លិខិតរបស់បណ្ដុំស្ត្រី ស្ដីពី អាស៊ាន ផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ចុះថ្ងៃទី៦ ខែកក្កដា បានអោយដឹងថា ក្រុមអង្គការទាំងជាង៦០ មានមូលដ្ឋាននៅក្នុងបណ្ដាប្រទេសសមាជិកអាស៊ានទាំង១០ ព្រួយបារម្ភថា ចំពោះចំណុចខ្លះនៃសេចក្ដីព្រាង សេចក្ដីប្រកាសស្ដីពី សិទ្ធិមនុស្ស អាស៊ាន ជាពិសេសចំពោះសីលធម៌សង្គម ដែលអាចនឹងធ្វើអោយប៉ះពាល់ដល់សិទ្ធិនារី។
លិខិតដដែលបន្តថា ការគោរពសីលធម៌សាធារណៈ (public morals) មានចែងនៅក្នុងមាត្រាសេចក្ដីប្រកាសជាសកល ស្ដីពី សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប៉ុន្តែចំណុចនេះនឹងក្លាយជាចំណុចខ្វះចន្លោះ ដែលនាំទៅដល់ការរំលោភសិទ្ធិនារី ប្រសិនបើគេយកទៅបកស្រាយមិនត្រឹមត្រូវទៅតាមបរិបទនៃបណ្ដាប្រទេស នីមួយៗ។
នាយិកាអង្គការ សីលកា និងជាតំណាងបណ្ដុំស្ត្រីកម្ពុជា អ្នកស្រី ធីតា ឃិះ មានប្រសាសន៍ថា ប្រសិនបើពុំបានចែងអោយបានជាក់លាក់ត្រង់ចំណុចនេះទេ តម្លៃនៃសេចក្ដីប្រកាសស្ដីពី សិទ្ធិមនុស្ស អាស៊ាន និងទាបជាងបទដ្ឋានធានាសិទ្ធិរបស់អង្គការសហប្រជាជាតិ។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចសុំការអធិប្បាយពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានទេ នៅរសៀលថ្ងៃសៅរ៍ ទី៧ ខែកក្កដា។
ក្រុមអង្គការសង្គមស៊ីវិលនៃបណ្ដុំស្ត្រី បានជួបប្រជុំពិគ្រោះយោបល់ ជាមួយគណៈកម្មាធិការអន្តររដ្ឋាភិបាលទទួលបន្ទុកសិទ្ធិមនុស្ស អាស៊ាន និងបានដាក់សំណើទាក់ទិននឹងសិទ្ធិនារី ហើយគណៈកម្មាធិការមួយនេះ ក៏បានទទួលយកសំណើនោះដែរ។ ប៉ុន្តែក្រុមអង្គការទាំងនោះយល់ថា សំណើទាំងនោះ គួរតែត្រូវបានពិចារណាដោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ដែលគ្រោងនឹងពិនិត្យឡើងវិញពីសេចក្ដីព្រាងសេចក្ដីប្រកាសស្ដីពី សិទ្ធិមនុស្ស អាស៊ាន នៅសប្ដាហ៍ក្រោយ៕