Friday, July 27, 2012

សម្រេច​ចោទ​ប្រកាន់​មន្ត្រី​២​នាក់​រឿង​ឈូស​ទន្រ្ទាន​ព្រៃ​លិច​ទឹក


120726_01
មន្ត្រី ​២នាក់ដែល​បាន​ឃាត់​ខ្លួន​ទាក់ទង​នឹង​ការ​ឈូស​ទន្ទ្រាន​ព្រៃ​លិចទឹក​ ដើរ​ចេញ​ពី​សាលាដំបូង​រាជធានីភ្នំពេញកាលពីថ្ងៃ​ម្សិលមិញ​​​។ រូបថត គីមឡុង

ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ម្សិល​មិញ បាន​សម្រេច​ចោទ​ប្រកាន់​​មន្ត្រី​រដ្ឋា​ភិបាល​២​នាក់​និង​កសិករ​៤​នាក់​ ដែល​អាជ្ញាធរ​បាន​ឃាត់​ខ្លួន​នៅ​ខេត្ត​កំពង់ធំ ដោយ​មាន​ជាប់​ពាក់​ព័ន្ធនឹង​បទ​ល្មើស​ប្រើ​ប្រាស់​គ្រឿង​ចក្រ​ឈូស​ឆាយ ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ហាម​ឃាត់​ជម្រក ត្រី​ពង​កូន​និង​អភិរក្ស​ត្រី​មេ​ពូជ នៅ​ក្នុង​ស្រុក​ស្ទោង ខេត្ត​កំពង់ធំ។
កញ្ញា វ៉ា សក្កា ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សំណុំ​រឿង​នេះ​បាន​បញ្ជូន​ទៅ​ដល់​ដៃ​ចៅក្រម​ស៊ើប​សួរ​ហើយ​។ តែព្រះ​រាជ​អាជ្ញា​រូប​នោះ បាន​បដិសេធ​ពុំ​ព្រម​ផ្តល់​ពី​បទ​ចោទ​នោះ​ទេ​។ កញ្ញា​បាន​ឲ្យដឹង​ទៀត​ថា​ ៖ «ខ្ញុំ​មិន​បាន​កាន់​រឿង​នោះ​ទេ​ដូច្នេះ​សុំ​ទាក់​ទង​ទៅ​ចៅ​ក្រម​ស៊ើប​សួរ»។
លោក ​ចៅ​ក្រម សេង នាង ដែល​បាន​ចុះ​ហត្ថលេខា​លើ​ដី​កា​បង្គាប់​ឲ្យនាំ​ខ្លួន​នោះ​ពុំ​អាច​ទំនាក់​ ទំនង ដើម្បី​ធ្វើ​ការ​អត្ថា​ធិប្បាយ​បាន​ទេ​កាល​ពីថ្ងៃ​ពុធ​ម្សិល​មិញ។​
មនុស្ស ​ចំនួន​៦​នាក់​ដែល​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ លើ​ផ្ទៃ​ប្រទេស​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែ​កក្កដា នោះ មាន​ដូច​ជា​លោក​ជាតិ ស៊ីវុត្ថា ប្រធាន​មន្ទីរ​ធន​ធាន​ទឹកនិង​ឧតុនិយម​ខេត្ត​កំពង់​ធំ លោក​ពាញ ពូល ​មេ​ឃុំ​សំព្រោច លោក​ម៉េង ផល្លី លោក​ថាវ ទុំ លោក​ធាង ​ធា និង​អ្នក​ស្រី​យក់ គឹម​ឡេង ដោយ​អ្នក​ទាំង​អស់​មាន​ជាប់​ពាក់​ព័ន្ធ​បទ​ល្មើស​ប្រើ​ប្រាស់​គ្រឿង ចក្រ​រាប់​សិប​គ្រឿង​ទៅ​ឈូស​ឆាយ​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក នៅ​បឹង​ទន្លេ​សាប​នៅ​កំពង់​ធំ​យ៉ាង​អនា​ធិប​តេយ្យ។
លោក​ហង្ស ថុល​ មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពង់ធំ បាន​ឲ្យ​ដឹង​ថា មនុស្ស​ទាំង​៦​នាក់​នោះ បាន​បញ្ជូន​មក​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៥​ ខែ​កក្កដា ហើយ​ការ​ឃាត់​ខ្លួន​ជន​ទាំង​នោះ ​គឺ​​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​សាលា​ដំបូង​រាជធានី ភ្នំពេញ​ចុះ​ថ្ងៃ​ទី​២៣ ខែ​កក្កដា​ ក្រោម​បទ​ចោទ​ប្រកាន់ ធ្វើ​សកម្ម​ភាព​បំពាន​នៅក្នុង​តំបន់​ហាម​ឃាត់​ដែល​ជា​តំបន់​គ្រប់​គ្រង​ដោយ​ ស្ថាប័ន​ជល​ផល និង​ធនធាន​ទឹក ហើយ​បាន​កាប់ឆ្ការ​គាស់​រាន​ឈូស​ឆាយ ហ៊ុម​ព័ទ្ធ កាន់​កាប់ និង​ធ្វើ​ឲ្យ​ខូច​ខាត ឬ​បំផ្លាញ​ចោល​បង្គោល​ព្រំ​ខណ្ឌ និង​ផ្លាស់ប្ដូរ​រំកិល ឬ​ជីក​បង្គោល​ខណ្ឌ​ព្រំ ជីក​ប្រឡាយ​និង​លើក​ទំនប់​អាងសាង​សង់​​ថ្មីៗ។ លោក​ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា៖ «​ខ្ញុំ​ពុំ​ទាន់​ដឹង​ថា​តើ​តុលាកា​ក្រុង​ភ្នំពេញ​នឹង​ចាត់​វិធាន​ការ​យ៉ាង​ ណា​ចំពោះ​ជន​ទាំង​អស់​នោះ​ទេ​។​ ការ​ចូល​​ឈូស​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​នោះ គឺ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ជម្រក​ពង​ត្រី ពី​ព្រោះ​នៅ​រដូវ​វស្សា​ត្រី​មក​ជ្រក​បណ្តែត​ពង​នៅ​ក្នុង​តំបន់​នោះ»។
លោក បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​កា​រ​ចុះ​បង្ក្រាប​នោះ​អាជ្ញាធរ បាន​ស្រាវ​ជ្រាវ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​៦​នាក់​ និង​រឹប​អូស​អេស្កា​វ៉ាទ័រ​បាន​ចំនួន​៤៥​គ្រឿង ហើយ​បច្ចុប្បន្ន​គ្រឿង​ចក្រ​ទាំង​អស់​បាន​យក​ទៅទុក​នៅ​ទី​បញ្ជាការ​ដ្ឋាន កង​រាជ​អាវុធ​ហត្ថ​ស្រុក​ស្ទោង​ខេត្ត​កំពង់​ធំ ដើម្បី​ចាត់​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់។
លោក​ឈុន ឈន់ អភិបាល​ខេត្ត​កំពង់​ធំ បាន​ថ្លែ​ង​ឲ្យ​ដឹង​ថា ទាក់​ទិន​ទៅ​នឹង​បញ្ហា​នោះ​លោក​ពុំ​បាន​ទទួល​បាន​ព័ត៌មាន​អ្វី​នោះ​ទេ ពី​ព្រោះកិច្ច​ការ​នោះ​ថ្នាក់​ជាតិ​ជា​អ្នក​ធ្វើ​។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​ខ្ញុំ​ពុំ​បាន​ដឹង​រឿង​អ្វី​នោះទេ​ ពីព្រោះ​វា​ជា​កិច្ច​ការ​របស់​ថ្នាក់​ជាតិ»។​
លោក​ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក ​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ការ​ចាប់​ខ្លួន​ជន​ទាំង​នោះ​មក​ធ្វើ​ការ​សាក​សួរ​នៅ​ឯ​សាលា​ដំបូង​ក្រុង​ ភ្នំពេញ​នោះ​អនុវត្ត​ទៅ​តាម​ដីកា​កោះ​ឲ្យ​នាំខ្លួន ចុះ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០១២ របស់​លោក សេង នាង ចៅ​ក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ នេះ គឺ​ជា​កា​រលើក​ទឹក​ចិត្ត​ដល់​ពលរដ្ឋ​ដែល​នៅ​ក្នុង​តំបន់​នោះ​ពី​ព្រោះ​ អ្នក​ទាំង​អស់​នោះ​កន្លង​មក​បាន​​ដើរ​ប្រព្រឹត្ត​តាម​តែ​ទំនើង​ចិត្ត​ ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ហ៊ាន​ធ្វើ​អ្វី​ពួក​គេ​នោះ​ទេ​។ លោក​បាន​ឲ្យ​​ដឹង​ទៀត​ថា​៖ «​​យើង​ទទូច​ស្នើឲ្យ​តុលាការ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​និង​ផ្តន្ទា​ទោស​ ពួក​គេ​ទៅ​តាម​អ្វី​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​​ចៀស​វាង​គ្រាន់​តែ​ឃាត់​ ខ្លួន​ធ្វើ​ការ​សួ​រនាំ​ ហើយ​ឲ្យ​រួច​ខ្លួន​វិញ​នោះ​»៕

Comments system

Disqus Shortname