Friday, July 20, 2012

លួច​ម៉ូតូ ពី​ព្រះអង្គ​ដង​កើ ទៅ​ផ្ញើ​នៅ​កាល់ម៉ែត ម្ចាស់​ចាំ​ក្របួច​ជាប់​

 បុរស​ម្នាក់ ត្រូវ​ម្ចាស់​ម៉ូតូ រួមទាំង​សន្តិសុខ យាម​កង់​ម៉ូតូ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ចាប់​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច លួច​ម៉ូតូ​មួយគ្រឿង​ពី​ម្តុំ​ព្រះអង្គ​ដង​កើ​មុខ​វាំង រួច​យកទៅ​ផ្ញើ​នៅ​កាល់ម៉ែត កាលពី​វេលា​ម៉ោង ១០ និង ៤៥ នាទី​ព្រឹក ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១២ នៅ​ចំណុច​កន្លែងផ្ញើកង់​ម៉ូតូ ពេទ្យ​កាល់ម៉ែត​ខាងត្បូង ផ្លូវ​មុនី​វង្ស ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​សមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យ ឈ្មោះ លៀប ហេង អាយុ ៣៤​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ មាន​ស្រុកកំណើត នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

​សមត្ថកិច្ច​ដក បានមក​វិញ​នូវ​វត្ថុតាង​ម៉ូតូ​ម៉ាកវីវ៉ា ស៊េរី​ឆ្នាំ​២០០៦ ពណ៌​ខ្មៅ​ពាក់​ស្លាក​ភ្នំពេញ 1W-9300 ជា​របស់​ជនរងគ្រោះ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ សុខ រាណ អាយុ ២៨​ឆ្នាំ ជា​កម្មករសំណង់​ស្នាក់នៅ​ផ្ទះជួល ម្តុំ​វត្ត​នាគ​វ័ន សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​។​

​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ៨ និង ៣០ នាទី យប់ ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១២ ខ្លួន​បាន​នាំ​ប្រពន្ធ​ទៅ​អុច​ធូប នៅ​ព្រះអង្គ​ដង​កើ មុខ​វាំង ដោយ​មិនបាន​ផ្ញើ​ទេ តែ​បាន​ចាក់សោ​រក​ត្រឹមត្រូវ​។ ខណៈ​អុច​ធូប​រួច មករក​ម៉ូតូ​ស្រាប់តែ​បាត់ ក៏​ទៅប្តឹង​សមត្ថកិច្ច និង​ដើររក​តាម​កន្លែង​ទទួល​ផ្ញើ​ផ្សេងៗ​។

​ពេល​មករក​កន្លែង​ផ្ញើ កង់​ម៉ូតូ​នៅ​កាល់ម៉ែត ស្រាប់តែ​ឃើញ ពេលនោះ ខ្លួន​ក៏បាន​សហការ​ជាមួយ​ក្រុម​សន្តិសុខ​ពេទ្យ រួមទាំង​សមត្ថកិច្ច តាំងពី​យប់​រហូតដល់​ម៉ោង​កើតហេតុ ទើប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៕

Comments system

Disqus Shortname