Tuesday, July 3, 2012

ភ្នាក់ងារ​មូលបត្រ​មិន​បារម្ភ​ពី​ការ​ប្តូរ​អគ្គនាយក

ភ្នំពេញៈ ក្រុមហ៊ុន​មូលបត្រ​បាន​ឲ្យ​ដឹង​ថា​គេ​មិន​បារម្ភ​អំពី​ការ​ផ្លាស់ប្តូរ​ អគ្គនាយក​រដ្ឋាករ​ទឹក​ស្វ័យ​ភ្នំពេញ​(PPWSA)ឡើយ​តែ​អះអាង​ថា​អាច​នឹង​បង្ក​ ផលប៉ះពាល់​តិច​តួច​រយៈ​ពេល​ខ្លី​។
លោក ឯក សុន​ចាន់ ដែល​បម្រើ​ការ​ជា​អគ្គនាយក​ PPWSA ប្រហែល​២០​ឆ្នាំ​មក​ហើយ​នោះ​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​និវត្តន៍​នៅ​ថ្ងៃ​ ត្រឹម​ថ្ងៃ​ទី១ ខែ​កក្កដា។
លោក​ ស្វាយ ហៃ នាយក​ក្រុមហ៊ុន​ឈ្មួញ​ជើង​សា​របស់​ធនាគារ​អេស៊ីលី​ដា​បាន​ឲ្យ​ដឹង​ថា ការ​ផ្លាស់ប្តូរ​អគ្គនាយក​ថ្មី នឹង​ធ្វើ​ឲ្យ​លទ្ធផល​របស់​ក្រុមហ៊ុន​នេះ​កាន់​តែ​ប្រសើរ។ លោក​ថ្លែង​ថា៖ «ការ​ផ្លាស់​ប្តូរ​នេះ មិន​បង្ក​ឲ្យ​មាន​បញ្ហា ឬ​វិបត្តិ​ណា​មួយ​ឡើយ។ វា​ទាក់ទង​នឹង​អាយុ​ចាស់​របស់​អគ្គនាយក​ដែល​ត្រូវ​ចូល​និវត្តន៍។ បញ្ហា​នេះ​មិន​មែន​កើត​មាន​តែ​នៅ​ក្នុង​ស្ថាប័ន​របស់​រដ្ឋាភិបាល​នោះ​ទេ វា​ក៏​កើត​មាន​នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​ផង​ដែរ គឺ​ពួក​គេ​ត្រូវ​តែ​កំណត់​អាយុ​ចូល​និវត្តន៍»។
លោក ស្វាយ ហៃ បាន​បន្ថែម​ថា​៖ «ខ្ញុំ​សង្ឃឹម​ថា ស្ថាប័ន​ធំ​របស់ PPWSA  និង​រដ្ឋាភិបាល​បាន​ព្យាករ​ច្បាស់​លាស់​រួច​ហើយ​អំពី​សារៈ​សំខាន់​នៃ​ការ ​ផ្លាស់​ប្តូរ​ ដើម្បី​ឲ្យ​ស្ថាប័ន​នេះ​មាន​ភាព​​រីក​ចម្រើន ពីព្រោះ​ពួក​គេ​ឃើញ​អគ្គ​នាយក​ចាស់​ធ្វើ​ការ​បាន​ល្អ​ ដូច្នេះ​ពួក​គេ​ចង់​ដាក់​អ្នក​ថ្មី ដើម្បី​ឲ្យ​តម្លៃ​ភាគហ៊ុន​នៅ​ថេរ ឬ​ឡើង​ថ្លៃ»។
លោក តាន សុខ​ជា មន្ត្រី​បម្រើ​ការ​នៅ​នាយក​ដ្ឋាន​ទឹក​ស្អាត​នៅ​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​អះអាង​ថា មិន​មាន​ជម្លោះ​ផ្ទៃ​ក្នុង​កើត​ឡើង​ជុំវិញ​ការ​ផ្លាស់​ប្តូរ​នេះ​ឡើយ។ លោក​​បន្ត​ថា៖ «វា​ជា​ការ​ផ្លាស់​ប្តូរ​ធម្មតា​ដោយ​សារ​តែ​លោក​ចូល​និវត្តន៍ ដូច​នេះ​អ្នក​ថ្មី គួរ​មក​ជំនួស​តំណែង​លោក»។
លោក​ តាន សុខជា ក៏បាន​ទទួល​ស្គាល់ និង​ស្ងើច​សរសើរ​លទ្ធផល​ការងារ​របស់​លោក ឯក ​សុនចាន់ ក្នុង​អាណត្តិ​ការងារ​របស់​លោក​ផង​ដែរ៖​«លោក​បាន​សម្រេច​លទ្ធផល​ជាច្រើន សម្រាប់​ស្ថាប័ន​របស់​លោក ហើយ​លោក​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បុគ្គលិក​របស់​លោក ​ស្មើ​ៗ​គ្នា ​តាម​ច្បាប់។ តាម​ដែល​ខ្ញុំ​ដឹង បុគ្គលិក​ទាំង​អស់ ស្រឡាញ់​លោក​ណាស់។ និយាយ​ដោយ​ស្មោះ​ទៅ លោក​ជា​មេដឹកនាំ​ដ៏​ល្អ និង​ប្រសើរ​ណាស់​»។
