ស៊ីអិនអិន៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃប៊ុលហ្គារី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារទៅលើរថយន្តក្រុងមួយគ្រឿង ដែលបានធ្វើឲ្យបាត់បង់ អាយុជីវិតអ្នកទេសចរអ៊ីស្រាអ៊ែល ៥នាក់ ត្រូវបានគេសង្ស័យថា ជាការអនុវត្តដោយកុ្រមគ្រាប់បែកអត្តឃាត ជាបុរសម្នាក់ ដែលបានប្រើប្រាស់ប័ណ្ណបើកបរក្លែងក្លាយ ក្នុងការធើ្វសកម្មភាពរបស់ពួកគេ។
យោងតាមគេហទំព័រ ស៊ីអិនអិន បានឲ្យដឹងនៅថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១២នេះថា បើតាមមន្រ្តីអ៊ីស្រាអែលបាននិយាយថា ក្រុមជនសង្ស័យដែលស្ថិត នៅពីក្រោយការវាយប្រហារនេះ អាចជាពួកអ៊ីរ៉ង់ ឬក្រុមឧទ្ទាមឥស្លាមជ្រុលនិយម ដែលបានរៀបចំផែនការណ៍ វាយប្រហារកាលពីថ្ងៃពុធ នៅចំណតរថយន្ត ខាងក្រៅអាកាសយាន្តដ្ឋានអន្តរជាតិ Burgas ក្នុងប្រទេសប៊ុលហ្គារី ដែលហេតុការណ៍នេះ បានបង្កឲ្យមានភាពតានតឹង រវាងអ៊ីស្រាអែល និងរដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់ ដែលធ្លាប់មានបញ្ហារង្គោះរង្គើជាមួយគ្នា កាលពីប៉ុន្មានខែថ្មីៗនេះ។
តាមរយៈការថ្លែងដែលផ្សាយ ដោយប៉ុស្តិ៍ទូរទស្សន៍មួយ បានឲ្យដឹងថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បាននិយាយថា ការវាយប្រហារនេះ ជាការរៀបចំដោយពួកហិសស្បូឡា Hezbollah ក្រោមការដឹកនាំដោយភេរវជនអ៊ីរ៉ង់ ដែលនេះជាផ្នែកមួយ នៃយុទ្ធនាការណ៍វាយប្រហាររបស់ពួកគេ ក្នុងប្រទេសជាច្រើន នៅឧបទ្វីបទំាងប្រាំនោះ។
គួរបញ្ជាក់ផងដែរថា ការអះអាងរបស់លោក ប៊ិនចាមីន គឺមិនបានបង្ហាញពីភស្តុតាងនោះទេ ខណៈដែលមន្រ្តីទូតអាមេរិក ប្រចាំនៅប្រទេសអ៊ីស្រាអ៊ែល កាលពីថ្ងៃពុធ ក៍បាននិយាយដែរថា គ្មានភស្តុតាងណាមួយដែលប្រទេសអ៊ីរ៉ង់ បង្កការញុះញង់ក្នុងការវាយប្រហារនេះទេ។ លោកថា ពួកហិសស្បូឡា និងអ៊ីរ៉ង់ បានព្យាយាមបង្កភាពចលាចល នៅក្នុងប្រទេសជាច្រើនដូចជា ប្រទេសកេនយ៉ា ឥណ្ឌា ស៊ីព្រូស ព្រមទំាងសហរដ្ឋអាមេរិកទៀតផង ដែលនៅទីនោះ ភេរវជន អ៊ីរ៉ង់ បានព្យាយាមសម្លាប់អគ្គរដ្ឋទូត Saudi Arabi។
ជាចុងក្រោយលោក ប៊ិនចាមីន និយាយថា លោកសូមជម្រុញឲ្យបណ្តាមហាអំណាចពិភពលោក ចេញសេចក្តីថ្លែងការណ៍ទៅកាន់អ៊ីរ៉ង់ និងធ្វើការការពារពីការវិវឌ្ឍន៍នៃ អាវុធប្រល័យលោក ដែលក្នុងន័យនេះ លោកចង់សំដៅទៅលើកម្មវិធីអាវុធនុយក្លេអ៊ែរ ក្នុងប្រទេសអ៊ីរ៉ង់ផងដែរ៕