Tuesday, July 10, 2012

សង្គម​ស៊ីវិល​ស្នើ​កុំ​ឲ្យ​អាស៊ាន​អនុម័ត​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន

អង្គការ​មិន​មែន​រដ្ឋាភិបាល ៦៣ មក​ពី​ប្រទេស​សមាជិក​អាស៊ាន បាន​អំពាវនាវ​សុំ​ឲ្យ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន (AMM) លើក​ទី​៤៥ នា​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​៩ កក្កដា កុំ​ទាន់​អនុម័ត​សេចក្ដី​ព្រាង​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន (AHRD) ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​អាស៊ាន លើ​បញ្ហា​សិទ្ធិ​មនុស្ស (AICHR)។

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន ៦៣ ក្នុង​ចំណោម​ប្រទេស​អាស៊ាន លើក​ឡើង ៤​ចំណុច ទាក់ទង​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​នោះ។ ទី​១ សុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ពន្យារ​ការ​អនុម័ត​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​នោះ ក្នុង​កិច្ច​ប្រជុំ​លើក​ទី ៤៥ នៅ​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា។ ទី​២ សុំ​ឲ្យ​មាន​ការ​ចែកចាយ​ជា​សាធារណៈ​សេចក្ដី​ព្រាង​សេចក្ដី​ប្រកាស​សិទ្ធិ​ មនុស្ស​អាស៊ាន ក្រោយ​ពេល​មាន​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន លើក​ទី ៤៥ នេះ។
ទី​៣ សុំ​ឲ្យ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​រៀបចំ​ឲ្យ​មាន​វេទិកា​សាធារណៈ ជជែក​អំពី​ខ្លឹមសារ​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​នោះ​ឲ្យ​បាន​ទូលំទូលាយ មាន​តម្លាភាព និង​មាន​ការ​ចូល​រួម​ពី​ស្ថាប័ន និង​ផ្នែក​ពាក់ព័ន្ធ​ទាំង​អស់​លើ​បញ្ហា​សិទ្ធិ​មនុស្ស ជា​ពិសេស​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ខាង​ផ្នែក​សិទ្ធិ​ មនុស្ស។ ទី​៤ ត្រូវ​ធ្វើ​ឲ្យ​មាន​ការ​ធានា​ថា មាន​ការ​ផ្ដល់​ជំនួយ​ទាំង​អ្នក​ជំនាញ និង​បច្ចេកទេស​ពី​ឧត្ដម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ ​ប្រជាជាតិ និង​ស្ថាប័ន​អង្គការ​សហ​ប្រជាជាតិ​ដទៃ​ទៀត ដើម្បី​ធានា​យ៉ាង​ណា​ឲ្យ​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​របស់​អាស៊ាន​នេះ មិន​មាន​លក្ខណៈ​ទាប​ជាង​ស្តង់ដារ​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​សកល​របស់​ អន្តរជាតិ​ឡើយ។
អ្នកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ឈ្មោះ​លីកាដូ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៨ កក្កដា ថា មូលហេតុ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ប្រទេស​អាស៊ាន​តវ៉ា​សុំ​កុំ​ឲ្យ​ រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​អនុម័ត​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន នៅ​ពេល​នេះ ដោយសារ​ខ្លឹមសារ​សេចក្ដី​ប្រកាស​នោះ​មិន​បាន​បើក​ចំហ​ឲ្យ​ប្រជាពលរដ្ឋ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​ដឹង និង​ចូល​រួម​មតិ។
