Friday, July 20, 2012

ឆ្មាំ​គុក​បាញ់រះ​ពលរដ្ឋ​មុន​នឹង​បាញ់​ខ្លួន​ឯង

ភ្នំពេញៈ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ពីរ​នាក់​ស្លាប់ និង​ ៥​នាក់​ទៀត​រង​របួស​ធ្ងន់​និង​ស្រាល ក្នុង​អំពើ​បាញ់​ប្រហារ​មួយ​កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​ នៅ​សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​ចំការមន។
ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ដង​ ផ្លូវ​លេខ​២៧១ និង​អ្នក​ដំណើរ​ឆ្លង​កាត់​កន្លែង​កើត​ហេតុ​​បាន​និយាយ​ថា នៅ​វេលាម៉ោង​ប្រហែល​១០:៣០​នាទី​ព្រឹក​ម្សិលមិញ​នេះ គេ​ឃើញ​បុរស​សង្ស័យ​ម្នាក់ អាយុ​ជាង​៣០​ឆ្នាំ បាន​ស្ទុះ​ឆក់​កាំភ្លើង អាកាស្វាយបត់​មួយ​ដើម​ពី​សមត្ថកិច្ច​នគរបាល ដែល​កំពុង​ឈរ​យាម​នៅ​គោលដៅ​មួយ​កន្លែង​ក្រោយ​ផ្សារ សុវណ្ណា ដែល​ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក នៅ​មុខ​មន្ទីរ​ពេទ្យ​រុស្ស៊ី​តែ​ម្តង។
ក្រុម ​អ្នក​ភូមិ បាន​និយាយ​ទៀត​ថា ក្រោយពី​ជន​សង្ស័យ​បាន​ឆក់​យក​កាំភ្លើង​ពី​មន្ត្រី​នគរបាល​នោះ​ហើយ ក៏​ចាប់​ផ្ដើម​ធ្វើ​ការ​បាញ់​រះ​ជា​ច្រើន​គ្រាប់​មក​លើ​ប្រជាពលរដ្ឋ ដែល​រស់​នៅ​និង​អ្នក​កំពុង​ធ្វើ​ដំណើរ​ឆ្លង​កាត់​នៅ​ក្នុង​តំបន់​នោះ បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង និង បុរស ស្ត្រី​៥ នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់។ បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​បាញ់​សម្លាប់​ខ្លួន​ឯង​តែ​ម្ដង។
លោក ម៉ី ប៊ុនរិន នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ទំនប់​ទឹក បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា បន្ទាប់​ពី​ស្ថានភាព​នៃ​ការ​ផ្ទុះ​អាវុធ​កណ្ដាល​ទី​ប្រជុំជន​រាជធានី​ ភ្នំពេញ​នេះ​បាន​ស្ងប់ស្ងាត់ សមត្ថកិច្ច​របស់​លោក បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ និង​ជួយ​អន្តរាគមន៍​ដឹក​ជនរងគ្រោះ​យក​ទៅ​កាន់​មន្ទីរ​ពេទ្យ​នៅ​ក្បែរ​នោះ [មន្ទីរ​ពេទ្យ​រុស្សី] ដើម្បី​សង្គ្រោះ និង​បាន​រក​ឃើញ​អត្តសញ្ញាណ​របស់​ជន​សង្ស័យ​នោះ គឺ​ឈ្មោះ​សូ វុទ្ធី ហៅ​ពុំ អាយុ ៣៣​ឆ្នាំ ជា​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ព្រៃស។​
លោក​ឃាង សែ អាយុ​៣៣​ឆ្នាំ ដែល​ត្រូវ​ជា​កូន​របស់​ស្ត្រី​រង​គ្រោះ​ឈ្មោះ ងួន ហេង​ អាយុ​៥៨​ឆ្នាំ និង​ជា​បង​ប្រុស​របស់​កញ្ញា​ ងួន ពិសី​ អាយុ​២៤​ឆ្នាំ ដែល​កំពុង​សម្រាក​នៅ​បន្ទប់​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ រុស្ស៊ី បាន​ប្រាប់​ភ្នំពេញ ​ប៉ុស្តិ៍​ថា ជន​សង្ស័យ​មាន​អាការ​ដូច​ជា​ញៀន​ថ្នាំ ដើរ​មក​កញ្ឆក់​កាំភ្លើង​ពី​មន្ត្រី​នគរបាល​ម្នាក់​ហើយ​ដើរ​សំដៅ​ទៅ​មុខ​ផ្ទះ ​ របស់​គាត់ ពេល​នោះ​ម្ដាយ​គាត់​ចេញ​ទៅ​ស្រាប់​តែ​ជន​នោះ​បាញ់​តែ​ម្ដង។ បន្ទាប់​មក​ប្អូន​ស្រី​របស់​លោក​ស្ទុះ​ចេញ​ទៅ​លើក​ម្ដាយ ក៏​ត្រូវ​វា​បាញ់​ថែម​ទៀត។
