Wednesday, July 18, 2012

ក្រុម​យុវជន​ចុះ​វាស់​ដី​ប្រឈម​បញ្ហា

ភ្នំពេញៈ ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ដែល​ចុះ​ទៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំង​ ប្រទេស​កម្ពុជា ដើម្បី​វាស់​វែង​ដីធ្លី​ចែក​ជូន​ប្រជាជន​ដែល​រស់​នៅ​លើ​ដីព្រៃ​សម្បទាន​មាន​ ជម្លោះ តាំង​ពី​ខែ​មិថុនា តាម​បទ​បញ្ជា ០១ របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​ជួប​បញ្ហា​ប្រឈម​ខ្លះៗ​ក្នុង​ការ​បំពេញ​ភារកិច្ច នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន។
ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ប្រើ​ឯក​ សណ្ឋាន​កងទ័ព តែ​ពាក់​ស្លាក​សម្គាល់ ក្រសួង​រៀបចំ​ដែន​ដី​នគរូបនីយ​កម្ម​និង​​សំណង់​បាន ចេញ​ដំណើរ​ដំបូង​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្ពោះ ទៅ​កាន់​ខេត្ត​ចំនួន​១៣ នៅ​ក្នុង​ប្រទេស មាន ខេត្ត​កំពង់​ឆ្នាំង ពោធិ៍​សាត់ បាត់​ដំបង បន្ទាយ​មាន​ជ័យ កំពង់​ចាម កំពង់​ធំ ក្រចេះ ព្រះ​វិហារ កំពង់​ស្ពឺ កំពត រតនគិរី មណ្ឌល​គិរី និង​ខេត្ត​ស្ទឹង​ត្រែង ​សរុប​ចំនួន​១.១៧៨​នាក់ ក្នុង​យុទ្ធនាការ​វាស់​ដីធ្លី​ប្រមាណ ១.២០០.០០០​ហិកតា នៅ​ទូទាំង​ប្រទេស ជូន​ប្រជា​ពលរដ្ឋ​ចំនួន ៣៥០.០០០​គ្រួសារ។
លោក ឈឿន យ៉ង អាយុ២៥ឆ្នាំ ជា​និស្សិត​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្រ្ត​និង​វិទ្យា​សាស្ត្រ សេដ្ឋ​កិច្ច​ដែល​បាន​ចុះ​វាស់​វែង​ដី​នៅ​ក្នុង​ឃុំ​បន្ទាយ​ឆ្មារ ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា ក្រុម​លោក​កំពុង​ពុះពារ​ឧបសគ្គ​ដើម្បី​អនុវត្ត​ទៅ​តាម​ផែន​ការ បើ​ទោះ​ជា​ប្រឈម​នឹង​បញ្ហា​ខ្លះ​ៗ​ក៏​ដោយ។ លោក​ថា៖ «​ពួក​យើង​មាន​ការ​លំបាកខ្លះ ដូច​ជា ខ្វះ​ទឹក​ស្អាត​ត្រូវ​ដេក​នៅ​ក្នុង​វត្ត​អារាម តែ​នេះ​មិន​បញ្ហា​ទេ យើង​អាច​ទ្រាំ​បាន អ្វី​ដែល​ពួក​យើង​បារម្ភ​បំផុត គឺ​កន្លែង​មាន​មីន ​នៅ​ពេល​ដើរ​បោះ​ព្រំ​ប្រទល់​ដី​ឲ្យ​ប្រជា​ពលរដ្ឋ គឺ​ពួក​យើង​នឹក​ភ័យ​ខ្លាច​ជានិច្ច»។
