Thursday, July 12, 2012

កម្ពុជា-វៀតណាម​ជួប​ប្រជុំ​បិទ​ទ្វារ​ដើម្បី​ផ្ទៀងផ្ទាត់​ផែនទី​ព្រំដែន​គោក

ភ្នំពេញៈ អ្នក​ជំនាញ​ផ្នែក​ផែន​ទី​ប្រមាណ ២០ នាក់​ មក​ពី​រដ្ឋាភិបាល នៃ​ប្រទេស​កម្ពុជា និង​វៀតណាម​ បាន​ជួប​ជុំ​គ្នា​ នៅ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​បិទ​ទ្វារ​ រយៈ​ពេល ៣ ថ្ងៃ​ត្រៀម​រៀប​ចំ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ និង​ពង្រីក​ផែន​ទី​ព្រំដែន​ដី​គោក​ដែល​មាន​ភាព​ចម្រូង​ចម្រាស​ មុន​ពេល​ប្រទេស​ទាំង ២ គ្រោង​នឹង​បញ្ចប់​ដំណើរ​ការ​បោះ​បង្គោល​ព្រំ​ដែន​ទាំង​អស់​នា​ដំណាច់​ឆ្នាំ​ នេះ។
លោក​ស្រី កុយ ពិសី លេខា​អចិន្រៃ្តយ៍​ អាជ្ញាធរ​ជាតិ​ ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ថ្លែង​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ជំនួប​ប្រជុំ​នោះ​ បាន​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ១០ ដល់​ទី ១៣ ខែ​កក្កដា ហើយ​អ្នក​ជំនាញ ១០ រូប​មក​ពី​ប្រទេស​នីមួយៗ​ បាន​និង​កំពុង​ធ្វើ​ការ​រួម​គ្នា​ លើ​បញ្ហា​បច្ចេកទេស​ នៃ​ផែនទី​នោះ​តែ​ប៉ុណ្ណោះ។
កាល​ពី​ខែ​មុន លោក វ៉ា​ គឹមហុង ទេសរដ្ឋ​មន្ត្រី​ ទទួល​បន្ទុក​កិច្ចការ​ព្រំ​ដែន របស់​រដ្ឋាភិបាល​កម្ពុជា បាន​បង្ហើប​ព័ត៌មាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​មួយ ថា ភូមិ​របស់​ខ្មែរ​ពីរ គឺ​ភូមិ​ថ្លុក​ត្រាច និង​ភូមិ​អន្លង់​ជ្រៃ ក្នុង​ស្រុក​ពញា​ក្រែក ខេត្ត​កំពង់ចាម ដែល​ជា​ភូមិ​កំណើត ​តាំង​ពី​ជីដូន​ជីតា​របស់​លោក​ហេង សំរិន​ប្រធាន​រដ្ឋ​សភា គឺ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​វៀតណាម ហើយ​ថា ដើម្បី​រក្សា​ភូមិ​ពីរ​នេះ កម្ពុជា កំពុង​រក​ភូមិ​ពីរ​ទៀត ដើម្បី​ដោះ​ដូរ​ជាមួយ​វៀតណាម​។
នៅ​ពេល​ដែល​ ត្រូវ​បាន​សួរ​ថា តើ​កិច្ច​ប្រជុំ​បិទ​ទ្វារ​ រយៈ​ពេល​ ៣ ថ្ងៃ​នេះ អាច​នឹង​ធ្វើ​ការ​ពិភាក្សា​ពី​ការ​ដោះ​ដូរ​ភូមិ​របស់​លោក​ហេង សំរិន​នេះ​ដែរ​ទេ? លោក​ស្រី​កុយ ពិសី បាន​បដិសេធ​ថា មិន​មាន​ទេ ហើយ​បាន​គូស​បញ្ជាក់​ថា៖​«កិច្ច​ប្រជុំ អ្នក​ជំនាញ​ផែន​ទី​នេះ នឹង​ផ្តោត​តែ​ទៅ​លើ​បច្ចេកទេស នៃ​ការ​ពង្រីក​ ក្នុង​ខ្នាត​ផែន​ទី ១ លើ ១០០ ពាន់ ទៅ​ខ្នាត​ផែនទី ១ លើ ៥០០ ពាន់ តាម​ខ្សែ​បន្ទាត់​ព្រំដែន​ថ្មី​ ពី​ផែនទី ទៅ​លើ​ដី​ជាក់​ស្តែង​ប៉ុណ្ណោះ វា​គ្រាន់​តែ​ជា​ដំណើរ​ការ​ចម្លង​ផែន​ទី​ទេ»។ លោក​ស្រី​បន្ត​ថា ក្រោយ​អ្នក​ជំនាញ​ បាន​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​លើ​ច្បាប់​ចម្លង​ផែនទី​ផលិត​ថ្មី​ហើយ​ នឹង​បញ្ជូន​វា​ទៅ​កាន់​គណៈកម្មាធិការ​កិច្ច​ការ​ព្រំដែន ដើម្បី​សុំ​ការ​សម្រេច​ជា​ចុង​ក្រោយ​។
លោក​ស្រី​បាន​បន្ត​ទៀត​ថា សន្ធិសញ្ញា​បំពេញ​បន្ថែម​ព្រំដែន​កម្ពុជា-វៀតណាម​ឆ្នាំ ២០០៥ ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋ​សភា​ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំង ២ ធ្វើ​ការ​ពិនិត្យ​ បញ្ជាក់​លើ​រាល់​ខ្សែ​បន្ទាត់​ព្រំដែន នៅ​ក្នុង​ផែនទី​ចាស់។
