ក្រុមមន្ត្រីសិទ្ធិមនុស្សជាតិនិងអន្តរជាតិនិយាយថា
សមាគមអាស៊ានដែលកម្ពុជាជាប្រធាន ចាំបាច់ត្រូវតាក់តែងសេចក្តីព្រាង
សេចក្តីប្រកាសសិទ្ធិមនុស្សរបស់ខ្លួនឲ្យមានកម្រិតបទដ្ឋានអន្តរជាតិ
និងបើកទូលាយឲ្យសង្គមស៊ីវិលគ្រប់ប្រទេសចូលរួមពិភាក្សាក្នុងការ
តាក់តែងសេចក្តីព្រាងនេះ មុនពេលអនុម័ត។
សេចក្តីព្រាងសេចក្តីថ្លែងការណ៍សិទ្ធិមនុស្សអាស៊ាន
ដែលវីអូអេទទួលបាន មានចំណុចជាច្រើន
ដែលមន្ត្រីសង្គមស៊ីវិលមិនទទួលយក។
ក្នុងនោះរួមទាំងត្រង់ចំណុចគោលការណ៍ទូទៅបានបញ្ជាក់ថា៖
«ការអនុវត្តសិទ្ធិមនុស្សនិងសិទ្ធិសេរីភាព
ជាមូលដ្ឋានត្រូវមានកម្រិតជាក់លាក់គឺតាមតម្រូវការត្រឹមត្រូវនៃ
សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ សុខភាពមហាជន សុវត្ថិភាពសាធារណៈ
សីលធម៌សាធារណៈ
ក៏ដូចជាសុខមាលភាពជាទូទៅនៃពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ»។
ក្រុមមន្ត្រីសង្គមស៊ីវិល ដែលអះអាងថា
មិនបានទទួលសេចក្តីព្រាងសេចក្តីប្រកាសសិទ្ធិមនុស្សនេះ
បានចាត់ទុកថា ចំណុចទាំងនេះមានការចែងមិនច្បាស់លាស់
ដែលងាយស្រួលក្នុងការបកស្រាយ
តាមការចង់បានរបស់រដ្ឋាភិបាលទាក់ទងនឹងវិស័យសិទ្ធិមនុស្ស។
មន្ត្រីសិទ្ធិមនុស្សចាត់ទុកថា ជាការខ្វះបទដ្ឋានអន្តរជាតិ។
លោកស្រី ពុង ឈីវកេក នាយិកាអង្គការសិទ្ធិមនុស្សលីកាដូក្នុងប្រទេសកម្ពុជាបានអះអាងថា៖
«វាមានចំណុចអញ្ចឹង។ យើងមិនចង់ឃើញអញ្ចឹងទេ ព្រោះអីសិទ្ធិមនុស្សនៅក្នុងពិភពលោកគេទទួលស្គាល់ទាំងអស់ហើយ»។លោកស្រី ពុង ឈីវ កេកបានអះអាងបន្ថែមថា អាស៊ានបានរិតត្បឹតក្រុមសង្គមស៊ីវិលមិនឲ្យពិនិត្យខ្លឹមសារ សេចក្តីព្រាង និងជួបប្រជុំជាមួយនឹងមន្ត្រីប្រទេសអាស៊ានទាំង១០ទេ ជាពិសេស មន្ត្រីគណកម្មការអន្តររដ្ឋាភិបាលស្តីពី សិទ្ធិមនុស្សអាស៊ានហៅកាត់ថា «អៃឆា-AICHR» ដែលតាក់តែងសេចក្តីព្រាងនេះ។
«ត្រូវតែបើកចំហ មិនត្រូវមានកម្រិតទេ។ អ្នកណាដែលចង់ចូលរួម មានសមត្ថភាពចូលទៅជជែកអី សូមមេត្តាអនុញ្ញាតឲ្យចូលទៅ ដើម្បីផ្តល់យោបល់ ដើម្បីយើងបានសេចក្តីប្រកាសមួយរបស់អាស៊ាន ជាឯកសារមួយល្អសម្រាប់ប្រជាពលរដ្ឋនៅក្នុងតំបន់អាស៊ាន»។
លោកស្រី ពុង ឈីវកេកបានអះអាងថា ប្រទេសអាស៊ានមានកេរ្តិ៍ឈ្មោះល្បីរន្ទឺលើពិភពលោក ដែលគួរធ្វើសេចក្តីថ្លែងការណ៍មួយស្របតាមស្តង់ដារអន្តរជាតិ ដូចក្នុងអ.ស.ប. និងសហភាពអឺរ៉ុប។
លោក Shiwei Ye តំណាងអចិន្ត្រៃយ៍នៃអង្គការសិទ្ធិមនុស្សក្នុងប្រទេសបារាំង ដែលមានឈ្មោះថា សហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (IFHR)។ លោកបាន ថ្លែងថា អាស៊ានមានឱកាសបង្កើតសេចក្តីថ្លែងការណ៍សិទ្ធិមនុស្ស ប្រសើរជាងគេ។ លោកថ្លែងយ៉ាងដូច្នេះដោយយោងថា ត្រូវបើកឱកាសឲ្យមានការចូលរួមពិភាក្សាពីក្រុមអង្គការសង្គមស៊ីវិល ដើម្បីចូលរួមពាក់ព័ន្ធក្នុងដំណើរការតាក់តែងសេចក្តីថ្លែងការណ៍នេះ ហើយមិនជជែកជាសម្ងាត់។
«ដូច្នេះប្រសិនបើអាស៊ានអនុម័តសេចក្តីថ្លែងការណ៍ដែលទាបជាង បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិនោះ វាមិនអាចទទួលយកបានទេ ពីព្រោះរដ្ឋជាសមាជិកអាស៊ានដែលជាសមាជិកអ.ស.ប.ត្រូវតែអនុវត្តតាម បទដ្ឋានអប្បបរិមាទាំងនោះ»។
បណ្តាប្រទេសជាច្រើននៃសមាគមអាស៊ានមានកំណត់ត្រា
សិទ្ធិមនុស្សមិនល្អដូចជាភូមា វៀតណាម កម្ពុជាជាដើម។
បញ្ហានេះត្រូវក្រុមអ្នកសង្កេតការណ៍បញ្ជាក់ថា
អាស៊ានពិបាកក្នុងការពិភាក្សាបញ្ហាសិទ្ធិមនុស្ស
ដោយបើកចំហដែលនាំឲ្យប៉ះពាល់ដល់កិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក
មួយៗ ដែល ច្បាប់អាស៊ានហាមឃាត់។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ពីការទទួលខុសត្រូវ
ប្រទេសសមាគមអាស៊ានក្នុងការគោរពសិទ្ធិមនុស្ស ធ្វើឲ្យប្រសើរ
និងការពារសិទ្ធិមនុស្សជាដើម។
មន្ត្រីផ្លូវការកម្ពុជាបានអះអាងថា មេដឹកនាំសមាគមអាស៊ាន
និងអនុម័តសេចក្តីថ្លែងការណ៍សិទ្ធិមនុស្សនេះនៅក្នុងកិច្ចប្រជុំ
កំពូលអាស៊ានក្នុងខែវិច្ឆិកាខាងមុខ
បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសបានត្រួតពិនិត្យរួចកាលពី
ម្សិលម៉ិញ។
គណកម្មការសិទ្ធិមនុស្សអាស៊ានគ្រោងនឹងបញ្ចប់សេចក្តីព្រាងចុងក្រោយ
នៅក្នុងខែតុលា។ រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនខ្ញុំ ខេមរាវីអូអេ៕