Sunday, July 22, 2012

នគរបាល​ជាតិ​ច្រាន​ចោល​ពាក្យ​ចចាមអារ៉ាម​សម្លាប់​មនុស្ស​យក​គ្រឿង​ក្នុង

មន្ត្រី​នាំ​ពាក្យ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​២៨ កក្កដា បដិសេធ​ចោល​ទាំង​ស្រុង​នូវ​ពាក្យ​ចចាមអារ៉ាម​ដែល​ថា មាន​ការ​សម្លាប់​មនុស្ស​យក​ក្រលៀន ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​កម្ពុជា​មាន​ការ​ភ័យ​ខ្លាច។

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា លោក គៀត ចន្ទ័ថារិទ្ធិ មាន​ប្រសាសន៍​ថា រយៈពេល​មួយ​ខែ​ចុង​ក្រោយ​នេះ​មន្ត្រី​នគរបាល​ជាតិ បាន​ចាត់​តាំង​កម្លាំង​ស្រាវជ្រាវ​ករណី​ចចាមអារ៉ាម​និយាយ​ពី​ការ​សម្លាប់​ មនុស្ស​យក​ក្រលៀន។ លោក​បន្ត​ថា មក​ដល់​ពេល​នេះ​មិន​មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា មាន​ករណី​សម្លាប់​មនុស្ស​យក​ក្រលៀន​នោះ​ទេ។
លោក​បញ្ជាក់​ថា សមត្ថកិច្ច​កំពុង​តែ​តាម​ដាន​ស្វែងរក​ប្រភព​ពាក្យ​ចចាមអារ៉ាម​នេះ ហើយ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​កុំ​មាន​ការ​ភ័យ​ខ្លាច៖ «យើង ​មិន​មាន​រក​ឃើញ​សញ្ញា​ណា​មួយ​ដែល​ពាក់ព័ន្ធ​ថា​មាន​ករណី​ខ្វេះ​ក្រលៀន​កូន​ ក្មេង​ដូច​ពាក្យ​ចចាមអារ៉ាម​ហ្នឹង​ទេ​ស្រុក​យើង បាន​តាម​ដាន​ស្រាវជ្រាវ​រួច​ហើយ គ្មាន​ករណី​អីចឹង​ទេ សុំ​ប្រជាពលរដ្ឋ​កុំ​ជឿ​តាម​ពាក្យ​ចចាមអារ៉ាម»
លោក គៀត ចន្ទ័ថារិទ្ធិ បន្ត​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ពី​សកម្មភាព​ចោរកម្ម ដែល​អាច​កើត​មាន​ពេល​ពលរដ្ឋ​ភ័យ​ខ្លាច។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រសួង​មហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ​មិន​ទាន់​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​ លាយលក្ខណ៍អក្សរ​ណា​មួយ ដើម្បី​អត្ថាធិប្បាយ​ករណី​នេះ​នៅ​ឡើយ​ទេ។
អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ករណី​ចចាមអារ៉ាម​វះ​ក្រលៀន​អាច​ជា​ទិដ្ឋភាព​បំពុល​នយោបាយ និង​ជំនឿ​គ្មាន​ហេតុផល។
លោក​បន្ត​ថា រដ្ឋាភិបាល​ត្រូវ​ផ្សព្វផ្សាយ​តាម​រយៈ​សារព័ត៌មាន ចេញ​សេចក្តី​ណែនាំ ជា​ពិសេស​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ហៅ​អ្នក​ដែល​និយាយ​ពាក្យ​វះ​ ក្រលៀន មក​សួរ​នាំ​រក​ប្រភព​ឲ្យ​បាន​ច្បាស់​លាស់ ជៀសវាង​ការ​យល់​ច្រឡំ៖ «រឿង ​នេះ បង្កើត​ឲ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​កម្ពុជា បាត់​បង់​នូវ​សន្តិសុខ បើ​សិន​រដ្ឋាភិបាល​មិន​ទប់ស្កាត់​បញ្ហា​ហ្នឹង​ទេ បង្ហាញ​ពី​ភាព​អសមត្ថភាព​របស់​រដ្ឋាភិបាល»
លោក សុខ ទូច បន្ត​ថា រដ្ឋាភិបាល​មិន​ត្រូវ​មើល​រំលង​បញ្ហា​នេះ​ឡើយ ព្រោះ​វា​ជា​នយោបាយ​បំបះបំបោរ​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច។
ឆ្លើយ​តប​នឹង​បញ្ហា​នេះ លោក គៀត ចន្ទ័ថារិទ្ធិ មាន​ប្រសាសន៍​ថា លោក​នឹង​ដាក់​សំណើ​ទៅ​ថ្នាក់​ដឹកនាំ​នគរបាល​ជាតិ និង​ពិភាក្សា​ពី​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ លាង​ជម្រះ​ចចាមអារ៉ាម​នេះ ដើម្បី​ទប់ស្កាត់​អសន្តិសុខ​សង្គម។
វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​សុំ​ការ​ពន្យល់​ពី​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​សុខាភិបាល ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១២។
ពាក្យ​ចចាមអារ៉ាម​វះ​យក​ក្រលៀន កើត​ឡើង​អស់​រយៈពេល​ជិត​មួយ​ខែ​ទៅ​ហើយ បន្ទាប់​ពី​មាន​ព័ត៌មាន​ពី​ប្រទេស​ចិន ផ្សាយ​ថា​មាន​ករណី​ចិញ្ចឹម​កូន​ក្មេង​យក​ក្រលៀន ហើយ​សមត្ថកិច្ច​ចិន​ក៏​បាន​បំបែក​សម្បុក​ចោរ​ទាំង​នោះ​រួច​ហើយ​ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Comments system

Disqus Shortname