ផែនទី​ខ្នាត ១ លើ ១០០ ពាន់​ផលិត​ឡើង​ចន្លោះ​ពី​ឆ្នាំ ១៩៣៣ និង ១៩៥៣ និង​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​រវាង​ពី​ឆ្នាំ ១៩៦៣ និង ១៩៦៩។ លោកស្រី​បន្ត​ទៀត​ថា ក្នុង​ផែន​ទី​ខ្នាត ១ លើ ១០០ ពាន់ មាន​ខ្សែ​បន្ទាត់​ព្រំដែន​រួច​ហើយ តែ​ផែន​ទី​ចាស់​ពុំ​ច្បាស់ ព្រោះ​វា​ត្រូវ​បាន​បោះពុម្ព​ជា​យូរ​មក​ហើយ។ លោក​ស្រី​បន្ថែម​ថា ចំណុ​ច​មួយ​ចំនួន​ នៅ​លើ​ផែន​ទី​ចាស់​ មាន​ទន្លេ ស្ទឹង បឹង ហើយ​បច្ចុប្បន្ន​ ពុំ​មាន​នៅ​លើ​ដី​ជាក់​ស្តែង​នោះ​ទេ ដូច្នេះ​ហើយ ​វា​មាន​ការ​លំបាក សម្រាប់​ដំណើរ​ការ​បោះ​បង្គោល​ណាស់។
លោក វ៉ា គឹមហុង បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍​កាល​ពី​ខែ​មិថុនា​ថា មក​ទល់​ពេល​នេះ បង្គោល​ព្រំដែនចំនួន​ ២៨៦ ក្នុង​ចំណោម​បង្គោល​ព្រំដែន​ទាំង​អស់ ៣១៤ ត្រូវ​បាន​បោះ​រួច​ហើយ​ នៅ​តាម​បណ្តោយ​ព្រំដែន​ ដែល​លាត​សន្ធឹង​ជាង ១ ពាន់​គីឡូម៉ែត្រ​ រវាង​ប្រទេស​ទាំង២។ លោក​បន្ត​ថា រាជ​រដ្ឋាភិបាល​មាន​គម្រោង​បញ្ចប់​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​ទាំង​អស់ នៅ​ដំណាច់​ឆ្នាំ​នេះ ប្រសិ​ន​បើ​អាច។
កាល​ពី​ខែ​មិថុនា ប្រទេស​ទាំង ២បាន​ធ្វើ​ការ​បើក​សម្ពោធ​បង្គោល​ព្រំដែន ​នៅ​លើ​ខ្សែ​ព្រំដែន​រវាង​សង្កាត់ My Duc ក្រុង Ha Tien ក្នុង​ខេត្ត​ភាគ​ខាង​ត្បូង Kien Giang របស់​វៀតណាម និង​ឃុំ​ឫស្សី​ស្រុក​ខាង​លិច ស្រុក​កំពង់​ត្រាច​ក្នុង​ខេត្ត​កំពត​របស់​កម្ពុជា​។
គណបក្ស​ប្រឆាំង និង​ប្រជាពល​រដ្ឋ​ខ្មែរ​ជា​ច្រើន​នៅ​តាម​ព្រំ​ដែន រួម​ទាំង​ប្រធាន​គណៈ​កម្មាធិការ​ព្រំដែន​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​បារាំង​ លោក ស៊ាន ប៉េងសែ បាន​អះអាង​ជា​បន្ត​បន្ទាប់​មក​ថា ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ ហាក់​ដូច​ជា​មាន​ការ​លាក់​លៀម ដោយ​ផ្អែក​ទៅ​លើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ដ៏​ចម្រូង​ចម្រាស ឆ្នាំ ២០០៥ ពី​លើ​សន្ធិ​សញ្ញា​ ៨២-៨៣-៨៥ ដែល​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស បាន​លុប​ចោល​ទៅ​ហើយ​នោះ បាន​ធ្វើ​ឲ្យ​ កម្ពុជា​បាត់បង់​ទឹក​ដី​ជាច្រើន​គីឡូម៉ែត្រ​ទៅ​លើ​ប្រទេស​វៀតណាម​។
លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​ទទូច​ដដែលៗ​ថា បង្គោល​ព្រំដែន​ត្រូវ​បាន​បោះ​ដោយ​ខុស​ច្បាប់ ក្រោយ​ពេល​គណបក្ស​ប្រជាជន​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិ​សញ្ញា​ព្រំដែន​បំពេញ​ បន្ថែម​ ជាមួយ​វៀតណាម​នៅ​ឆ្នាំ ២០០៥។
លោក​គូស​បញ្ជាក់​ថា៖​ «យើង​បាន​រក​ឃើញ​ថា សន្ធិ​សញ្ញា​នោះ​ ផ្ទុយ​នឹង​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស និង​រដ្ឋ​ធម្ម​នុញ្ញ ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ហើយ​សន្ធិ​សញ្ញា​នោះ​ ត្រូវ​បាន​អនុម័ត​ដោយ​សមាជិក​សភា​គណបក្ស​កាន់​អំណាច​តែ​ប៉ុណ្ណោះ ហើយ​យើង​មាន​ជំហរ​ច្បាស់​លាស់​ថា គណបក្ស សម រង្ស៊ី នឹង​សើរើ​សន្ធិសញ្ញា​នោះ​ឡើង​វិញ នៅ​ពេល​គណបក្ស​ឡើង​កាន់​អំណាច»៕ CR

Comments system

Disqus Shortname