លោក​ បាន​បន្តថា៖ «ឃើញ​ដូច្នោះ​ខ្ញុំ​ក៏​ពួន​សម្ងំ​នៅ​ក្នុង​ផ្ទះ ក្រោយ​មក​ឮ​ស្នូរ​ផ្ទុះ​កាំភ្លើង​ម្ដង​ទៀត​...មួយ​សន្ទុះ​ក្រោយ​មក​ខ្ញុំ​ ចេញ ​មក​ក្រៅ​ក៏​ឃើញ​វា​ដួល​ទៅ​លើ​ដី​ស្លាប់​តែ​ម្ដង»។
លោក បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ម្ដាយ​និង​ប្អូន​ស្រី​របស់​គាត់​ត្រូវ​ជន​សង្ស័យ​បាញ់​ត្រូវ​ក្នុង​ម្នាក់ៗ ចំនួន​២​គ្រាប់ ចំស្មា​ស្តាំ​ផ្នែក​ខាង​លើ និង​ត្រគាក ដូចៗ​គ្នា។
លោក បាន​បញ្ជាក់​ថា៖ «ពេល​នេះ​ម្ដាយ និង​ប្អូន​ស្រី​របស់​ខ្ញុំ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៅ​ឡើយ ហើយ​ខ្ញុំ​បារម្ភ​ពី​សុវត្ថិភាព​របស់​ពួក​គាត់​ខ្លាំង​ណាស់។ តាម​គ្រូ​ពេទ្យ​ប្រាប់​ខ្ញុំ ពួក​គាត់​មាន​សង្ឃឹម​រស់​ប្រមាណ​ជា​៦០​ភាគរយ​ប៉ុណ្ណោះ»។
មក​ទល់​ពេល​ នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ ដែល​នាំ​ឲ្យ​ជន​សង្ស័យ​ ស្ទុះ​ទៅ​ដណ្ដើម​កាំភ្លើង​ពី​មន្ត្រី​នគរបាល ដែល​ប្រចាំ​ការ​នៅ​ក្នុង​តំបន់​នោះ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​បើ​តាម​លោក ស៊ុន លាន ប្រធាន​ពន្ធនាគារ​ព្រៃ​ស​(ម១) បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​សង្ស័យ ឈ្មោះ សូ វុទ្ធី ធ្លាប់​មាន​វិបត្តិ​ប្តី​ប្រពន្ធ ហើយ​បាន​សុំ​ច្បាប់​ឈប់​សម្រាក​អស់​រយៈ​ពេល​មួយ​ខែ​ហើយ​។
លោក បាន​ថ្លែងថា៖ «ខ្ញុំ​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់​អំពី​ករណី​ដែល​គេ​បាន ប្រព្រឹត្ត​នោះ​ទេ ព្រោះ​គាត់​បាន​ដាក់​ច្បាប់​ឈប់​សម្រាក​ជាង​មួយ​ខែ​ហើយ ដោយ​គាត់​ប្រាប់​ថា​គាត់​សុំ​ឈប់​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ក្នុង​គ្រួសារ របស់​គាត់»។​
ទោះ​ជា​បែប​ណា​ក្ដី​គេ​នៅ​មិន​ទាន់​ដឹង​ថា​តើ​ក្នុង​ ករណី​សមត្ថកិច្ច​ បណ្ដោយ​ឲ្យ​ជន​សង្ស័យ​ដណ្ដើម​អាវុធ​ពី​ខ្លួន​បាន ហើយ​យក​ទៅ​បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ បណ្ដាល​ឲ្យ​ស្លាប់​ និង​រង​របួស​បែប​នេះ សមត្ថកិច្ច​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧបទ្ទវហេតុ​នេះ ក្នុង​កម្រិត​បែប​​ណា​នោះ​ទេ?
លោក ចាន់ សូវេត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​និយាយ​ថា ក្នុង​ករណី​នេះ មន្ត្រី​នគរបាល​ដែល​ចាំ​យាម​នៅ​ក្នុង​តំបន់​កើត​ហេតុ មាន​ការ​ធ្វេសប្រហែស​ខ្លាំង​បំផុត រហូត​បណ្ដោយ​ឲ្យ​ជន​សង្ស័យ​ ឆក់​យក​អាវុធ​ពី​ខ្លួន​បាន​យក​មក​បង្កហេតុ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ពលរដ្ឋ និង​សណ្ដាប់​ធ្នាប់ សុវត្ថិភាព សង្គម​។
លោក ថ្លែង​ថា៖ «ជា​ការ​ពិត មន្ត្រី​នគរបាល​រូប​នោះ គឺ​ត្រូវ​តែ​មាន​ទោស​ចំពោះភាព​ធ្វេស​ប្រហែស​របស់​គាត់។ តែ​ ទោះ​ជា​បែប​ណា​ក្ដី ខ្ញុំ​សូម​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តា​ចាត់​វិធានការ ស៊ើប​អង្កេត​ទៅ​លើ​ករណី​នេះ​ឲ្យ​បាន​ច្បាស់​លាស់ ជាមុន​សិន មុន​ពេល​ដាក់​ពិន័យ​រដ្ឋបាល ឬធ្វើ​យ៉ាង​ណា​នោះ»៕

Comments system

Disqus Shortname