លោក​បន្ត​ថា ការ​ងារ​យើង​លំបាក​ច្រើន គឺ​ត្រូវ​ដើរ​កាត់​ព្រៃ​ភ្នំដែល​មាន​ចម្ងាយ​ឆ្ងាយ ដើម្បី​ពិនិត្យ​បោះ​ព្រំដី​ឲ្យ​ពលរដ្ឋ ហើយ​ពួក​យើង​ក៏​មិន​អាច​ខ្វះ​មន្ត្រី​ជំនាញ​បាន​ដែរ ពី​ព្រោះ​យើង​រៀន​បាន​តែ​ពីរ​ថ្ងៃ មិន​អាច​ធ្វើ​ការ​ដោយ​គ្មាន​ការ​ជួយ​ពី​មន្ត្រី​ជំនាញ​ទេ​។ លោក​ថា​ ៖ «​យើង​រស់​នៅ​ភ្នំពេញ​ស្រួល តែ​ពេលមក​តាម​ជន​បទ យើង​ក៏​ធុញ​ទ្រាន់​ខ្លះដែរ ពី​ព្រោះ​មួយ​ថ្ងៃៗ​ឃើញ​តែ​ព្រៃ​ភ្នំ តែ​ឥឡូវ​យើង​បាន​ស៊ាំ​ខ្លះៗ​វិញ​ហើយ»។
លោក ​បញ្ជាក់​ដែរ​ថា ក្រុម​លោកពុំ​សូវ​ជួប​នឹង​ទំនាស់​ជាមួយ​ក្រុម​ហ៊ុន​ទេ តែ​ក្រុម​ដទៃ​ប៉ះ​ទង្គិច​នឹង​ក្រុម​ហ៊ុន​ខ្លះ ខណៈ​គេ​មិន​ព្រម​សហការ​។ បញ្ហា​ដែល​ក្រុម​បាន​ជួប​នោះ គឺ​ថា​ពលរដ្ឋ​តែង​ចោទ​ថា​ «ក្រុម​ហ៊ុន​យក​ដីពួក​គាត់ រីឯ​ខាង​ក្រុមហ៊ុន ចោទ​ថា ពលរដ្ឋ​ជា​អ្នក​ទន្ទ្រាន​យក​ដី​គេ នេះ​ជា​បញ្ហា​លំបាក​ពីព្រោះ​ពុំ​មាន​សមត្ថកិច្ច​ដោះ​ស្រាយ​ទេ គឺ​ក្រុម​យើង គ្រាន់​តែ​ចុះ​វាស់​ព្រំដី​និង​ធ្វើ​ប្លង់​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ។
លោក កុក សុភួង និស្សិត​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្រ្ត ជា​អនុប្រ​ធាន​ក្រុម​យុវជន​ចុះ​វាស់​វែង​ដី​ខេត្ត​ពោធិ៍​សាត់ បាន​ប្រាប់​ដែរ​ថា ក្រុម​លោក​កំពុង​ស្ថិត​នៅ​ក្នុង​ស្រុក​ក្រគរ ជា​ទី​ដែល​មាន​ទំនាស់​ក្តៅ​គគុក​កន្លង​មក រហូត​ប្រជាជន​ធ្វើ​បាតុកម្ម​បិទផ្លូវ​ជាតិ​ទាម​ទារ​ឲ្យ​រក​ដំណោះ​ស្រាយ ប៉ុន្តែ​ថា ឥឡូវ​ពុំ​មាន​បញ្ហា​ជា​មួយ​នឹង​ក្រុមហ៊ុន​ទេ តែ​មាន​បញ្ហា​ពី​ការ​ស្នាក់​នៅ​កន្លែង​ចង្អៀត​ ត្រូវ​ដើរ​ទៅ​វាស់​ដី​ឆ្ងាយ​កាត់​ព្រៃ​ភ្នំ ខ្វះ​ខាត​ទឹក​ អីតែ​ប៉ុណ្ណឹង​ទេ។
លោកបន្ត​ថា​៖​ «​រាល់​ការ​ងារ​តែង​មាន​ការ​លំបាក តែ​ដើម្បី​ប្រយោជន៍​ប្រជាជន​រស់​នៅ​បាន​សេចក្តី​សុខ ទោះ​ជា​ពួក​ខ្ញុំ​លំបាក​យ៉ាង​ណា​ក៏​ពួក​យើង​ស៊ូ​ទ្រាំ​បាន​ដែរ»។
លោក​ ថា ក្រុម​លោក​ប្រឈម​នឹង​បញ្ហា​សម្ភារ​ប្រើ​ប្រាស់​ពុំ​គ្រប់​គ្រាន់ ជា​ហេតុ​នាំ​ឲ្យ​ការងារ​យឺត​មិន​បាន​ទាន់​តាម​សេចក្តី​ត្រូវ​ការ​របស់​ប្រជា ​ពលរដ្ឋ​។ លោកថា ពេល​ខ្លះ​ពួក​និស្សិត​យើង​ប្រើ​ទូរស័ព្ទ​ដៃ​ទំនើប ជំនួស​ម៉ាស៊ីន​ថត យក​មក​ប្រើ​ដើម្បី​ដំណើរ​ការ​ងារ​ផង​ដែរ។ លោក​ត្អូញ​ថា​៖ «អ្វី​ដែល​ពួក​យើង​បារម្ភ គឺ​បញ្ហា​គ្រុន​ចាញ់​នៅ​តំបន់​ដែល​មាន​គ្រុន​ចាញ់ ពី​ព្រោះ​កន្លែង​ខ្លះ​ពួក​យើង​ធ្វើ​ការ​នៅ​ក្នុង​ព្រៃ​តែម្តង»។
