ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងសន្ធឹកសន្ធាប់ ក្នុងខែ្សភាពយន្តរឿង "ព្រាយដែកគោល" ផលិតកម្ម សាន់ដេ ចាប់ផ្តើមរៀបចំពិធីក្រុងពាលី ថតខ្សែភាពយន្តថ្មីមួយទៀតមានចំណងជើងថា " វិញ្ញាណបិសាចជញ្ជក់ ឈាម" ដែលពិធីនេះបានរៀបចំឡើង នារសៀលថ្ងៃទី២៨ ខែកក្កដាឆ្នាំ ២០១២។
ពិធីក្រុពាលី ដែលប្រារព្ធឡើង នៅក្នុងផលិកម្មសាន់ដេ គេពិនិត្យឃើញវត្តមាន តារាល្បីចម្រៀងល្បីៗ របស់ ផលិតកម្មមួយនេះ ចូលរួមយ៉ាងច្រើនកុះករ ដើម្បីបានអុជធូប អុជទៀន ទទួលពរជ័យ សុំសេចក្តីសុខ ពីអារុកអារក្ស អ្នកតា ពីទេវតាគ្រប់ទិសទី តាមថែរក្សា ពេលតារាសម្តែងទាំងអស់ ចាប់ផ្តើមដំណើរការ ថតខ្សែភាពយន្ត បែបខ្មោចព្រាយនេះ។
រឿង "វិញ្ញាណបិសាចជញ្ជក់ឈាម" គឺជាប្រភេទខ្សែភាពយន្តថ្មីមួយទៀតរបស់ផលិតកម្មសាន់ដេ ដែលសាច់ រឿងពោរពេញ ទៅដោយអភិនិហា ភ័យរន្ធត់ តក់ស្លុត លាយឡំនឹងឈុតឆាក កំប្លុកកំប្លែង និងមានឈុត សេ្នហា មនោសញ្ចេតនា ហើយខ្សែភាពយន្តនេះត្រូវបានគេដឹងថា មានសកម្មភាពថតរហូតដល់ ទីក្រុងហុងកុង ប្រទេសចិនទៀតផង។
លោក ឡាយ សុខចំរើន ប្រធានគ្រប់គ្រង ទូទៅក្នុងផលិតកម្មសាន់ដេ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើម អម្ពិលដឹងថា " ពីដំបូងផលិតកម្មយើងខ្ញុំ បានថតខ្សែភាពយន្តមួយមានចំណងជើងថា " អង្គុលីមាល" ហើយក្នុង រយៈកាលប៉ុន្មានឆ្នាំ ដែលយើងទទួលបានជោគជ័យបន្តបន្ទាប់នេះ យើងក៏បានថតខ្សែភាពយន្តមួយទៀត គឺ រឿង"ព្រាយដែកគោល" ក្នុងឆ្នាំ២០១១ ដោយយើងទទួលបានការគាំទ្រច្រើនខ្លាំងមែនទែន ពិសេសទូទាំង២៤ ខេត្ត-ក្រុង " ។
លោក ឡាយ សុខចំរើន ថ្លែងបន្តឲ្យដឹងទៀតថា " នៅពាក់កណ្តាលឆ្នាំ ២០១២នេះ យើងបានសម្រេចចិត្ត ផលិត ខ្សែភាពយន្ត ទី៣ មួយរឿងទៀត គឺរឿង"វិញ្ញាណបិសាចជញ្ជក់ឈាម" ។ សាច់រឿងថ្មីនេះពិតជាអាចធ្វើ ឲ្យទស្សនិកជនចាប់អារម្មណ៍ ពេលផលិតកម្មយើងខ្ញុំចាប់ផ្តើមចាក់បញ្ចាំង ព្រោះសាច់រឿងនេះ បានសហការ ថតជាមួយតួសម្តែងចិន ក្រុងហុងកុង ដែលខ្សែភាពយន្ត កន្លងមកពុំធ្លាប់មាន និងគ្រោងចេញថតក្រៅប្រទេស ចំនួនពីរ គឺថៃ និងហុងកុង " ។
