កុមារ និងសិស្សសាលាមួយចំនួននៅខេត្តរតនគិរី កំពុងមានកើតជំងឺពងបែកមាត់ ដៃ ជើង ដែលបង្កដោយមេរោគ អ៊ីវី ៧១ (EV-71)។
មន្ត្រីសុខាភិបាលខេត្តអះអាងថា
ស្ថាប័នជំនាញនេះកំពុងធ្វើការអង្កេតនៅតំបន់ជនបទមួយចំនួនក្នុង
ខេត្តនេះ
ដើម្បីពិនិត្យមើលស្ថានភាពរោគសញ្ញានៃអ្នកជំងឺដែលគេសង្ស័យថា
កើតចេញពីមេរោគថ្មីនេះ។
ប្រជាពលរដ្ឋពីរនាក់ប្ដីប្រពន្ធរស់នៅក្រុងបានលុង ខេត្តរតនគិរី
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១២
បានធ្វើដំណើរយ៉ាងប្រញាប់ប្រញាល់ដើម្បីនាំកូនប្រុសអាយុ ១៩ខែ
ស្វែងរកកិច្ចសង្គ្រោះពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា
ឯទីក្រុងភ្នំពេញ ពីព្រោះកូនគាត់កើតជំងឺចម្លែកដែលគាត់សង្ស័យថា
អាចយាយីអាយុជីវិតកូនប្រុសជាទីស្រឡាញ់របស់គាត់បាន។
ការសម្រេចចិត្តយ៉ាងតក់ក្រហល់នេះ កើតមានឡើងបន្ទាប់ពីបុរសអាយុ
២១ឆ្នាំ គឺលោក ឡន កុម្ភៈ
និងភរិយាបានទទួលការណែនាំពីគ្រូពេទ្យនៅមន្ទីរពេទ្យខេត្តរតនគិរី
ថាកូនរបស់លោកកើតជំងឺចម្លែកដែលគ្រូពេទ្យសង្ស័យថា
ឆ្លងពីមេរោគឈ្មោះ អ៊ីវី ៧១ ដែលបានរាតត្បាតទៅលើកុមារ
និងបណ្ដាលឲ្យស្លាប់ប្រសិនមិនបានសង្គ្រោះពីគ្រូពេទ្យជំនាញទាន់
ពេលវេលា។
ធ្វើដំណើរតាមរថយន្តឈ្នួលពីខេត្តរតនគិរី ទៅកាន់រាជធានីភ្នំពេញ
លោក ឡន កុម្ភៈ បានចាត់ទុកជំងឺរបស់កូនលោកគឺជាជំងឺធ្ងន់ធ្ងរ
និងគ្រោះថ្នាក់ ពីព្រោះក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងថា
មានកុមារប្រមាណ ៥០នាក់ បានស្លាប់ដោយសារមេរោគ អ៊ីវី ៧១ នេះ។
ដោយឡែកអ្នកជំងឺបង្កឡើងដោយមេរោគនេះ
គឺមានរោគសញ្ញាដូចជាជំងឺផ្ដាសាយ រាក និងពងបែកនៅបាតដៃ ជើង
និងក្នុងមាត់។
លោក ឡន កុម្ភៈ រៀបរាប់ថា ប្រមាណបីថ្ងៃកន្លងទៅនេះ
កូនរបស់គាត់មានចេញពងបែកនៅមាត់ និងជើង ហើយគ្រុនមិនបៅដោះម្ដាយ
ឬបរិភោគចំណីអាហារដូចធម្មតា។ គាត់អះអាងថា
បាននាំកូននោះទៅមន្ទីរពេទ្យខេត្ត
ក៏ប៉ុន្តែគ្រូពេទ្យបានណែនាំឲ្យលោកប្រញាប់នាំកូនមកមន្ទីរពេទ្យ
គន្ធបុប្ផាវិញ
ពីព្រោះមន្ទីរពេទ្យខេត្តមិនមានលទ្ធភាពពិនិត្យមើលមេរោគនៃជំងឺ
ចម្លែកនោះបានទេ។
លោក ឡន កុម្ភៈ៖ «គេគ្រាន់តែពិនិត្យមើលជើងមើលមាត់កូនខ្ញុំ
