បីខែក្រោយពីឃាតកម្មលើលោក ឈុត វុទ្ធី
ដំណើរការឆ្ពោះទៅរកយុត្តិធម៌ហាក់បីដូចជានៅវែងឆ្ងាយទៀតនៅឡើយ។
ក្រុមគ្រួសារជនរងគ្រោះ ជនជាប់សង្ស័យ
មន្ដ្រីសិទ្ធិមនុស្សនិងមន្ដ្រីតុលាការសុទ្ធតែមិនទាន់មានភាព
ប្រាកដប្រជាអំពីពេលវេលានៃសវនាការ។
ប្រធានអង្គការការពារធនធានធម្មជាតិនិងជាសកម្មជនការពារព្រៃឈើយ៉ាង
សកម្ម លោក ឈុត
វុទ្ធីត្រូវបានជនប្រដាប់អាវុធបានបាញ់សម្លាប់កាលពីថ្ងៃទី២៦
ខែមេសា នៅចំណុចវាល៣ នៃស្រុកមណ្ឌលសីមា
ចម្ងាយប្រមាណជាង៦០គីឡូម៉ែតពីទីរួមខេត្តកោះកុង។
ឃាតកម្មកើតឡើងខណៈដែលលោកនិងអ្នកយកព័ត៌មានពីរនាក់ផ្សេងទៀតបាន
ស៊ើបអង្កេតការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅទីតាំងក្រុមហ៊ុន
Timbergreenលើជួរភ្នំក្រវាញ។
អាជ្ញាធរបានការសន្និដ្ឋានផ្សេងៗជាច្រើនពីមូលហេតុនៃអំពើហិង្សានេះ
ក៏ប៉ុន្តែការសន្និដ្ឋានចុងក្រោយគឺថា
កងរាជអាវុធហត្ថម្នាក់ឈ្មោះអ៊ីន រតនា បានបាញ់សម្លាប់លោកឈុត វុទ្ធី
ហើយកាំភ្លើងអាកា ៤៧
ដែលមន្រ្តីប្រដាប់អាវុធរូបនេះបានប្រើក្នុងការបាញ់សម្លាប់លោក
ឈុត វុទ្ធី
បានរាកៃមកសម្លាប់គាត់វិញក្នុងពេលដែលភា្នក់ងារសន្តិសុខរបស់
ក្រុមហ៊ុន Timbergreen លោក រ៉ាន់ បូរ័ត្ន
ព្យាយាមដណ្ដើមកាំភ្លើងពីរូបគាត់។ លោករ៉ាន់ បូរ័ត្ន
បច្ចុប្បន្នកំពុងស្ថិតក្នុងការឃុំឃាំងជាបណ្ដោះអាសន្នក្រោមការចោទ
ប្រកាន់ថា បានធ្វើឃាតមន្ដ្រីកងរាជអាវុធហត្ថដោយអចេតនា។
ប៉ុន្តែគ្រួសាររបស់ជនជាប់ចោទបានច្រានចោលការចោទប្រកាន់នេះ។
គ្រួសារលោកឈុត វុទ្ធី នឹងប្រារព្ធពិធីបុណ្យគម្រប់១០០
ថ្ងៃសម្រាប់សពរបស់លោកនៅថ្ងៃសៅរ៍នេះនៅក្នុងឃុំព្រែកឯង
ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ពិធីសាសនានេះនឹងមានអ្នកចូលរួមប្រមាណជា៥០០
នាក់និងព្រះសង្ឃចំនួនប្រាំពីរអង្គក្នុងនោះភាគច្រើនគឺជា
មន្ដ្រីសង្គមស៊ីវិល។
លោកឆឺយ ឧត្តមរស្មី កូនប្រុសច្បងរបស់លោកឈុត វុទ្ធី
មានប្រសាសន៍ថា
លោកនិងក្រុមគ្រួសារមិនបានទទួលដំណឹងអ្វីឡើយពីតុលាការខេត្ត
