ភ្នំពេញៈ នៅក្នុងដំណើរជាងមួយខែនៅក្រៅប្រទេស លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិកម្ពុជា និងជាប្រធានគណបក្សសិទ្ធិមនុស្ស ត្រូវបានអញ្ជើញឲ្យចូលរួមសមាជរបស់គណបក្សប្រជាធិបតេយ្យដែលជា គណបក្សកំពុងកាន់អំណាចរបស់ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា កាលពីសប្តាហ៍មុន។
នៅពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ម្សិលមិញ លោក កឹម សុខា បានប្រាប់អ្នកកាសែតថា លោកត្រូវបានអញ្ជើញដោយអតីតរដ្ឋមន្រ្តីការបរទេស លោកស្រី Madeleine Albright ដែលជាតំណាងគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ដើម្បីចូលរួមនៅក្នុងសមាជរបស់គណបក្សប្រជាធិបតេយ្យ ស្តីពីការតែងតាំងលោក បារ៉ាក់ អូបាម៉ា ជាបេក្ខជនប្រធានាធិបតីសម្រាប់អាណត្តិក្រោយ ដែលបានចាប់ផ្តើម កាលពីថ្ងៃទី៣‑៦ ខែកញ្ញា។
លោកថ្លែងបន្តថា នៅក្នុងសមាជនោះ លោកបានជួបជាមួយមន្រ្តីជាន់ខ្ពស់ជាច្រើនរបស់សហរដ្ឋអាមេរិក និងអ្នកនយោបាយល្បីៗ មកពីបណ្តាប្រទេសជាង១០០ថែមទៀតផង ដែលត្រូវបានអញ្ជើញឲ្យចូលរួមនៅក្នុងកម្មវិធីសមាជនេះ ដែលហៅថា «វេទិកាមេដឹកនាំពិភពលោក» ហើយលោកថ្លែងថា «នេះជាមោទនភាពណាស់សម្រាប់កម្ពុជា ដែលលោកត្រូវបានអញ្ជើញឲ្យចូលរួមសម្រាប់ សមាជនេះ»។
លោក កឹម សុខា បានថ្លែងថា៖ «វាជាកិត្តិយសណាស់ ដែលខ្ញុំបានចូលរួមជាមួយអ្នកនយោបាយសំខាន់ៗ ក្នុងពិភពលោក នៅក្នុងសមាជនេះ។ ខ្ញុំក៏បានរៀនសូត្រជាច្រើនផងដែរ អំពីគណបក្សប្រជាធិបតេយ្យអាមេរិក អំពីការឃោសនាបោះឆ្នោត»។
លោកបានបន្ថែមថា នៅក្នុងជំនួបនោះ លោកត្រូវបានអនុញ្ញាតឲ្យជ្រើសរើសប្រធានបទ ដែលមានសារៈសំខាន់មួយ ហើយលោកថា លោកបានជ្រើសរើសប្រធានបទស្តីពីវិស័យអប់រំនៅក្នុងសហរដ្ឋ អាមេរិក ដោយលោកអះអាងថា លោកចង់ឲ្យកម្ពុជាមានប្រព័ន្ធអប់រំដូចទៅនឹងប្រព័ន្ធអប់រំរបស់ អាមេរិកដែរ ពីព្រោះប្រព័ន្ធអប់រំអាមេរិកគឺល្អណាស់សម្រាប់អនាគតកូនៗ និងយុវជនរបស់អាមេរិក។
លោក កឹម សុខា បានថ្លែងបន្តថា៖ « ប្រសិនបើគណបក្សសង្គ្រោះជាតិកម្ពុជាឈ្នះការបោះឆ្នោតគ្រប់ គ្រងរដ្ឋាភិបាល ខ្ញុំនឹងយកប្រព័ន្ធអប់រំអាមេរិកមករៀបចំនៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យយុវជនខ្មែរអាចទទួលបានប្រព័ន្ធអប់រំរីកចម្រើនមួយ ប្រកបដោយគុណភាព ដើម្បីទទួលបានការងារល្អ»។
ពាក់ព័ន្ធនឹងការបោះឆ្នោតជាតិឆ្នាំ២០១៣ និងការវិលត្រឡប់មកវិញរបស់លោក សម រង្ស៊ី ដែលជាប្រធានគណបក្សសង្គ្រោះជាតិកម្ពុជា និងជាប្រធានគណបក្ស សម រង្ស៊ី លោក កឹម សុខា បានអះអាងថា អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ កំពុងផ្តោតលើករណីទាំងពីរនេះ ហើយព្យាយាមស្វែងរកដំណោះស្រាយក្នុងការត្រួសត្រាយផ្លូវឲ្យមានការវិលត្រឡប់មកវិញរបស់ប្រធានបក្សប្រឆាំង សម រង្ស៊ី។
