Tuesday, July 10, 2012

កម្ពុជា-​វៀតណាម​នឹង​ប្រជុំ​អំពី​បញ្ហា​ព្រំដែន​នៅ​ថ្ងៃ​១០-​១៣ កក្កដា

មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មការ​ចម្រុះ​ព្រំដែន ឲ្យ​ដឹង​ថា គណៈកម្មការ​បច្ចេកទេស​ព្រំដែន​កម្ពុជា-​វៀតណាម គ្រោង​នឹង​ពិភាក្សា​គ្នា​ពី​ការ​ផ្ទៀង​ផ្ទាត់​​គូស​ចំលង​ខ្សែ​បន្ទាត់​ ព្រំដែន នៅ​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៣ ខែ​កក្កដា។
អនុ​ប្រធាន​គណៈកម្មាធិការ​ចំរុះ​កិច្ចការ​ព្រំដែន​កម្ពុជា អ្នកស្រី កុយ ពិសី នៅ​ថ្ងៃ​ទី​៩ កក្កដា មាន​ប្រសាសន៍​ថា គណៈកម្មការ​បច្ចេកទេស​ព្រំដែន​កម្ពុជា និង​វៀតណាម នឹង​បើក​កិច្ច​ប្រជុំ​ទ្វេ​ភាគី ដើម្បី​​ផ្ទៀងផ្ទាត់​ការ​គូស​ចំលង​ខ្សែ​ព្រំដែន​ពី​ផែន​ទី​មាត្រដ្ឋាន ១/១០០.០០០ ទៅ​មាត្រដ្ឋាន ១/៥០.០០០ នៃ​ប្រទេស​ទាំង​ពីរ។ អ្នកស្រី​បន្ត​ថា ការងារ​បច្ចេកទេស​ចំលង​ខ្សែ​ព្រំដែន​នេះ ចំលង​តាំង​ពី​ឆ្នាំ​២០០៦ គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០១២។
អ្នកស្រី​អះអាង​ថា ការ​អូស​បន្លាយ​ពេល​វេលា​គូស​ចំលង​ខ្សែ​ផែនទី​នេះ ដោយសារ​ភាគី​ទាំង​សង​ខាង​មិន​ទាន់​ស្រុះស្រួល​គ្នា​លើ​ចំណុច​មួយ​ចំនួន៖ «អត់ ​ត្រូវ​គ្នា​ដោយសារ​តែ​យើង​គូស​ចំលង។ ឥឡូវ​ហ្នឹង​មាន​មាត្រដ្ឋាន ១ លើ ១០០.០០០ ហ្នឹង​អត់​ស្រប​គ្នា​នឹង​នៅ​លើ​ដី​ជាក់​ស្ដែង។ មាន​ន័យ​ថា ពលរដ្ឋ​រស់​នៅ​លើ​ដី​ជាក់​ស្ដែង​ហ្នឹង​រស់​នៅ​តាម​ទម្លាប់ អត់​រស់​នៅ​តាម​ព្រំដែន​ទេ ដល់​ពេល​ធ្វើ​ផែនទី​មាន​បញ្ហា​ស្មុគស្មាញ​ច្រើន​ដែល​ត្រូវ​ធ្វើ​ការ​ សម្របសម្រួល»
អ្នកស្រី កុយ ពិសី បន្ត​ថា បើ​សិន​ការ​ពិភាក្សា​គ្នា​រវាង​គណៈកម្មការ​បច្ចេកទេស​ទាំង​ពីរ​មាន​ដំណើរ​ បាន​លឿន នឹង​ងាយ​ឈាន​ទៅ​ធ្វើ​ការងារ​ជា​បន្ត​ទៅ​ទៀត។
មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា គណបក្ស សម រង្ស៉ី មិន​ទទួល​ស្គាល់​ឡើយ​ការ​ព្រមព្រៀង​ណា​មួយ​របស់​ភាគី​កម្ពុជា និង​វៀតណាម ក្នុង​បញ្ហា​ព្រំដែន​បច្ចុប្បន្ន។ លោក​បន្ត​ថា លោក​គ្មាន​ជំនឿ​លើ​គណៈកម្មការ​បច្ចេកទេស​កម្ពុជា ថា​ពួកគេ​បម្រើ​ផលប្រយោជន៍​ប្រទេស​កម្ពុជា​ឡើយ។
លោក យឹម សុវណ្ណ៖ «យើង​អត់​មាន​ជំនឿ​ទាល់​តែ​សោះ​ថា គណៈកម្មការ​ទាំង​ពីរ​នឹង​ដោះស្រាយ​បញ្ហា​ប្រកប​ដោយ​តម្លាភាព​ឡើយ»
យ៉ាង​ណា​ក៏ដោយ មន្ត្រី​ជាន់​ខ្ពស់​គណៈកម្មការ​ចម្រុះ​ព្រំដែន​កម្ពុជា អ្នកស្រី កុយ ពិសី ឲ្យ​ដឹង​ថា បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈកម្មការ​បច្ចេកទេស​រួច កម្ពុជា​នឹង​រៀបចំ​ផលិត​ផែនទី​ថ្មី​ដែល​រៀបចំ​ខ្សែ​ព្រំដែន​នៅ​លើ​ដី ឲ្យ​ត្រូវ​នឹង​ខ្សែ​ព្រំដែន​នៅ​លើ​ផែនទី និង​បង្គោល​ព្រំដែន​ជាក់​ស្តែង។
កន្លង​ទៅ​អ្នក​ជំនាញ​កិច្ចការ​ព្រំដែន​បាន​រិះគន់​​រដ្ឋាភិបាល​កម្ពុជា​ ថា ធ្វើ​ការ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ ដោយសារ​តែ​គេ​​​រក​ឃើញ​ថា រដ្ឋាភិបាល​ព្យាយាម​ប្រើ​ប្រាស់​ផែន​ទី​ខ្នាត ១ ​លើ ៥០​ពាន់ ដែល​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ចុះ​កិច្ច​ព្រមព្រៀង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម ឆ្នាំ​២០០៥ ជាមួយ​ប្រទេស​វៀតណាម។ ចំណែក​ខ្នាត​ផែន​ទី​ទំហំ ១ លើ ១០០​ពាន់ ដែល​រដ្ឋការ​បារាំង បន្សល់​​ទុក​រវាង​ឆ្នាំ​១៩៣០ និង​ឆ្នាំ​១៩៥៣ រួម​នឹង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ដែល​សង្គម​ស៊ីវិល​គិត​ថា ជា​ការ​ចំណេញ​ដល់​កម្ពុជា​នោះ បែរ​ជា​ត្រូវ​បាន​រដ្ឋាភិបាល​បាន​ទម្លាក់​ចោល​ទៅ​វិញ៕

Comments system

Disqus Shortname