Friday, July 20, 2012

កម្ពុជា​បាន​ដក​កងទ័ព​ជិត​៥០០ នាក់​ចេញ​ពី​តំបន់​គ្មាន​កងទ័ព


ព្រះវិហារៈ កម្ពុជា កាលពី​ម្សិលមិញ​ បាន​ដក​កងទ័ព​៤៨៥​នាក់​ជា​ផ្លូវ​ការ​ហើយ ក្នុង​ជំហាន​ទីមួយ​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន​ (PDZ) ​ដូច​ដែល​សម្រេច​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ)។
ការ​ដក​ កងទ័ព​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការ​សន្តិភាព​ដែល​គេ​ស្គាល់​ថា​ទី បញ្ជាការ​៥​មករា ស្ថិត​នៅ​ពាក់​កណ្តាល​ផ្លូវ​ឆ្ពោះ​ទៅ​ប្រាសាទ​ស្របគ្នា​នឹង​ខួប​លើក​ទី​ ៤​នៃ​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ ពិភពលោក​។ សេនានុ​ព័ន្ធ​យោធា​មក​ពី​១១​ប្រទេស បាន​ចូល​រួម​ពិធី​ដក​កងទ័ព​នេះ​ដែរ។
តំបន់ ​ដក​កងទ័ព​ទាំង​៤​ដែល​រួម​មាន​ផ្សារ​ជណ្ដើរ​នាគ ផ្លូវ​ឡើង​ជណ្តើរ​ខាង​ជើង និង​ខាង​កើត និង​វត្ត​កែវសិក្ខាគិរីស្វារៈ ដែល​ក្នុង​នោះ​ត្រូវ​ជំនួស​វិញ​ដោយ​កម្លាំង​ប៉ូលិស​២៥៥​នាក់ និង​ក្រុម​ល្បាត​អភិរក្ស​១០០​នាក់​បន្ទាប់​ពី​ជំនួប​រវាង​លោក​នាយក​រដ្ឋ មន្រ្តី​ ហ៊ុន សែន និង​សមភាគី​របស់​លោក គឺ​លោក​ស្រី យីង​ឡាក់ ស៊ីណាវ៉ាត្រា នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី១៣ ខែ​កក្កដា​កន្លង​មក។
រដ្ឋ​មន្រ្តី​ ក្រសួង​ការពារ​ជាតិ​លោក ទៀ បាញ់ ​ដែល​បាន​ចូល​រួម​ពិធី​នេះ បាន​ថ្លែងថា ការ​ប៉ះទង្គិច​គ្នា​ដែល​បាន​កើត​ឡើង​កាល​ពី​មុន មិន​មែន​ដោយ​សារ​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ចូល​ក្នុង​បញ្ជី​ បេតិកភណ្ឌ ពិភពលោក​របស់​អង្គការ​យូណេស្កូ​ទេ ប៉ុន្តែ​ដោយ​សារ​តែ​បញ្ហា​ផែន​ទី​តែ​មួយ​គត់​ដែល​គូស​ដោយ​ភាគី​ថៃ​។
លោក ទៀ បាញ់ បាន​បញ្ជាក់​ថា​៖ «​ការ​ដក​កងទ័ព​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​៤​ឆ្នាំ​។ ការ​ដក​ទាហាន​នៅ​ពេល​នេះ គឺ​ត្រូវ​បង្ហាញ​ច្បាស់​ថា កម្ពុជា​ជា​រដ្ឋ​ភាគី​មួយ ​ដែល​គោរព​តាម​ច្បាប់​អន្តរជាតិ»។
កម្ពុជា និង​ថៃ ​មិន​បាន​កំណត់​ព្រំដែន​រួម​៨០៥​គ.ម​ឲ្យ​បាន​ដាច់​ស្រេច​ទេ ហើយ​ទាហាន​ទាំង​សង​ខាង បាន​ប្រឈម​មុខ​ដាក់​គ្នា​ចាប់​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០០៨ ហើយ​បាន​បាញ់​គ្នា​ជា​ច្រើន​លើក​ច្រើន​សា​ ដោយ​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​តិច​១០​នាក់​ស្លាប់ ហើយ​រាប់​ពាន់​គ្រួសារ​ទៀត ត្រូវ​បាន​ខ្ចាត់​ព្រាត់​។
គេ នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​តើ​ក្រុម​មន្រ្តី​យោធា​ដែល​គេ​ដក​ចេញ​ពី ​ PDZ នឹង​វិល​ត្រឡប់​មក​ផ្ទះ​វិញ​ ឬ​ត្រូវ​ត្រឡប់​ទៅ​អង្គភាព​រៀងៗ​ខ្លួន​របស់​ពួក​គេ​វិញ​ឬ​យ៉ាង​ណា​ទេ ​ប៉ុន្តែ​មុន​ពេល​ចាក​ចេញ​ ពួក​គេ បាន​គ្រវី​ដៃ​ពី​រថយន្ត​កាមីញ៉ុង​យោធា ​ជាមួយ​ស្នាមញញឹម ហើយ​ស្រែក​ថា​រីករាយ​ដែល​បាន​ត្រឡប់​ទៅ​ផ្ទះវិញ​។