លោក​ សង្ឃឹម​ថា អ្នក​ថ្មី​មាន​ជំនាញ និង​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​បន្ត​ការងារ​ពី​លោក ឯក សុនចាន់។ លោក​បន្ថែម​ថា ការ​ចាក​ចេញ​នេះ​មិន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​ឡើយ។ លោក សុខជា បាន​លើក​ឡើង​ទៀត​ថា៖ «​យើង​ពិត​ជា​អាណិត​គាត់​ណាស់ ប៉ុន្តែ​នេះ​ជា​វដ្ត​ជីវិត​ដែល​មិន​មែន​កើត​ឡើង​តែ​ចំពោះ​គាត់​ប៉ុណ្ណោះ​ទេ គឺ​កើត​ឡើង​ចំពោះ​យើង​គ្រប់ៗ​គ្នា។ ដូច្នេះ​ហើយ​ទើប​រដ្ឋាភិបាល ព្យាយាម​បណ្តុះ​បណ្តាល និង​អប់រំ​យុវជន​ឲ្យ​មក​ជំនួស​តំណែង​​អ្នក​ចូល​និវត្តន៍»។
លោក Min Kyoung Hoon អគ្គ​នាយក​រង​នៃ​ផ្សារ​មូលបត្រ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ចូល​និវត្តន៍​របស់​អគ្គ​នាយក​រដ្ឋាករ​ទឹក​អាច​នឹង​ប៉ះ​ពាល់ ឬ​មិន​ប៉ះពាល់​អាស្រ័យ​លើ​អ្នក​ដែល​ត្រូវ​មក​គ្រប់គ្រង​បន្ត​។ លោក​បន្ថែម​ថា៖ «ខ្ញុំ​ជឿជាក់​ថា រដ្ឋាភិបាល​កម្ពុជា នឹង​ចាត់​តាំង​អគ្គនាយក​ដែល​ល្អ និង​អស្ចារ្យ​សម្រាប់ PPWSA។ ដូច្នេះ ខ្ញុំ​គិត​ថា វា​អាច​នឹង​មិន​ប៉ះ​ពាល់​ដល់​តម្លៃ​ភាគ​ហ៊ុន​ឡើយ»​។
លោក Min Kyoung Hoon បាន​លើក​ឡើង​ថា៖ «គ្រប់​ប្រទេស និង​ទីផ្សារ​ទាំង​អស់​ដែល​មាន​ការ​ផ្លាស់ប្តូរ​ដូច​នៅ​ទី​នេះ ​អាច​នឹង​មាន​ផល​ប៉ះពាល់​តិច​តួច​ដល់​តម្លៃ​ភាគហ៊ុន​របស់​ក្រុម​ហ៊ុន ដូច​ដែល​អ្នក​ដឹង​ហើយ​ថា នៅ​ពេល Steve Job ស្លាប់ ​មាន​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន ដល់​តម្លៃ​ភាគហ៊ុន​របស់​ Apple។
លោក ស៊ីម ស៊ីថា អគ្គ​នាយក​រដ្ឋាករ​ទឹក​ខេត្ត​ព្រះសីហនុ បាន​អះ​អាង​កាល​ពី​ម្សិលមិញ​ថា លោក​នឹង​គ្រប់គ្រង​ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​។
តម្លៃ ​ភាគហ៊ុន​របស់​រដ្ឋាករ​ទឹក បាន​បិទ​ឈប់​លក់​ក្នុង​តម្លៃ ៦ ៣៥០​រៀល កាល​ពី​ម្សិល​មិញ ពោល​គឺ​នៅ​ពីលើ​តម្លៃ​IPO​តែ​៥០​រៀល​ប៉ុណ្ណោះ។
លោក ស្វាយ ហៃ ឲ្យ​ដឹង​ថា ដោយ​សារ​ការ​ចាប់​ផ្តើម​ធ្វើ​ពាណិជ្ជកម្ម​នៅ​ប្រទេស​ជាច្រើន ដូច​ជា​ឡាវ និង​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន ភាគ​ហ៊ុន​អាច​នឹង​ឡើង​ចុះ​ខ្ពស់ ឬ​ទាប​ជាង​តម្លៃ IPO ដូច​ជា​ភាគហ៊ុន​facebook ជា​ដើម។
លោក​បន្ត​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ក្រុមហ៊ុន​ចេញ​លក់​ភាគ​ហ៊ុន​នឹង​ចេញ​របាយការណ៍​ចំណូល​របស់​គេ​ឲ្យ​បាន​ ឆាប់​រហ័ស នោះ​វា​នឹង​ធ្វើ​ឲ្យ​តម្លៃ​ភាគ​ហ៊ុន​របស់​វា​ប្រែប្រួល ប៉ុន្តែ​ពេល​នេះ​តម្រូវ​ការ​និង​ការ​ផ្គង់ផ្គង់អាច​ប្រើ​ប្រៀប​បាន​ដូច្នេះ​ វា​នឹង​ឡើង​ចុះ​តិចតួច»​។
លោក Min Kyoung Hoon បាន​ឲ្យ​ដឹង​ថា មាន​ហេតុ​ផល​ជា​ច្រើន​នៅ​ពី​ក្រោយ​នោះ។ លោក​បន្ត​ថា៖ «យើង​កំពុង​ព្យាយាម​រក​ឲ្យ​បាន​ច្បាស់​លាស់​ហេតុ​អ្វី​បាន​ជា​តម្លៃ​របស់ វា​ធ្លាក់​ចុះ »​៕

Comments system

Disqus Shortname