Saturday, July 21, 2012

អគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋ ៣ខ្នងទាំងព្រឹក នៅខាងលិចផ្សារ ទឹកថ្លា

Photo by DAP-NEWS 
ភ្នំពេញៈ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង ឈើលើក្រោមថ្ម ប្រក់ស័ង្កសី ដែលមានបន្ទប់ជាច្រើន សម្រាប់ជួលឲ្យកម្មករនោះ បានក្លាយជា ចំណីអគ្គិភ័យទាំងព្រឹក ដោយមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។ តែទោះជាយ៉ាងណាអគ្គិភ័យនេះ ត្រូវបានជួយអន្តរាគមន៍ពន្លត់ប្រហែលជា១ម៉ោងឲ្យរលត់ទៅវិញទាំងស្រុង មិនបណ្តាលឲ្យរាលដាល ដល់ផ្ទះប្រជាពលរដ្ឋ ដទៃទៀតដែលនៅក្បែរនោះទេ។
លោកស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ ទូច ណារ៉ុថ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅ កន្លែងកើតហេតុថា ផ្ទះប្រជាពលរដ្ឋចំនួន ៣ខ្នង ធំ២ខ្នង និងតូច១ខ្នង ព្រមទាំងមានបន្ទប់ជាច្រើន សម្រាប់ជួលឲ្យកម្មករនោះ ស្ថិតនៅក្រុមទី១ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវអគ្គិភ័យ ឆាបឆេះនាវេលាម៉ោង ៨ និង១៥នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១២ តែក្រោយការព្យាយាមជួយ អន្តរាគមន៍យ៉ាងយកចិត្តទុកដាក់ និងទាន់ពេលវេលាពីកម្លាំងនគរបាលពន្លត់អគ្គិភ័យ និងសមត្ថកិច្ច ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានជួយពន្លត់ឲ្យភ្លើងរលត់ទៅវិញនៅវេលាម៉ោង ៩ និង១០នាទីព្រឹកថ្ងៃ ដដែល។
លោក ទូច ណារ៉ុថ បានបន្តថា ការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យខាងលើនេះ ប្រើរថយន្តពន្លត់អគ្គិភ័យ ចំនួន១៣គ្រឿង ១០គ្រឿងរបស់កម្លាំងនគរបាល ពន្លត់ អគ្គិភ័យរាជធានីភ្នំពេញ និង៣គ្រឿងរបស់កម្លាំងកងរាជ អាវុធហត្ថ ដោយប្រើទឹកអស់ចំនួន២៦ជៀង តែទោះជាយ៉ាងណា មានការសោកស្តាយដោយសារតែ កន្លែងកើតហេតុមានផ្លូវតូចចង្អៀត រថយន្តមិនអាចូលទៅដល់នោះទេ ដូច្នេះវាមានការលំបាក ដោយ តម្រូវឲ្យកម្លំាងពន្លត់អគ្គិភ័យតទុយោ ដើម្បីបាញ់ពន្លត់ ទើបកម្លាំងនគរបាលមិនអាចជួយពន្លត់ផ្ទះប្រជា ពលរដ្ឋទាំង៣ខ្នងនោះ ឲ្យទាន់ពេលវេលា។
លោក ទូច ណារ៉ុថ បានឲ្យដឹងទៀតថា អគ្គិភ័យនេះ បានបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋជាម្ចាស់ផ្ទះ និងរបស់កម្មករ ដែលជួលផ្ទះអស់មួយចំនួនធំ តែមិនទាន់ដឹងពីមូលហេតុ ដែលបង្កឲ្យមានអគ្គិភ័យនេះ នៅឡើយទេ ដោយកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវ ដោយសាកសួរប្រភពនៅកន្លែងកើតហេតុ។
គួរបញ្ជាក់ថា អគ្គិភ័យនេះ គឺជាករណីទី៤៦ហើយ ក្នុងរយៈជាង៦ខែឆ្នាំ២០១២នេះ៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS

Comments system

Disqus Shortname