Friday, July 20, 2012

រួមភេទ​ជាមួយ​ក្មេងស្រី​អាយុ ១០​ឆ្នាំ ត្រូវ​តុលាការ​កាត់ទោស ដាក់ពន្ធនាគារ ១០​ឆ្នាំ​

បុរស​វ័យ ៣៤​ឆ្នាំ ឈ្មោះ រស់ ជា ជា​កម្មករ​ធ្វើ​នំ​បញ្ចុក ដែល​បានធ្វើ​សកម្មភាព​លួងលោម​ក្មេងស្រី​អាយុ ១០​ឆ្នាំ យកទៅ​រួមភេទ រហូត​បានសម្រេច ជា​ថ្នូរ​នឹង​ប្រាក់ ១​ពាន់​រៀល បាន​ត្រូវ​លោកស្រី ចាំង ស៊ី​ណាត ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១២ សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល ១០​ឆ្នាំ ពីបទ រួមភេទ​ជាមួយ​អនីតិជន​អាយុ​ក្រោម​១៥​ឆ្នាំ​។​

​គួររម្លឹកថា កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១២ ឈ្មោះ រស់ ជា បាន​លួងលោម​ក្មេងស្រី​អាយុ ១០​ឆ្នាំ ដោយ​ឲ្យ​ប្រាក់ ១​ពាន់​រៀល រួច​នាំទៅ​កន្លែង​ស្ងាត់ ក្បែរ​ទី​បូជាសព ក្នុង​វត្ត​គ្រួស ហើយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ រហូត​បានសម្រេច​។​

​ក្រោយ​ពេលដែល​បាន​រំលោភ​សេពសន្ថវៈ​រួចហើយ ស្រាប់​តែមាន​ប្រជាពលរដ្ឋ មក​ឃើញ​សកម្មភាព​នោះ ក៏បាន​ប្តឹង​សមត្ថកិច្ច​ភ្លាមៗ រួច​សមត្ថកិច្ច​ក៏​ចុះមក​ចាប់​បុរស​រូបនេះ នៅ​ទីកន្លែង​កើតហេតុ​តែម្តង​។​

​ឈ្មោះ រស់ ជា បាន​សារភាពថា ខ្លួន​បាន​លួងលោម​ក្មេងស្រី​រងគ្រោះ ដោយបាន​ឱ្យប្រាក់ ១​ពាន់​រៀល នៅពេលដែល​នាង​យល់ព្រម​ឲ្យ​ខ្លួន​រួមភេទ ហើយ​ខ្លួន​បាន​នាំ​នាង​ទៅ​ក្បែរ​ទី​បូជាសព ក្នុង​វត្ត​គ្រួស ហើយ​ឲ្យ​នាង​ស្រាតសំពត់​ចេញ បន្ទាប់មក​ក៏បាន​ធ្វើ​សកម្មភាព​រំលោភ រហូត​បានសម្រេច​៕

Comments system

Disqus Shortname