កោះកុង។
«អត់បានទទួលដំណឹងអីពីតុលាការសោះ។ សំខាន់ធ្វើបុណ្យសិនបន្ទាប់មកចាំខ្ញុំព្យាយាមតទៅទៀត»។
ក្រុមមន្ដ្រីអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានឲ្យដឹងថា
សក្សីចំនួនប្រាំមួយរូបត្រូវបានសាកសួរដោយតុលាការរហូតមកទល់ពេល
នេះ។ ក៏ប៉ុន្តែជនដែលត្រូវគេជឿថា
អាចជាសក្សីសក្ដានុពលមិនត្រូវបានកោះហៅឲ្យចូលបំភ្លឺនោះទេ។
លោក នាង បូរ៉ាទីណូ
អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកោះកុង
មានប្រសាសន៍ថា
នៅមានសក្សីចំនួនបីនាក់ទៀតដែលអាចជាសក្សីមានសារៈសំខាន់។
«សក្សីក្នុងការសាកសួររបស់ប៉េអឹមមានដល់ទៅប្រាំបួននាក់។ ចំណែកឯតុលាការក្នុងពេលបច្ចុប្បន្នបានត្រឹមតែប្រាំមួយនាក់»។
មន្ដ្រីសិទ្ធិមនុស្សដដែលបញ្ជាក់ថា
ក្នុងចំណោមសក្សីដែលនៅសេសសល់មានបុរសពីរនាក់មានតួនាទីជាទាហាន
ប៉ុន្តែបានបម្រើការជាសន្ដិសុខរបស់ក្រុម Timbergreen។
ម្នាក់ក្នុងចំណោមនោះគឺជាអ្នកឃាត់រថយន្តរបស់លោកឈុត
វុទ្ធីមុនគេ។
«តាមការស្រាវជ្រាវ
គាត់ក៏ជាអ្នកជាប់ពាក់ព័ន្ធក្នុងរឿងបញ្ជាកងកម្លាំងដែលបណ្តាលឲ្យ
មានការបាញ់សម្លាប់លោកឈុត វុទ្ធី ដែរ»។
លោកឈុត វុទ្ធី គឺជាជនការពារបរិដ្ឋានយ៉ាងសកម្មម្នាក់នៅកម្ពុជា។
លោកបានដឹកនាំការតវ៉ារបស់ក្រុមប្រជាពលរដ្ឋប្រឆាំងនឹង
ការកាប់បំផ្លាញព្រៃឡង់ដែលជាព្រៃនៅសេសសល់ដ៏ធំជាងគេចុងក្រោយរបស់
កម្ពុជារួមទាំងបានព្យាយាមស៊ើបអង្កេតលើការកាប់បំផ្លាញឈើប្រណិត
ក្នុងខេត្តមួយចំនួនទៀតតាមជួរភ្នំក្រវាញដូចជាខេត្តពោធិ៍សាត់និង
ខេត្តកោះកុងជាដើម។
លោក អ៊ីន គង់ជិត
អ្នកសម្របសម្រួលរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ
ប្រចាំខេត្តកោះកុងបានឲ្យដឹងថា
ព័ត៌មានស្ដីពីដំណើរការរបស់តុលាការលើសំណុំរឿងឃាតកម្មលោកឈុត
វុទ្ធីត្រូវបានរឹតត្បិត។
«សក្សីមិនចង់និយាយប្រាប់យើងដោយសារមន្រ្តីប៉េអឹម
និងមន្ដ្រីតុលាការត្រូវគេនិយាយថាមិនចង់ឲ្យសក្សីនិយាយប្រាប់ខាង
សិទ្ធិមនុស្ស»។
លោកចៅក្រមស៊ើបអង្កេត មីន មករា