អ្នកស្រី ពុង ឈីវកេក៖ «ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នោះ​បាន​ចូល​រួម​ចំណែក ចង់​បាន​អី​នៅ​ក្នុង​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​នោះ។ សំខាន់​ណាស់ ដល់​បាន​ទាំង​អស់​គ្នា​មក បាន​អ្នក​បច្ចេកទេស​ដែល​ព្រាង​សេចក្ដី​ព្រាង សេចក្ដី​ថ្លែងការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន​នោះ យក​មតិ​ទាំង​អស់​នោះ​មក​ដាក់​បញ្ចូល​គ្នា ហើយ​បាន​យក​ទៅ​ចែក​ចាយ​ជូន​រដ្ឋមន្ត្រី​ការបរទេស លោក​យក​ទៅ​ពិចារណា។ ហើយ​នេះ​អត់​បាន​ឃើញ ហើយ​អត់​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទៀត។ អ៊ីចឹង​មាន​ការ​ខ្វះខាត​ច្រើន​មែន​ទែន»
អ្នកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​លីកាដូ មាន​ប្រសាសន៍​ថា កន្លង​មក​ក្នុង​ចំណោម​ប្រទេស​ទាំង ១០​ជា​សមាជិក​អាស៊ាន​នោះ មាន​តែ​ប្រទេស​មួយ​ចំនួន​ប៉ុណ្ណោះ គឺ​ប្រទេស ថៃ​ ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ដែល​បាន​លើក​យក​សេចក្ដី​ព្រាង​ខ្លឹមសារ​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​ អាស៊ាន ទៅ​ពិភាក្សា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ដើម្បី​ជជែក​ពិភាក្សា​បំពេញ​បន្ថែម​ចំណុច​ខ្វះខាត​នានា ដែល​មិន​មាន​ចែង​នៅ​ក្នុង​សេចក្ដី​ព្រាង​សិទ្ធិ​មនុស្ស​អាស៊ាន​នោះ។
អ្នកស្រី ពុង ឈីវកេក៖ «មិន​មាន​ទាំង ១០​ប្រទេស​នោះ​ទេ ក្នុង​ប្រទេស​មួយៗ ដូចជា​ស្រុក​ខ្មែរ​ក្តី ស្រុក​ហ្វីលីពីន ស្រុក​ឡាវ ស្រុក​វៀតណាម ម្នាក់ៗ​ត្រូវ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ត្រូវ​មាន​ការ​សួរ​ពិគ្រោះ​យោបល់​ជាមួយ​ទាំង​អស់​គ្នា។ បាន​ន័យ​ថា សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​សម្រាប់​ស្រ្តី សម្រាប់​កុមារ ឲ្យ​តែ​រឿង​សិទ្ធិ​មនុស្ស ហើយ​ជាមួយ​រដ្ឋាភិបាល​ទៀត។ អ៊ីចឹង​យើង​ត្រូវ​តែ​មាន​ការ​ពិគ្រោះ​យោបល់​គ្នា ដើម្បី​ឲ្យ​បាន​មតិ​ជា​ច្រើន​ដាក់​ទៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​សិទ្ធិ​ មនុស្ស​អាស៊ាន​នោះ»
លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា និង​ធ្លាប់​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​អាស៊ី​នៅ​ក្រុង​ហុងកុង បាន​ថ្លែង​ថា ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​និយាម​កម្រិត​ខ្ពស់ ដូច្នេះ​បើ​សិន​ជា​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន មាន​កម្រិត​ទាប​វា​នឹង​ទាញ​ឲ្យ​ការ​អនុវត្ត​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ កម្ពុជា មាន​កម្រិត​ទាប​ទៅ​វិញ។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ៖ «អាស៊ាន​ទាំង ១០​នោះ បើ​និយាយ​ទៅ គឺ​ខ្មែរ​យើង បើ​និយាយ​ជា​គោលការណ៍ និង​កាតព្វកិច្ច គឺ​កម្ពុជា​យើង​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស និង​គោរព​ប្រជាពលរដ្ឋ​ខ្លួន​ឯង​នោះ គឺ​ខ្ពស់​ជាង​គេ​បង្អស់ ហើយ​ដល់​យើង​ធ្វើ​សេចក្ដី​ថ្លែងការណ៍​នោះ។ អ៊ីចឹង​បាន​ជា​ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាច​វា​កាត់​បន្ថយ​ណា គឺ​ចំនួន​សិទ្ធិ​មនុស្ស និង​ការ​បក​ស្រាយ​សិទ្ធិ​មនុស្ស​ហ្នឹង និង​ការ​អនុវត្ត​ជាក់​ស្ដែង និង​ការ​ធានា​នោះ​មិន​បាន​គត់មត់ ដូច​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា និង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស»
វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​លោក ឱម យ៉ិនទៀង តំណាង​ប្រទេស​កម្ពុជា ក្នុង​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​អាស៊ាន រៀបចំ​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន បាន​ឡើយ​នៅ​ថ្ងៃ​ទី​៨ កក្កដា នេះ ដើម្បី​សុំ​យោបល់​ចំពោះ​ការ​ទាមទារ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល ទាក់ទង​សេចក្ដី​ព្រាង​សេចក្ដី​ប្រកាស​អាស៊ាន​សិទ្ធិ​មនុស្ស​នេះ។
នៅ​ក្នុង​របៀបវារៈ​ប្រជុំ​របស់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​រសៀល​ថ្ងៃ​ទី​៨ កក្កដា បាន​សរសេរ​ថា នឹង​មាន​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ជាមួយ​តំណាង​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ របស់​ប្រទេស​អាស៊ាន។
កាសែត​ថៃ ឈ្មោះ ឌឹ ណេសិន (THE NATION) បាន​ដក​ស្រង់​ប្រសាសន៍​លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuang Ketkeow) រដ្ឋលេខាធិការ​អចិន្ត្រៃយ៍​ក្រសួង​ការបរទេស​ថៃ បាន​ថ្លែង​ឲ្យ​ដឹង​មុន​ចូល​រួម​ប្រជុំ​ជាមួយ​គណៈកម្មាធិការ​អន្តរ​ រដ្ឋាភិបាល​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​ប្រទេស​អាស៊ាន​ថា សមាជិក​អាស៊ាន​សង្ឃឹម​ថា សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​នោះ មាន​កម្រិត​ស្តង់ដារ​អន្តរជាតិ។
លោក​បាន​ថ្លែង​ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នឹង​ពិនិត្យ​មើល​សេចក្ដី​ព្រាង​ សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​នោះ ហើយ​និង​តែងតាំង​មន្ត្រី​ជាន់​ខ្ពស់​ដើម្បី​ធ្វើ​ការ​ជាមួយ​គ្នា​លើ​សេចក្ដី ​ប្រកាស​នោះ មុន​ពេល​ដាក់​ឲ្យ​មេដឹកនាំ​ប្រទេស​អាស៊ាន ពិនិត្យ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៅ​ខែ​វិច្ឆិកា ខាង​មុខ​នេះ​នៅ​កម្ពុជា។
នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង ៦៣ របស់​ប្រទេស​អាស៊ាន បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សេចក្ដី​ព្រាង​សេចក្ដី​ថ្លែងការណ៍​សិទ្ធិ​មនុស្ស​អាស៊ាន​នោះ នៅ​មាន​ចំណុច​ខ្វះខាត​ជា​ច្រើន​ទាក់ទង​សិទ្ធិ​ស្វ័យ​សម្រេច សិទ្ធិ​ជនជាតិ​ភាគ​តិច និង​សមភាព​យេនឌ័រ ជាដើម​។ល។
មក​ទល់​ពេល​នេះ​មិន​មាន​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ សេចក្ដី​ព្រាង​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន នៅ​ឡើយ​ទេ។ កន្លង​មក​នៅ​ក្នុង​កិច្ច​ពិភាក្សា​រវាង​តំណាង​គណៈកម្មាធិការ​ អន្តររដ្ឋាភិបាល​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​របស់​ប្រទេស​អាស៊ាន ជាមួយ​តំណាង​សង្គម​ស៊ីវិល​នៅ​ប្រទេស​ម៉ាឡេស៊ី ​និង​ឥណ្ឌូនេស៊ី នោះ មាន​តែ​ចំណុច​ខ្លះៗ នៃ​សេចក្ដី​ព្រាង​សេចក្ដី​ប្រកាស​សិទ្ធិ​មនុស្ស​អាស៊ាន​ប៉ុណ្ណោះ ដែល​ត្រូវ​ភាគី​រដ្ឋាភិបាល​បញ្ចេញ​ឲ្យ​ដឹង៕

Comments system

Disqus Shortname