ទាហាន ​ម្នាក់​ឈ្មោះ ម៉ា ចិត្ត វ័យ​៤៩​ឆ្នាំ មុន​ពេល​ឡើង​រថយន្ត​រៀប​ចាកចេញ​ បាន​និយាយ​ថា​៖ «​ខ្ញុំ​ពិត​ជា​សប្បាយ​ដែល​នឹង​ជួប​គ្រួសារ​វិញ ហើយ​នឹង​មាន​ពេល​ខ្លះ​សម្រាប់​រក​ស៊ី»។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុម​មន្រ្តី​ព្រំដែន បាន​និយាយ​ថា នៅ​ឯ​ប្រាសាទ​ព្រះវិហារ និង​តំបន់​ច្រើន​ទៀត​ដែល​នៅ​ជិត​នោះ​ គេ​នឹង​លែង​ឃើញ​មាន​ទាហាន​ប្រដាប់​អាវុធ​ទៀត​ហើយ ​ហើយ​ក្រុម​ល្បាត​អភិរក្ស និង​បុគ្គលិក​ប៉ូលិស ​ត្រូវ​គេ​ដាក់​ពង្រាយ​យាម​នៅ​ទី​នោះ។
ប៉ុន្តែ​ លោក ទិត សុធា អ្នក​នាំពាក្យ​អង្គភាព​សារព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី ដែល​បាន​ចូល​រួម​ពិធី​នេះ បាន​និយាយ​ថា ​ការ​ដក​ទាហាន​នេះ គឺជា​ផ្នែក​មួយ​នៃ​តំបន់​ PDZ ហើយ​នឹង​ធ្វើ​នៅ​ជំហាន​ទីពីរ និង​ទីបី​ទៀត​ដើម្បី​អនុវត្ត​ទៅ​តាម​បញ្ជា​ ICJ​។
លោក ទិត សុធា បាន​បញ្ជាក់​ថា៖ «យើង​បាន​ដក​ទាហាន​តែ​នៅ​តំបន់​ខ្លះៗ​នៅ​ក្នុង​រង្វង់ PDZ ប៉ុណ្ណោះ​។ យើង​នឹង​រង់ចាំ​មើល​ការ​អនុវត្ត​របស់​ថៃ ថា​តើ​ពួក​គេ នឹង​ធ្វើ​ដូច​យើង ឬ​អត់?»។
មន្រ្តី​ប៉ូលិស​ព្រំដែន បាន​និយាយ​ថា ថៃ​ ក៏​បាន​ដក​ទាហាន​របស់​ពួក​គេ​ដែរ​នៅ​ក្បែរ​ព្រំដែន ប៉ុន្តែ​មិន​មាន​ការ​បញ្ជាក់​ពី​ចំនួន និង​ទីតាំង​ទេ។
លោក ជុច ភឿន ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ បាន​ថ្លែងថា ការ​ដក​កងទ័ព​នេះ ជា​សញ្ញា​ល្អ​មួយ​សម្រាប់​ការ​ការពារ និង​អភិវឌ្ឍ​ប្រាសាទ ព្រោះ​កម្ពុជា និង​ថៃ ជា​សមាជិក​អង្គការ​យូណេស្កូ។
លោក​ថា៖ «ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​យើង នឹង​មិន​បើក​ច្រក​ព្រំដែន​ព្រះវិហារ​ទេ ព្រោះ​យើង​ធ្លាប់​រងគ្រោះ ហើយ​បាត់​បង់​ប្រយោជន៍​ដោយ​សារ​តែ​ការ​បើក​ច្រក​នេះ​។ យើង​នឹង​បិទ​ច្រក​នេះ​ជា​អចិន្រៃ្តយ៍ ហើយ​នឹង​ពិចារណា​បើក​ច្រក​មួយ​ទៀត​ឲ្យ​ភ្ញៀវ​ទេសចរ​ចូល​ពី​ថៃ​»។
លោក ហេង រតនា អគ្គ​នាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ បាន​ថ្លែងថា លោក​បាន​សម្រួល​ជាមួយ​សមភាគី​ថៃ​របស់​លោក គឺ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​ថៃ អំពី​ដំណើរ​ការ​នៃ​ការ​ដោះ​មីន​នៅ​ក្នុង​រង្វង់​ PDZ ដោយ​ផ្អែក​លើ​កិច្ច​ព្រមព្រៀង​កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​ចម្រុះ​របស់ គណៈ​កម្មការ​ព្រំដែន​ទូទៅ​កាល​ពី​ចុង​ខែ​មិថុនា ប៉ុន្តែ​នៅ​មិន​ទាន់​កំណត់​ពេល វេលា​ជាក់​លាក់​នៅ​ឡើយ​ទេ​៕ NR

Comments system

Disqus Shortname