ព្រះសីហនុ
៖
ស្ត្រីជាអាជីវករលក់មាសនៅផ្សារលើម្នាក់ត្រូវក្រុមចោរប្លន់ចំនួន
៣នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយកាំភ្លើងខ្លី២ដើម
តាមស្ទាក់ប្លន់ដល់មុខផ្ទះយកមាសអស់ចំនួន៣០តម្លឹងយ៉ាងងាយស្រួល
រួចហើយរត់ទៅជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព។
ហេតុការណ៍
គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ១៧ និង
២០នាទីរសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១២
នៅត្រង់ចំណុចមុខផ្ទះរបស់ជនរងគ្រោះតែម្ដង
នៅតំបន់ក្រោយសណ្ឋាគារបារីសថ្មី ភូមិ២ សង្កាត់ទី២
ក្រុងព្រះសីហនុ។
ទាក់ទិន
នឹងករណីនេះត្រូវបានសាក្សីជាអ្នករត់ម៉ូតូឌុបនៅក្បែរៗនោះ
និយាយប្រាប់ឲ្យដឹងថា
ពេលធ្វើសកម្មភាពក្រុមចោរមានបក្ខពួកចំនួន៣នាក់ ជិះម៉ូតូ២គ្រឿង
គឺមួយគ្រឿងម៉ាកហុងដា រីឯមួយគ្រឿងទៀតម៉ាក ស្មាស់
អត់ស្លាកលេខទាំង២ ដោយក្រុមចោរទាំងនោះមានអាយុប្រមាណ២៥ឆ្នាំ
ទៅ៣០ឆ្នាំ ប៉ុណ្ណោះ ប្រើប្រាស់កាំភ្លើងខ្លីចំនួន២ដើម មិនស្គាល់ម៉ាក
រីឯមុខមាត់របស់ពួកគេពុំមានពាក់ម៉ាស់ឬមួកការពារដើម្បីបិទបាំង
អ្វីនោះទេ គឺពួកគេចូលធ្វើសកម្មភាពប្លន់ឆៅៗ តែម្ដង។
ក្រុមជនល្មើសក្រោយពីធ្វើសកម្មភាពដណ្ដើមយកកេសដាកមាស
ដាក់លុយរបស់ជនរងគ្រោះរួចហើយ
ក៏បាននាំគ្នាឡើងជិះម៉ូតូរត់គេចខ្លួនបាត់អស់ដោយសុវត្ថិភាព
ក្នុងពេលនោះផងដែរ។
សមត្ថកិច្ច
ប៉ូលិសបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវចោរប្លន់មានឈ្មោះ គីម ចាង
ភេទស្រី អាយុ៤២ឆ្នាំ មុខរបរ លក់មាស នៅផ្សារលើ
មានទីលំនៅកន្លែងកើតហេតុ។ រថយន្តស្ត្រីរងគ្រោះម៉ាកកាមរីស៊េរី
ទំនើបពាក់ស្លាកលេខ ភ្នំពេញ 2S-9808 ចំណែកទ្រព្យសម្បត្តិត្រូវចោរប្លន់យកទៅត្រូវបានក្រុមគ្រួសារស្ត្រីរងគ្រោះអះអាងថា អស់មាសចំនួនជាង៣០តម្លឹង។
ជុំវិញ
បញ្ហាប្លន់នេះទាំងសមត្ថកិច្ចប៉ូលិស និង ប៉េអឹម
កំពុងចុះធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ហើយរហូតមកដល់ពេលនេះ
នៅមិនទាន់រកឃើញអត្តសញ្ញាណក្រុមជនល្មើសនៅឡើយនោះទេ។
គូរ
រំលឹកផងដែរក្រុមគ្រួសារស្ត្រីរងគ្រោះខាងលើនេះកន្លងមក
ត្រូវក្រុមចោរប្លន់ប្រដាប់អាវុធធ្វើសកម្មភាពបែបនេះយកអស់ចំនួន២លើក
រួចមកហើយ រួមទាំងលើកនេះទៀតគឺ៣លើកហើយ៕