ហើយគេថា ប្រហែលជាកើតជំងឺហ្នឹងហើយ។ បីថ្ងៃទាំងថ្ងៃនេះហើយ
ហូបបាយទឹកបានតិចៗដែរ ទឹកបានតិច។ គេអត់មានណែនាំអ្វីទេ
គេឲ្យថ្នាំលេប»។
កាលពីថ្ងៃសុក្រ ទី១៣ កក្កដា កន្លងទៅ ក្រសួងសុខាភិបាល
និងដៃគូពាក់ព័ន្ធបានធ្វើការអង្កេតស្រាវនៅទូទាំងប្រទេសទៅលើករណី
ជំងឺពងបែកដែលកើតនៅលើដៃជើង និងមាត់ បណ្ដាលមកពីមេរោគ អ៊ីវី ៧១
នេះ ហើយលទ្ធផលបង្ហាញថា វាមិនមែនជាប្រភេទជំងឺទើបកើតថ្មី
និងស្រួចស្រាវខ្លាំងដូចជាជំងឺឆ្លងដទៃនោះដែរ។ ជំងឺនេះ
គឺមានយូរហើយ
ប៉ុន្តែមិនចូលក្នុងប្រព័ន្ធរបាយការណ៍របស់ប្រទេសកម្ពុជា នោះទេ
ព្រោះគេឃើញជំងឺនេះកើតមាននៅប្រទេសវៀតណាម ចិន សិង្ហបុរី
និងប្រទេសកូរ៉េ ច្រើនរាប់ម៉ឺនករណី។
ប្រធានមន្ទីរពេទ្យខេត្តរតនគិរី លោក ហ៊ីង ផានសុគន្ធា
មានប្រសាសន៍បញ្ជាក់ថា មន្ទីរពេទ្យខេត្តពិតជាបានពិនិត្យ
និងណែនាំក្រុមគ្រួសារលោក ឡន កុម្ភៈ
ពីជំងឺកូនលោកដែលមានរោគសញ្ញាសង្ស័យថា បណ្ដាលមកពីមេរោគ អ៊ីវី ៧១។
លោកបន្តថា នេះជាករណីសង្ស័យទីមួយហើយដែលកុមារនៅខេត្តរតនគិរី មានរោគសញ្ញានេះបាននាំមកកាន់មន្ទីរពេទ្យខេត្ត៖ «ជំងឺ
ហ្នឹងអត់បានឃើញមកមន្ទីរពេទ្យ គ្រាន់ប្រហាក់ប្រហែលមានមួយមានពីរ
ប៉ុន្តែមិនទាន់អាចសន្និដ្ឋានបានទេ។ នៅយើងនេះមិនអាចវិភាគបានទេ
គ្រាន់តែឃើញរោគសញ្ញាយើងអាចដឹង»។
ស្រដៀងគ្នានេះដែរ របាយការណ៍របស់មន្ទីរសុខាភិបាលខេត្តរតនគិរី
ឲ្យដឹងថា កាលពីពេលថ្មីៗនេះ
មន្ត្រីសុខាភិបាលបានរកឃើញកុមារមានជំងឺពងបែកនៅដៃជើង និងមាត់
៨ករណី ដែលសង្ស័យបណ្ដាលមកពីមេរោគ អ៊ីវី ៧១។
ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី លោក ស៊ឹម សនឡៃ
បញ្ជាក់ឲ្យដឹងថា
ជំងឺប្រភេទថ្មីនេះពិតជាបានកើតមាននៅលើកុមារនៅភូមិអ៊ីទូក
ស្រុកវ៉ឺនសៃ
ក៏ប៉ុន្តែគេមិនទាន់ធ្វើការវិភាគរកមើលមេរោគដែលនាំឲ្យកុមារកើត
មានជំងឺនេះនៅឡើយ។
លោកបន្តថា មន្ត្រីសុខាភិបាលកំពុងតាមដានករណីនេះបន្តទៀត៖ «ម្សិលមិញ
យើងចុះទៅស៊ើបអង្កេតនៅភូមិអ៊ីទូក ឃុំវ៉ឺនសៃ ស្រុកវ៉ឺនសៃ
គឺឃើញជំងឺមានរោគសញ្ញាសង្ស័យ តែយើងអត់បានទាន់ធ្វើពិសោធន៍ទេ។
តាមលទ្ធផលអង្កេតគឺគេឃើញមានរោគសញ្ញាដែលមានកន្ទួលចេញពងបែកនៅ
