Saturday, July 14, 2012

ម្តាយមេម៉ាយ ចំណាស់ ស្រែករកជំនួយ ៖ កូនពីរ គថ្លង់ទាំងពីរ មានជំងឺផ្លូវចិត្ត ធ្ងន់ធ្ងរទាំងពីរ

Photo by DAP-Newsភ្នំពេញ៖ ប្រជាពលរដ្ឋនៅភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ តែងបានឮ និងស្គាល់គ្រួសារ ស្រ្តីមេម៉ាយ វ័យចំណាស់ឈ្មោះ ប្រាក់ រីម ។ គាត់បច្ចុប្បន្ន មានវ័យ៦៧ឆ្នាំ រស់នៅក្នុងខ្ទមកំសត់ សាងសង់នៅខាងក្រោយផ្ទះគេ ដែលជាដីសាច់ញាតិ ជាមួយកូនប្រុសស្រីពីរនាក់ ។ គាត់មានជីវភាពក្រីក្រ តោកយ៉ាក ប្រកបរបរទូលបន្លែ ដើរលក់ តាមភូមិ បានប្រាក់ចំណេញបន្តិចបន្តួច (ពី២០០០-៣០០០រៀលក្នុង១ថ្ងៃ) សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
ចំណូលប្រចាំថ្ងៃរបស់គាត់ គឺមិនអាចដោះស្រាយ ការហូបចុកបានឡើយ។ សព្វថ្ងៃគ្រួសារគាត់យកបាយក្រៀម ដែលនៅសេសសល់ពីបុណ្យទានតាមវត្តអារាមនានា និងអ្នកភូមិជិតខាង លាយជាមួយអង្ករចំអិនជាអាហារ (បាយ) សម្រាប់ទទួលទាន។ បន្ថែមលើបញ្ហាជីវភាពដ៏ដុនដាបនេះ គាត់មានអំរែកដ៏សែនធ្ងន់ គឺចិញ្ចឹមបីបាច់ និងមើលថែទាំកូន ២នាក់ ដែលគថ្លង់ និងមានជំងឺវិកលចរិត (ឆ្កួត) ទៀត ដែលត្រូវបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ខេត្តកំពង់ធំ។
គាត់ត្រូវចំណាយសោហ៊ុយ លើការធ្វើដំណើរ និងថ្លៃសេវាមន្ទីរពេទ្យ។ គាត់គ្មានលទ្ធភាព ក្នុងការចំណាយលើការព្យាបាល (សោហ៊ុយ ធ្វើដំណើរ និងថ្លៃសេវាព្យាបាល)។ ពេលខ្លះ គាត់ត្រូវខ្ចីបុលប្រាក់គេ ដើម្បីយកកូនទៅព្យាបាល។ ជំងឺកូនរបស់គាត់លាប់ឡើងវិញ ព្រោះមិនបានទៅមន្ទីរពេទ្យទៀងទាត់ ដោយសារគ្មានលុយធ្វើដំណើរ នៅពេលខ្លះ។
កូនស្រីអាយុ ៤៤ឆ្នាំ គថ្លង់ពីកំណើត។ នៅឆ្នាំ២០០៨ គាត់ចេះតែអង្គុយសំកុក បញ្ចេញអាកប្បកិរិយាខុសប្លែកពីធម្មតា។ គាត់មិនអាចជួយធ្វើការងារអ្វីបានឡើយ។ ចាប់ពីឆ្នាំ២០០៨ គាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែក បារាយណ៍-សន្ទុក ដើម្បីព្យាបាលជំងឺផ្លូវចិត្ត។ ក្រោយពីព្យាបាលមក គាត់អាចជួយធ្វើកិច្ចការផ្ទះដូចជាដាំបាយ សំអាតផ្ទះសម្បែង បោកគក់សំលៀកបំពាក់ជាដើម។
កូនប្រុសអាយុ ៣៨ឆ្នាំ ក៏មានបញ្ហាគថ្លង់ដូចបងស្រីដែរ។ កាលពីអាយុ៥ឆ្នាំ ផ្លែត្នោតមួយធ្លាយធ្លាក់ចំក្បាលគាត់ សន្លប់៤ម៉ោង។ អាយុ១៩ឆ្នាំ គាត់ច្រឡំផឹកថ្នាំពុល ប្រកាច់។ បន្ទាប់មកទៀត គាត់ត្រូវមែកឈើបាក់ធ្លាក់ ត្រូវសន្លប់៣យប់៣ថ្ងៃ។ នៅឆ្នាំ២០០២ គាត់មានអាការៈក្តៅក្បាល ដើរផ្តេសផ្តាសពេញភូមិ វង្វេងស្មារតី ភ័យខ្លាចពេលយប់ និងមានអាកប្បកិរិយាកាច។ បន្ទាប់ពីបានព្យាបាល គឺមានអាកប្បកិរិយាស្លូតបូត ចេះញញឹមញញែមដាក់អ្នកដទៃ។
ដោយភាពក្រីក្រ វ័យចំណាស់ និងកូនពីរនាក់ គថ្លង់ មានជំងឺផ្លូវចិត្តធ្ងន់ធ្ងរថែមទៀតនោះ ស្រ្តីអភ័ព្វ ប្រាក់ រីម  បានអំពាវនាវដល់សម្បុរសជននានា មេត្តាជួយឧបត្ថម្ភ ដល់គ្រួសាររបស់គាត់ផង៕
Photo by DAP-News

Comments system

Disqus Shortname