ពាក់ ​ព័ន្ធ​ជាមួយ​នឹង​ក្រុម​ហ៊ុន​ដី​សម្បទាន​វិញ លោកថា ពេល​ក្រុម​យុវជន​ចុះ​មក​វាស់​វែង​ដី​នោះ គេ​ពុំ​បាន​មក​រារាំង​ទេ ហើយ​គេ​ក៏​ផ្អាក​សកម្មភាព​ទាំង​អស់​ដែរ ព្រោះ​អី​ក្រុម​ការ​ងារចុះ​ទៅ​ធ្វើការ​នេះ ក៏​មាន​អាជ្ញាធរ​មូល​ដ្ឋាន​ចុះ​ជាប់​ទៅ​ជាមួយ​ដែរ។
លោក អ៊ឹម ឈុន​លឹម ទេសរដ្ឋ​មន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគរូប​នីយកម្ម​និង​សំណង់​កាល​ពី​ដើម​ខែ​កក្កដា​បាន​ថ្លែង​នៅ​ក្នុង​ពិធី ជូន​ដំណើរ​ក្រុម​យុវ​ជន​ស្ម័គ្រ​ចិត្ត​ថា យុទ្ធនាការ​វាស់វែង​ដី​នេះ តាម​គម្រោង​របស់​រដ្ឋាភិបាល​ត្រូវ​បញ្ជូន​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត ១៦៨ ក្រុម ស្មើ​នឹង​ជាង ២០០០​នាក់ ដើម្បី​ចុះ​ទៅ​វាស់​វែង​ចែក​ដី​ជូន​ពលរដ្ឋ​ចំនួន ៣៥០.០០០​គ្រួសារ ដោយ​ក្នុង​មួយ​ក្រុមៗ មាន​១២​នាក់ មាន​ប្រើ​ឧបករណ៍ ដូចជា GPS កុំព្យូទ័រ និង​សម្ភារខ្លះ​ទៀត និង​មានកិច្ច​សហការ​ជា​មួយ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​នៅ​ មូល​ដ្ឋាន។
លោក​ លឹម លៀង​សែ នាយរង​ខុទ្ទកា​ល័យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ឲ្យ​ដឹង​ថា លោក​មិន​បាន​ធ្វើ​ការ​ជាមួយ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​នេះទេ​ តែ​បើ​មាន​បញ្ហា​សុខ​ភាព ពួកគេមាន​មន្ត្រី​សុខាភិ​បាល​ចុះ​ជាប់​ជាមួយ​ហើយ ដូច្នេះ​ពុំ​មាន​បញ្ហា​ទេ។
លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​លីកាដូ​ថ្លែង​ដែរ​ថា ការ​បារម្ភ​ពី​ក្រុម​យុវជន​ស្ម័គ្រចិត្ត មក​ពី​ពួកគេ​នៅ​ថ្មី​ថ្មោង មិន​ធ្លាប់​ចុះ​ធ្វើ​ការ​នៅ​ក្នុង​ព្រៃ​ភ្នំ ប៉ុន្តែ​ថា ក៏​មិនគួរ​បណ្តោយ​ឲ្យ​ពួកគេ​ចុះ​ទៅ​កន្លែង​មាន​មីន​នោះ​ដែរ​។ លោកថ្លែង​ថា​៖ «​អ្វី​ដែល​ខ្ញុំ​បារម្ភ គឺ​ត្រូវ​ធ្វើ​ការ​ដោយ​តម្លា​ភាព​ ឯករាជ្យ​នឹង​មិនស្ថិត​នៅ​ក្រោម​សម្ពាធ​ពី​ខាង​ណាទេ គឺ​ត្រូវ​ស្ថិត​នៅ​ក្រោម​តែ​ប្រមុខ​រដ្ឋាភិបាល​មួយ​តែ​ប៉ុណ្ណោះ»៕

Comments system

Disqus Shortname