មាត់ ហើយមានពងបែកនៅមាត់។ ក្រៅពីភូមិអ៊ីទូក
អត់ទាន់មានព័ត៌មានទេ»។
ដូចគ្នានេះដែរប្រធានមន្ទីរអប់រំខេត្តរតនគិរី លោកស្រី ចាន់ ខាំឃឿ
កត់សំគាល់ឃើញថា
ក្រសួងអប់រំបានសម្រេចឲ្យសិស្សានុសិស្សបញ្ចប់ការសិក្សាមុនពេល
កំណត់សម្រាប់វិស្សមកាលឆ្នាំនេះ
គឺជាផ្នែកមួយនៃកិច្ចការពារជំងឺប្រភេទថ្មីនេះដល់ក្រុមកុមារនៅ
ថ្នាក់បឋម និងមត្តេយ្យសាលា។
លោកស្រីបន្តថា មានសិស្សថ្នាក់បឋមសិក្សាមួយចំនួនឃើញកើតមានរោគសញ្ញាជំងឺប្រភេទថ្មីនេះ៖ «គឺ
វាពាក់ព័ន្ធនឹងជំងឺហ្នឹងដែរ វាជាជំងឺឆ្លងមួយ
ហើយក៏មានកុមារមួយចំនួននៅតាមសាលារៀនវាកើត។
បើក្មេងកើតម្នាក់នៅក្នុងថ្នាក់វាអាចឆ្លងរាលដាល។ នៅអូរយ៉ាដាវ
ឃើញមានដូចជាសិស្សប្រហែលពីរនាក់កើតនៅក្នុងថ្នាក់រៀន។
ប្រឡងសញ្ញាបត្រមានសិស្សម្នាក់ដែរកើត»។
មន្ត្រីជំនាញសុខភាពសាធារណៈនៃអង្គការសុខភាពពិភពលោកប្រចាំ
កម្ពុជា លោកវេជ្ជបណ្ឌិត នីម៉ា អាសហ្ការី (NIMA ASGARI)
មានប្រសាសន៍តាមរយៈអ្នកបកប្រែនៅក្នុងអង្គសន្និសីទ
នាទីស្ដីការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃសុក្រ ទី១៣ កក្កដា ដែរថា
ជំងឺពងដៃជើង និងមាត់របស់កុមារដែលបង្កដោយមេរោគ អ៊ីវី៧១
អាចចម្លងទៅអ្នកដទៃខ្លាំងបំផុតនៅអំឡុងសប្ដាហ៍ទី១
តាមសារធាតុរាវដូចជាទឹកមាត់ កំហាក សំបោរ ទឹករងៃចេញពីដំបៅ ឬពងបែក
និងលាមកជាដើម។
អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល
បានអំពាវនាវសុំឲ្យមាតាបិតា
និងអាណាព្យាបាលយកកុមារមកព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់
ប្រសិនបើឃើញរោគសញ្ញាណាមួយមិនប្រក្រតី។ វិធីការពារងាយៗ
ដែលគប្បីត្រូវអនុវត្ត គឺលាងដៃនឹងសាប៊ូអោយបានញឹកញាប់
ប្រសិនបើជនណាប៉ះពាល់អ្នកកើតជំងឺនេះ។
យ៉ាងនេះក្ដីសម្រាប់លោក ឡន កុម្ភៈ
និងភរិយាកំពុងឋិតក្នុងសភាពភ័យខ្លាចពីសុវត្ថិភាពកូនលោកនៅឡើយ
បើទោះបីលោកបានចេញដំណើរពីខេត្តរតនគិរី
នាំកូនមកមន្ទីរពេទ្យយ៉ាងណាក្ដី។ លោកចាប់អារម្មណ៍ថា
កូនប្រុសរបស់គាត់នៅក្នុងស្ថានភាពគ្រោះថ្នាក់នៅឡើយ
ដូច្នេះលោកសុខចិត្តបោះបង់មុខរបរចិញ្ចឹមជីវិតមួយរយៈ
ដើម្បីនៅថែទាំជំងឺកូនលោកនៅមន្ទីរពេទ្យរហូតដល់ជាសះស្បើយឡើង
វិញ៕