ភ្នំពេញ:
ការប្រកួតកីឡាប្រដាល់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១២
បើគិតត្រឹមថ្ងៃពុធម្សិលមិញនេះ
ហាក់ដូចជាទទួលបាននូវលទ្ធផលល្អដ៏គួរឲ្យកត់សម្គាល់
ដោយទទួលបាននូវការចាប់អារម្មណ៍ពីសំណាក់អ្នកទស្សនា
រីឯមន្ត្រីរៀបចំការប្រកួតអះអាងថា
គ្មានបាតុភាពអវិជ្ជមានជាដុំកំភួននោះឡើយ។
កាលពីថ្ងៃអង្គារ
នៅសង្វៀនខាងក្នុងសាលដំបូលទូកនៃពហុកីឡដ្ឋាន ជាតិ
ការប្រកួតចំនួន៣៥គូដែលមាន៥ប្រភេទទម្ងន់ផ្សេងៗគ្នា
ទទួលនូវការជក់ចិត្តយ៉ាងខ្លាំង
ទាំងពីសំណាក់គណៈកម្មការរៀបចំការប្រកួត ទាំងអ្នកទស្សនាផ្ទាល់
ជាពិសេសជំនួបរវាង ម៉ន វិរៈ មកពីក្លិបព្រែកឯង និងមាស ឆវ័ន្ត
មកពីខេត្តបន្ទាយមានជ័យ។
តាមកំណត់ត្រាអ្នកយកព័ត៌មានភ្នំពេញ
ប៉ុស្តិ៍ ដែលប្រចាំការនៅសង្វៀនផ្ទាល់
មហាជនដែលមកទស្សនាផ្ទាល់មានការកើនឡើងជាលំដាប់បន្ទាប់ពីមាន
ការជម្រុះអ្នកខ្សោយ ហើយនៅសល់តែអ្នកខ្លាំង។
ក្នុងចំណោម៣៥
គូ ទាំងសាកល
និងទាំងក្បាច់បុរាណមានអ្នកប្រដាល់ដែលមានសមត្ថភាពប្រកួតតស៊ូបាន
៥ទឹក (គឺចាញ់ឈ្នះដោយពិន្ទុ) ចំនួន៩គូ កីឡាករអវត្តមានចំនួន៥គូ
អាជ្ញាកណ្តាលបញ្ឈប់មិនដល់ស្នូរជួងទឹកទី៥ ចំនួន៨គូ
និងអ្នកឈ្នះដោយផ្តួលដៃគូឲ្យសន្លប់ចំនួន១០គូ។
យោងតាម
ប្រភពពីគណៈកម្មការរៀបចំការប្រកួត
កីឡាករដែលអាជ្ញាកណ្តាលបានបញ្ឈប់ រងរបួស ឬបោះបង់ការប្រកួតនោះ
ដោយសារតែអ្នកខ្លះចាប់គូប៉ះអ្នកមានសមត្ថភាព
អ្នកខ្លះខ្ពស់ទាបខុសគ្នា អ្នកខ្លះស្ថិតក្នុងក្លិបតែមួយ។
រីឯអ្នកខ្លះទៀតឈឺ
ក្រោយឆ្លងកាត់ការប្រកួតអស់រយៈពេលប៉ុន្មានថ្ងៃមក។
លោក ម៉ិល
កាដូ លេខាអចិន្រៃ្តយ៍នៃគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា
ការប្រកួតពីដំបូងគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៤ ខែកក្កដា
ប៉ុន្តែបើផ្អែកទៅតាមស្ថានភាពជាក់ស្តែងនឹងត្រូវបញ្ចប់សព្វគ្រប់
នៅថ្ងៃទី២១ ខែកក្កដា វិញ។
លោកបានបន្តឲ្យដឹងថា
ទោះបីជាយ៉ាងនេះក្តីការប្រកួតនេះនឹងចាប់ផ្តើមផ្តល់រង្វាន់ជា
បណ្តើរៗចាប់ពីថ្ងៃទី១៩ ខែកក្កដា
ដល់កីឡាករក្នុងប្រភេទទម្ងន់ណាដែលបានប្រកួតផ្តាច់ព្រ័ត្ររួចហើយ
