ភ្នំពេញ ៖ បន្ទាប់ពី មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល
បានចុះផ្សាយ នៅព័ត៌មាន ស្តីពីស្ថានភាព ដ៏ក្រ លំបាករបស់ លោកយាយ មុំ បឹង
ដែលកំពុងរស់នៅ ក្នុងខ្ទមកំសត់ម្នាក់ឯង តស៊ូក្នុងឆាកជីវិត គ្មានកូនគ្មានចៅ
នៅឯខេត្តព្រៃវែង និងមានជំងឺ ជាប់កាយ កាលពី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១២
កន្លងទៅនោះ មានសប្បុរស ជនជាច្រើន បានចូលរួម ឧបត្ថម្ភ ដល់លោកយាយ
ជាបន្តបន្ទាប់ ។
ជាក់ស្តែង នៅល្ងាចថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១២នេះ បុគ្គលិកសណ្ឋាគារ
រ៉ាហ្វល ឡឺរ៉ូយ៉ាល់ (Raffles Leroyal ) លោក សែត សុភា បានបរិច្ចាគ
ថវិកាផ្ទាល់ខ្លួន ចំនួន ៤ ម៉ឺនរៀល ដើម្បីជួយរំលែក ទុក្ខលំបាក បានមួយគ្រា
ដល់លោកយាយ មុំ បឹង តាមរយៈមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល។ដូនចាស់ មុំ បឹង មានជីវភាពយ៉ាងក្រលំបាក ដោយរស់នៅ កំព្រាតែម្នាក់ឯង នៅក្នុង ភូមិ កោះពាមរាំង ឃុំកោះចេក ស្រុកពាមជរក៍ ខេត្ដព្រៃវែង គ្មានទីពឹងច្បាស់លាស់ ដោយសារតែ កូនស្រីបង្កើត តែម្នាក់គត់ របស់គាត់ ឈ្មោះ សាន សៀម អាយុ ៣៨ឆ្នាំ បានទៅធ្វើការ ជាកម្មករនៅ ប្រទេសម៉ាឡេស៊ី តាំងពី២ឆ្នាំមុន ហើយបាត់ដំណឹងសូន្យឈឹង តែម្តង។
យោងតាមមេឃុំកោះចេក លោក មិល គិរី បានមានប្រសាសន៍ថា លោកយាយ មុំ បឹង ដែលរស់នៅ តែម្នាក់ឯង កំពុងតែមានជំងឺទៀតផង ហើយបច្ចុប្បន្ន បានប្រជាពលរដ្ឋ នៅក្បែរខាង ជួយឧបត្ថម្ភ ម្ហូបអាហារ មួយចំនួនដល់ លោកយាយ។
យ៉ាងណាក៏ដោយ លោកយាយ ដែល បច្ចុប្បន្ន រស់នៅក្នុង ខ្ទមចាស់ទ្រុឌទ្រោម សូមអំពាវនាវស្វែងរកជំនួយ និង ការឧបត្ថម្ភ ពីសប្បុរសជននានា សម្រាប់ ការរស់នៅប្រចាំថ្ងៃ ៕
រូបខាងស្តាំ ពាក់អាវឆ្នូត លោក សែត សុភា(បុគ្គលិកសណ្ឋាគារ )