​មក​ពី​ភូមិ​ព្រៃទូក ឃុំ​អង្កាញ់ ស្រុក​ទ្រាំង ខេត្ត​តាកែវ អះអាង​ថា កូន​ប្រុស​គាត់​អាយុ​ជាង ៤​ឆ្នាំ​ក្ដៅ​ខ្លួន​ខ្លាំង និង​ស្រែក​ឈឺ​ក្នុង​ពោះ។ គាត់​ព្យាបាល​កូន​ដោយ​គ្រូពេទ្យ​ភូមិ ២​ថ្ងៃ កូន​គាត់​នៅ​តែ​ក្ដៅ​ត្រជាក់ៗ។ កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​១៦ កក្កដា គាត់​សង្ស័យ​កូន​ឈឺ​គ្រុនឈាម ក៏​បាន​យក​កូន​មក​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ៖ «ម្សិលមិញ​វា​ប្រកាច់ រឹង​ដៃ​រឹង​ជើង ហើយ​ភ្នែក​ស្លឺ​ឡើង​លើ»
កុមារា​ឈ្មោះ ឡុង ផេង អាយុ ១៣​ឆ្នាំ កំពុង​តែ​មាន​ឈាម​ហូរ​តាម​ច្រមុះ ដៃ​ជាប់​សេរ៉ូម ឲ្យ​ដឹង​ថា គាត់​ក្ដៅ​ខ្លួន ៤​ថ្ងៃ​ហើយ។ គ្រូពេទ្យ​បាន​ជោះ​ឈាម​គាត់​យក​ទៅ​ពិនិត្យ ដឹង​ថា គាត់​ឈឺ​គ្រុន​ឈាម។ គ្រូពេទ្យ​កំពុង​ជួយ​សង្គ្រោះ ប៉ុន្តែ​គាត់​នៅ​តែ​ហូរ​ឈាម​តាម​ច្រមុះ៖ «ក្ដៅ​ញាក់ៗ ហើយ​ឈឺ​ក្បាល»
យុវជន​អាយុ ១៥​ឆ្នាំ ឈ្មោះ សុភ័គ្រ មក​ពី​ភូមិ​២ ឃុំ​រកាក្នុង ក្រុង​ដូនកែវ ខេត្ត​តាកែវ ឲ្យ​ដឹង​ថា គាត់​ទៅ​ការ​បង​នៅ​ខេត្ត​បាត់ដំបង ហើយ​បាន​ក្ដៅ​ខ្លួន។ គ្រូពេទ្យ​នៅ​បាត់ដំបង ក្រោយ​ពី​ជោះ​ឈាម​គាត់​រួច​ប្រាប់​ថា គាត់​មាន​ជំងឺ​គ្រុន​ឈាម និង​គ្រុនពោះវៀន។ គាត់​ត្រូវ​ក្រុម​គ្រួសារ​ដឹក​មក​ព្យាបាល​បន្ត​នៅ​ខេត្ត​តាកែវ កាល​ពី​យប់​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​កក្កដា។ គ្រូពេទ្យ​ខេត្ត​តាកែវ ទើប​ជោះ​ឈាម​ មិន​ទាន់​ប្រាប់​ថា គាត់​មាន​ជំងឺ​អ្វី​នៅ​ឡើយ ប៉ុន្តែ​គ្រូពេទ្យ​បាន​ចាក់​សេរ៉ូម និង​ផ្ដល់​ថ្នាំ​លេប​បន្ថយ​កម្ដៅ គាត់​នៅ​តែ​ក្ដៅ​ខ្លួន​ខ្លាំង ចុក​ក្នុង​ពោះ និង​ឈឺ​ក្បាល។
ប្រធាន​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់ បារ៉ាស៊ីតសាស្រ្ត បាណកសាស្រ្ត នៃ​ក្រសួង​សុខាភិបាល វេជ្ជបណ្ឌិត ច ម៉េងចួ ថ្លែង​ថា ក្រសួង​ជូន​ដំណឹង​ដល់​សាធារណជន​ឲ្យ​ប្រុង​ប្រយ័ត្ន​ជំងឺ​គ្រុន​ឈាម នៅ​ក្នុង​ឆ្នាំ​២០១២ អាច​មាន​ការ​រាតត្បាត​ប្រហាក់ប្រហែល​ឆ្នាំ​២០០៧ កន្លង​ទៅ។