ដើម្បីកាត់បន្ថយចំនួនកុំឲ្យច្រើនពេកនាពេលបិទកម្មវិធីនៅថ្ងៃ
សៅរ៍នេះ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា
បានមានប្រសាសន៍ថា ឆ្លងកាត់ការប្រកួតរយៈពេល៨ថ្ងៃកន្លងមកនេះ
មិនមានបាតុភាពអវិជ្ជមានកើតឡើងឡើយ ដោយគុណភាព
និងសមត្ថភាពនៃការប្រកួតអាចទទួលយកបាន
ជាពិសេសអ្នកចាញ់គឺចាញ់ដោយអស់ចិត្ត។
លោកបានបញ្ជាក់ថា៖
«គិតមកដល់ពេលនេះ យើងរៀបចំការប្រកួតបានល្អ និងលឿន
បើទោះបីជានៅចុងសប្តាហ៍
យើងត្រូវបញ្ជូនក្រុមអាជ្ញាកណ្តាលទៅដឹកនាំការប្រកួតនៅតាម
ស្ថានីយទូរទស្សន៍នានាក៏ដោយ»។
លោក ស្វាយ ផល្លា
គ្រូពេទ្យប្រចាំសង្វៀន បានឲ្យដឹងថា រយៈពេល៧ថ្ងៃកន្លងមកនេះ
គ្រោះថ្នាក់ធំមានតែកីឡាករពីរនាក់ប៉ុណ្ណោះដែលម្នាក់បាក់ឆ្អឹងដៃ
និងម្នាក់ទៀតបាក់ឆ្អឹងដងកាំបិត
ក្រៅពីនេះមានបញ្ហារបួសបន្តិចបន្តួចប៉ុណ្ណោះ ដូចជាការដេរ៥ថ្នេរ
និងយ៉ាងច្រើន១០ថ្នេរ។
លោកបានបន្តឲ្យដឹងថា
សម្រាប់ថ្នាំពេទ្យ សម្ភារបរិក្ខារពេទ្យ ត្រូវបានក្រសួងអប់រំ យុវជន
និងកីឡា ទំនុកបម្រុងយ៉ាងគ្រប់គ្រាន់។
សម្រាប់គូដ៏ជក់ចិត្តដិតអារម្មណ៍នៅថ្ងៃទី១៨ ខែកក្កដា ពេលល្ងាចមានដូចខាងក្រោម៖
ក្បាច់
បុរាណទម្ងន់៥៧គីឡូក្រាម សេក គឹមផាន ឈ្នះ ឡា ឈិនលាង ហេង គា ឈ្នះ ខាំ រឿន
សួង សុវណ្ណថា ឈ្នះ យុគ យក្យផ្លែ ខណៈ ទេស សំខាន់ ឈ្នះ ចន្ថា សារ៉ាន់។
រីឯការប្រកួតទម្ងន់៦០គីឡូក្រាម ឈិន ក្វាន់ង៉ុយ ឈ្នះ ផង់ សម្ផស្ស កន
ចន្ថា ឈ្នះ សេរី រតនា យស់ សំអាល់ ឈ្នះ សុខ រ៉ា សៀង ហុង ឈ្នះ ផុន ផល។
ដោយឡែកក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ឡុង សុភី ឈ្នះ ខុន ចាន់ថន វង្ស
ណយ ឈ្នះ សេក គឹមគីម សេន ប៊ុនថេន ឈ្នះ ឌុន រដ្ឋា ដែលអវត្តមាន វ៉ោយ សុធន
ឈ្នះ ប៉ែត រ៉ាម៉ាន់។ ជំនួបរវាង សេក កុងកា និង អ៊ុំ បូទីណា
គឺជាគូដ៏ជក់ចិត្តជាងគេ
ដោយអ្នកទាំងពីរប្រកួតបាន៥ទឹកពេញដែលក្រោយមក សេក កុងកា
ឈ្នះដោយពិន្ទុ។
រីឯគូសាកលក្នុងទម្ងន់៧៥គីឡូក្រាមវិញ ហ៊ិន
សៃហេង បានបំបាក់ ទឹម សាន ទឹកទីមួយ ខណៈ វ៉ន វីវ៉ា ឈ្នះ ឡុង សុវណ្ណឌឿន
ទាំងវេទនា៕