លោកបញ្ជាក់ទៀតថា " តួសម្តែងក្នុងរឿង នេះមានដូចជា លោក ខេមរៈ សិរីមន្ត អ្នកនាង សុខ ស្រីនាង លោក ឆាយវីរៈយុទ្ធ លោក កែវ វាសនា កញ្ញាផាន់ ម៉ូនីកា លោក អាន គុណកូឡា លោកប៊ុន សក្តិ កញ្ញា អ៊ីវ៉ា លោក សុខ រក្សា លោក មាស សាលី លោកហេង ពិទូ កញ្ញាគង់ ច័ន្ទស្រីមុំ និយាយទៅ គឺតារាចម្រៀងទាំងអស់ក្នុង ផលិតកម្មសាន់ដេ" ។
ទោះបីជាយ៉ាងណា ក្នុងខ្សែភាពយន្តរឿងថ្មី នេះគ្មានវត្តមានកញ្ញា សុខ ពិសី ជាតួឯកនោះទេ ត្រូវបានជំនួសមក វិញដោយអ្នកនាង សុខ ស្រីនាង ហើយត្រូវបានលោក ឡាយ សុខចំរើន អះអាងថា សុខ ពិសី ជាប់រវល់រៀន ជំនាញកែសម្ផស្ស ហើយអាចទុកតំណែងជាតួឯកនេះ ក្នុងរឿងទី៤បន្តទៀត។
ខ្សែភាពយន្តដែលពោរពេញទៅដោយភាពរន្ធត់ញាប់ញ័រនេះ គឺផលិតកម្ម ផលិតឡើងទៅតាម ចំណង់ចំណូល ចិត្តរបស់អ្នកទស្សនា ដែលក្នុងសង្គមខែ្មរបច្ចុប្បន្ន មានជំនឿទៅលើខ្មោចព្រាយ បិសាចជាប់រហូតមក និងជា ខ្សែភាពយន្តមានការលាយបញ្ចូលគ្នានូវទេសភាពប្លែកៗ រវាង ប្រទេសកម្ពុជា និងប្រទេសចិន ។
មូលហេតុដែលខ្សែភាពយន្តតម្រូវឲ្យមានទីតាំងថតរហូតដល់ទីក្រុងហុងកុង គឺត្រូវបានលោក ឡាយ សុខចំរើន អះអាងថា ធ្វើឡើងដើម្បីឲ្យមានលក្ខណៈប្លែកពីគេ ដោយសារ តែកន្លងមកផលិតកម្មសាន់ដេ បាននាំមកនូវ ភាពយន្តចិន ជាច្រើនរឿងកន្លងមកហើយ មកបញ្ចាំងក្នុងប្រទេសខ្មែរ ហើយខ្សែភាពយន្តខ្មែរ កន្លងមកមាន ថតតែនៅក្នុងស្រុក ខ្មែរយើងនេះទេ ដោយសារតែផលិតកម្មសាន់ដេ ចង់ផ្លាស់ប្តូរបទពិសោធន៍ រវាងតារាខ្មែរ និងតារាចិន ក្នុងន័យលើកស្ទួយភាពយន្តខ្មែរយើងផងដែរ នៅលើឆាកអន្តរជាតិ។
រឿង "វិញ្ញាណបិសាច ជញ្ជក់ឈាម" សម្រាប់តំណែងតួឯកត្រូវបានគេដឹងថា គឺលោក ខេមរៈ សិរីមន្ត និងអ្នកនាង សុខ ស្រីនាង ហើយនឹងគ្រោងចេញថតនៅដើមខែសីហា និងត្រៀមចាក់បញ្ចាំង ក្នុងឱកាស ព្រះរាជពិធីបុណ្យ អ៊ុំទូក អកអំបុក ក្នុងអំឡុងខែវិច្ចិកា ចុងឆ្នាំ២០១២នេះ។
ខាងក្រោមនេះ គឺជាទិដ្ឋភាពខ្លះៗដែលអ្នកយកព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ចុះទៅផ្តិតយក ដោយផ្ទាល់ ក្នុងកម្មវិធីក្រុងពាលី រឿង "វិញ្ញាណបិសាច ជញ្ជក់ឈាម" ៖