លោក​មាន​ប្រសាសន៍​បន្ត​ថា គិត​ដល់​ថ្ងៃ​៧ ខែ​កក្កដា មាន​កុមារ​កើត​ជំងឺ​គ្រុនឈាម ១៥.៥៩៧​នាក់ ក្នុង​នោះ​បាន​ស្លាប់ ៦០​នាក់។ កុមារ​ស្លាប់ និង​កើត​ជំងឺ​គ្រុនឈាម​ភាគ​ច្រើន​មាន​អាយុ​ពី ៥​ឆ្នាំ ទៅ ៩​ឆ្នាំ។ លោក​ថា អ្នក​ជំងឺ​គ្រុនឈាម​ដែល​មក​ពី​ខេត្ត​តាកែវ កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ក្រុង​ភ្នំពេញ មាន ៥៣៦​នាក់ ក្នុង​នោះ​បាន​ស្លាប់ ២​នាក់។
អនុ​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ វេជ្ជបណ្ឌិត តែ វ៉ាន់ថា ឲ្យ​ដឹង​ថា ក្រៅ​ពី​ជំងឺ​គ្រុនឈាម ជំងឺ​គ្រុន​ឈីក (CHIKV) ក៏​មាន​កើត​លាយ​ឡំ​ដែរ។ ក្រុម​គ្រូពេទ្យ​មក​ពី​ក្រសួង​សុខាភិបាល បាន​ចុះ​យក​ឈាម​អ្នក​ជំងឺ​ទៅ​ពិនិត្យ។ លោក​សុំ​ឲ្យ​ពលរដ្ឋ​ទូទៅ​រហ័ស​យក​កូន​មក​កាន់​មន្ទីរពេទ្យ​នៅ​ពេល​កូន​ចៅ​ មាន​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង និង​ក្ដៅ​សន្លឹម។
របាយការណ៍​ក្រសួង​សុខាភិបាល​បង្ហាញ​ថា អត្រា​គ្រុន​ឈាម​ខ្ពស់ គឺ​ខេត្ត​បន្ទាយមានជ័យ កំពង់ស្ពឺ ឧត្តរមានជ័យ សៀមរាប និង​ខេត្ត​កណ្ដាល។ គ្រុនឈាម​កំពុង​ផ្ទុះ​រាតត្បាត គឺ​ខេត្ត​ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង​ខេត្ត​កែប។
ករណី​ឈឺ​កើន​ឡើង​ដោយ​មូលហេតុ ៤​យ៉ាង គឺ​ទី​១ ដោយ​ឆ្នាំ​២០១២ ជា​ឆ្នាំ​ទី​៥ នៃ​វដ្ដ​ការ​រាតត្បាត រាប់​ពី​ឆ្នាំ​២០០៧ មក។ នៅ​ឆ្នាំ​២០១២ សន្ទស្សន៍​មូស​ខ្ពស់​ជាង​ឆ្នាំ​២០០៧ ច្រើន​ខ្លាំង។ ទី​២ ដោយ​សន្ទស្សន៍​អ្នក​ជំងឺ​ដើម​ឆ្នាំ​២០១២ ខ្ពស់​ជាង​ឆ្នាំ​២០០៧ ដែល​ជា​ឆ្នាំ​រាតត្បាត​ធំ។ ទី​៣ ដោយ​ប្រជាពលរដ្ឋ​បាន​យក​កូន​មក​ព្យាបាល​នៅ​សេវា​សាធារណៈ តាម​ការ​អំពាវនាវ​របស់​ក្រសួង។ ទី​៤ កុមារ​ជាង ១​ម៉ឺន​នាក់​ដែល​គ្រូពេទ្យ​ព្យាបាល វិនិច្ឆ័យ​ថា គ្រុន​ឈាម​តាម​ពិត​មិន​មែន​សុទ្ធតែ​គ្រុន​ឈាម​ទាំង​អស់​ទេ គឺ​មាន​ច្រឡំ​គ្រុន​ឈីក ព្រោះ​ថា គ្រុន​ឈីក​មួយ​ចំនួន​មាន​សញ្ញា​ប្រហែល​គ្រុន​ឈាម​ប្រភេទ​ស្រាល។
របាយការណ៍​ដដែល​សរសេរ​ថា ការ​ពិនិត្យ​ឈាម​ដែល​រើស​ដោយ​ចៃដន្យ​យក​មក​វិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ចំនួន ៥០​នាក់ នៅ​ខេត្ត​បន្ទាយមានជ័យ និង​ឧត្តរមានជ័យ ឃើញ​ថា ៤២% វិជ្ជមាន​វីរុស​គ្រុនឈាម ៤៦% វិជ្ជមាន​វីរុស​គ្រុន​ឈីក ២% វិជ្ជមាន​វីរុស​គ្រុន​ឈាម​ផង​គ្រុន​ឈីក​ផង និង ១២% អវិជ្ជមាន​វីរុស​គ្រុន​ឈាម ឬ អវិជ្ជមាន​វីរុស​គ្រុន​ឈីក៕

Comments system

Disqus Shortname