ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី (ឆ្វេងទី២) យាងដាំកូនឈើក្នុងពិធីរុក្ខទិវាជាតិ លើកទី២២ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១២។ |
នៅក្នុងឱកាសនោះ ព្រះអង្គបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបជួយជំរុញការ ដាំដើមឈើគ្រប់ប្រភេទនៅតាមភូមិ តាមភ្លឺស្រែ ឬតាមព្រំដីចំការឱ្យបានច្រើន ដើម្បីបង្កើនជីវជាតិរបស់ដីផង និងបានផ្ដល់ផ្លែ ផ្កា ស្លឹក និងមើមសម្រាប់ជាចំណីអាហារប្រចាំថ្ងៃ របស់មនុស្ស និងសត្វផង។
ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្ស រួមជាមួយអង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ និងអង្គទូតនានា ប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រមាណជាង ៨.០០០នាក់ បានចូលរួមដាំដើមឈើនៅឯឃុំឃុនរាម ស្រុកបន្ទាយស្រី ចម្ងាយប្រមាណជាង ៤៥គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងលិចពីទីរួមខេត្តសៀមរាប ដើម្បីប្រារព្ធពិធីរុក្ខទិវា លើកទី២២ កាលពីព្រឹកថ្ងៃច័ន្ទ ទី៩ ខែកក្កដា។
លោក ច័ន្ទ សារុន ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោកបានថ្លែងនៅក្នុងពិធីរុក្ខទិវានោះថា កូនឈើប្រណីតប្រភេទគ្រញូងប្រមាណជាង ២ម៉ឺនដើម ត្រូវបានគេយកមកដាំនៅលើផ្ទៃដីប្រមាណ ២២ហិកតារ ក្នុងភូមិកំព្រំ ឃុំឃុនរាម ស្រុកបន្ទាយស្រី ដើម្បីស្ដារឡើងវិញនូវប្រភេទឈើកម្រដែលអាចនឹងធ្វើឱ្យប្រសើរឡើង នូវសោភ័ណភាព ទេសភាពធម្មជាតិ បរិស្ថាន និងចូលរួមកាត់បន្ថយការឡើងកម្ដៅរបស់ភពផែនដី និងការប្រែប្រួលអាកាសធាតុផង។
លោក ច័ន្ទ សារុន៖ «ភូមិកំព្រំ មុនឆ្នាំ១៩៩០ ព្រៃឈើក្នុងតំបន់នេះជាប្រភេទព្រៃស្រោង និងមានសត្វព្រៃជាច្រើនប្រភេទ។ ឆ្លងកាត់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃជាង ២ទសវត្សមក ព្រៃឈើនៅតំបន់នេះបានទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់ការកាប់ដកហូតឈើ មិនគោរពតាមបែបបទបច្ចេកទេស និងមានការកាប់រានជាបន្តបន្ទាប់ បណ្ដាលឱ្យព្រៃឈើនៅតំបន់នេះខូចខាតស្ទើរទាំងស្រុង»។
មន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើការកែទម្រង់វិស័យព្រៃឈើ ដោយខិតខំជំរុញការអភិវឌ្ឍកម្មវិធីព្រៃឈើជាតិ ជាពិសេសកម្មវិធីកំណត់ព្រំប្រទល់ និងចុះពិធីការសម្បត្តិព្រៃឈើអចិន្ត្រៃយ៍ កម្មវិធីអភិរក្សធនធានព្រៃឈើ និងជីវចម្រុះ និងកម្មវិធីពង្រឹងការអនុវត្តច្បាប់ស្ដីពីព្រៃឈើជាដើម។
ព្រះមហាក្សត្រខ្មែរ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គបានមានព្រះរាជបន្ទូល ថា ព្រៃឈើគឺជាធម្មជាតិដ៏សំខាន់ក្នុងការជួយរក្សានូវបរិស្ថាន និងក៏ជាការរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ច ទេសចរណ៍ធម្មជាតិ វប្បធម៌ ព្រមទាំងជាជម្រកដ៏សុខសាន្តចំពោះសត្វគ្រប់ប្រភេទ ដែលមានជីវិតរស់នៅលើភពផែនដីនេះ។ ការបាត់បង់ព្រៃឈើវានឹងក្លាយជាបញ្ហាដែលនឹងបង្កឱ្យដីបាត់បង់ ជីវជាតិ និងកើតមានគ្រោះធម្មជាតិ ដែលយើងតែងតែជួបប្រទះជារៀងរាល់ឆ្នាំ គឺមានការគំរាមកំហែងដល់សុវត្ថិភាពសង្គមជីវចម្រុះ និងធនធានធម្មជាតិ ។ល។
ព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា ជារៀងរាល់ឆ្នាំ ការកាប់ឆ្ការរានទន្ទ្រានដីព្រៃឈើ ឬព្រៃលិចទឹក ដើម្បីដាំដំណាំកសិកម្ម ឬក៏ក្នុងគោលបំណងផ្សេងៗ ដោយមិនបានពិចារណាវែងឆ្ងាយ និងពុំអភិវឌ្ឍន៍ទៅតាមលក្ខណៈបច្ចេកទេស នាំឱ្យជួបគ្រោះមហន្តរាយជាច្រើន ដូចជាការកើនឡើងនៃកម្ដៅផែនដី ទឹកជំនន់ និងគ្រោះរាំងស្ងួត អូសបន្លាយយូរអង្វែង ព្រមទាំងមានភាពរហោឋានទៀតផង។
ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី៖ «ដើម្បីអបអរសាទរពិធីបុណ្យរុក្ខទិវានាឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំ សូមអំពាវនាវបងប្អូនជនរួមជាតិគ្រប់ៗរូប មេត្តាយកចិត្តទុកដាក់ពិចារណាអនុវត្តជំរុញការដាំដើមឈើនៅតាម ភូមិ ភ្លឺស្រែ ឬព្រំដីចំការ ឬទីកន្លែងដែលអាចដាំបាន ដែលនឹងអាចផ្ដល់ឈើសម្រាប់សំណង់ អុស ធ្យូង បង្កើតជីវជាតិដី និងដើមរុក្ខជាតិគ្រប់ប្រភេទដែលផ្ដល់ផ្លែផ្កា ស្លឹក មើម សម្រាប់ជាចំណីអាហារប្រចាំថ្ងៃរបស់មនុស្ស និងសត្វទៀតផង ដោយមិនត្រូវទុកដីឱ្យនៅចោលទំនេរឡើយ»។
អ្នកជំនាញខាងធនធានព្រៃឈើបានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នបរិស្ថានធម្មជាតិពុំមានស្ថិរភាពឡើយ។ ព្រៃឈើ ព្រមទាំងជីវភាពរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅពឹងផ្នែកលើ ព្រៃឈើ និងបរិស្ថាន គឺកំពុងទទួលរងការគំរាមកំហែង។
ការស្រាវជ្រាវអំពីព្រៃឈើបានបង្ហាញថា ក្នុងរយៈពេលជាង ៣០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា បានបាត់បង់ព្រៃឈើប្រមាណ ១៣% ក្នុងចំណោមផ្ទៃដីជាង ១៣លានហិកតារ ដែលមានព្រៃឈើ កាលពីអំឡុងមុនឆ្នាំ១៩៧០៕