នៃសាលាដំបូងខេត្តកោះកុងមិនអធិប្បាយអំពីដំណើរការឆ្ពោះទៅរកការបិទ
បញ្ចប់ការស៊ើបអង្កេតសំណុំរឿងអាស្រូវនេះទេ។
មួយវិញទៀតលោកក៏មិនទាន់ដឹងបាននៅឡើយថា
ការជំនុំជម្រះសំណុំរឿងនេះអាចធ្វើទៅរួចពេលណាដែរ។
«រឿងនេះស្ថិតនៅលើចៅក្រមជំនុំជម្រះ»។
គណៈកម្មាការចម្រុះរបស់រដ្ឋាភិបាលបានដឹកនាំការស៊ើបអង្កេតរយៈពេល
ត្រឹមមួយសប្ដាហ៍លើឃាតកម្មលោកឈុត វុទ្ធី
រួចក៏បានបិទបញ្ចប់ការស៊ើបអង្កេតនោះទៅវិញដែលធ្វើឲ្យមាន
ការរិះគន់ពីក្រុមសង្គមស៊ីវិលចំពោះអ្វីដែលបានរកឃើញនោះ។
ការស៊ើបអង្កេតបានសង្កត់ធ្ងន់ទៅលើមន្ដ្រីកងរាជអាវុធហត្ថអ៊ីន រតនា
ថា បានបាញ់សម្លាប់លោកឈុត វុទ្ធី
ហើយខ្មាន់កាំភ្លើងបានស្លាប់ដោយការរាកៃកាំភ្លើងក្នុងពេលដែលមាន
ការដណ្តើមកាំភ្លើងពីលោករ៉ាន់ បូរត្ន័
ភា្នក់ងារសន្តិសុខរបស់ក្រុមហ៊ុន Timbergreen។
ឪពុកលោករ៉ាន់ បូរត្ន័ គឺលោក ហ៊ុន រ៉ាន់
បានច្រានចោលការជាប់ពាក់ព័ន្ធថា
កូនរបស់គាត់បានបង្កអំពើមនុស្សឃាតដោយអចេតនាដូចការចោទប្រកាន់
នោះ។ នៅពេលនេះលោក ហ៊ុន រ៉ាន់
កំពុងរង់ចាំការកាត់ទោសបន្ទាប់ពីកូនរបស់គាត់ត្រូវចាប់ឃុំខ្លួន
អស់រយៈពេលបីខែមកហើយ។
«ពិបាកចិត្តដែរតែមិនដឹងធ្វើដូចម្តេច។ ចាំមើលតុលាការកាត់ទោសយ៉ាងម៉េច»។
លោករ៉ាន់
បូរត្ន័គឺជាបុគ្គលតែម្នាក់គត់ដែលត្រូវចាប់ឃាត់ខ្លួនក្នុងអំពើ
ឃាតកម្មលោកឈុត វុទ្ធី។ ក្រុមមន្ដ្រីសិទ្ធិមនុស្សព្រួយបារម្ភថា
សំណុំរឿងឃាតកម្មនេះអាចនឹងត្រូវបិទចោលដោយសារតែជនសង្ស័យថា
បានបាញ់សម្លាប់លោកឈុត វុទ្ធី
ដោយផ្ទាល់បានស្លាប់ទៅហើយៗពុំមានជនជាប់ពាក់ព័ន្ធណាផ្សេងទៀត
ត្រូវបានវែកមុខនោះ។
កាលពីថ្ងៃទី ១៤ ខែកក្កដានេះ លោក ស៊ុន សាមឿន
ប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៌និងជាមេបញ្ជាការរងកងរាជអាវុធហត្ថ
ខេត្តកោះកុងត្រូវបានដកចេញពីដំណែង។ លោកស៊ុន សាមឿន
ត្រូវអង្គការសង្គមស៊ីវិលជឿថា
បានជាប់ពាក់ព័ន្ធនឹងការបញ្ជាកងកម្លាំងរបស់ខ្លួនក្នុងពេលដែលមាន
ការបាញ់ប្រហារលោក ឈុត វុទ្ធីនោះ៕