លោកបានថ្លែងថា ៖ «ខ្ញុំជឿថា នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ នឹងធ្វើការសម្លឹងមើលខ្លាំងមកលើការបោះឆ្នោតរបស់កម្ពុជា។ ប្រសិនបើការបោះឆ្នោតនោះសេរី និងយុត្តិធម៌ វាត្រូវតែមានវត្តមានរបស់លោក សម រង្ស៊ី ហើយសហគមន៍អន្តរជាតិកំពុងពិចារណា អំពីបញ្ហានេះ ដោយចង់ឲ្យលោកមានវត្តមាននៅក្នុងការបោះឆ្នោត ពីព្រោះពួកគេចង់ឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌»។
លោកបន្ថែមថា គណៈកម្មាធិការសភាមួយនឹងត្រូវបានបង្កើតឡើងនាពេលឆាប់ៗ នេះ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅក្នុងប្រទេសកម្ពុជា ហើយថានឹងមានសមាជិកសភាពីបណ្តាប្រទេសអាស៊ី អឺរ៉ុប និងសហរដ្ឋអាមេរិកចូលរួមនៅក្នុងគណៈកម្មាធិការនេះ។
ប៉ុន្តែ លោក ជាម យៀប សមាជិកសភានៃគណបក្សកាន់អំណាច បានថ្លែងថា លោក កឹម សុខា មិនគួរយកការអប់រំរបស់កម្ពុជាទៅប្រៀបធៀបនឹងការអប់រំរបស់ អាមេរិកទេ ដោយលោកអះអាងថា សហរដ្ឋអាមេរិក រីកចម្រើនជាងពីរសតវត្សរ៍មកហើយ ហើយថា រដ្ឋាភិបាលកំពុងផ្តោតលើការអប់រំ និងមានគោលនយោបាយសម្រាប់ការអប់រំជាអាទិភាព ដើម្បីឲ្យការអប់រំមានបរិមាណ និងគុណភាពល្អ ដូចប្រទេសនៅអាស៊ីសម្រាប់ជំហានដំបូង។
លោកបន្តថា ៖ «[សហរដ្ឋអាមេរិក]រីកចម្រើនជាងពីររយឆ្នាំមកហើយ យើងគ្រាន់តែធ្វើឲ្យប្រហាក់ប្រហែលទៅនឹងប្រទេសអាស៊ីអាគ្នេយ៍ សិនទៅ គឺបានហើយ។ [កឹម សុខា] មិនអាចមានសមត្ថភាព លទ្ធភាព រៀបចំ[ការអប់រំ] ឲ្យដូចអាមេរិក តាមគាត់និយាយនោះទេ»។
ចំពោះ ករណីលោក សម រង្ស៊ី លោក ជាម យៀប បានអះអាងថា រដ្ឋាភិបាល មិនបានរារាំងការវិលត្រឡប់របស់លោក សម រង្ស៊ី ទេ ដោយលោកនិយាយថា លោក សម រង្ស៊ី មានសិទ្ធិត្រឡប់មកស្រុកវិញពេលណាក៏បានតាមដែលគាត់ចង់ ប៉ុន្តែ លោក សម រស្ស៊ី ត្រូវប្រឈមនឹងផ្លូវច្បាប់ជាមុនសិន។
លោកបន្តថា ៖ «គ្មាននរណាម្នាក់ហាមឃាត់គាត់ទេ ទោះបីគណបក្សកាន់អំណាចក៏មិនហាមឃាត់ដែរ គាត់អាចចូលមកពេលណាក៏បាន ប៉ុន្តែនៅពេលដែលគាត់មក គាត់ត្រូវតែគោរពដីកា សាលដីកា ដែលបានកំណត់ ពីព្រោះវាមិនមែនជារឿងនយោបាយទេ»។
លោក សម រង្ស៊ី ត្រូវបានផ្តន្ទាទោសដោយតុលាការនៅក្នុងប្រទេសកម្ពុជាឲ្យជាប់ ពន្ធនាគាររយៈពេល១២ឆ្នាំ ដោយត្រូវបានចោទប្រកាន់ពីបទបំផ្លាញបង្គោលតម្រុយព្រំដែន កម្ពុជាវៀតណាម និងការក្លែងឯកសារសាធារណៈពាក់ព័ន្ធនឹង ផែនទីកំណត់ព្រំដែនប្រទេស ប៉ុន្តែ អ្នកវិភាគនយោបាយ និងអ្នកនយោបាយមួយចំនួន និងសង្គមស៊ីវិល បានលើកឡើងថា ករណី សម រង្ស៊ី គឺជារឿងនយោបាយ ហើយថា ករណីនេះត្រូវតែមានការសម្របសម្រួលផ្នែកនយោបាយ សម្រាប់ការវិលត្រឡប់របស់លោក សម រង្ស៊ី ដើម្បីចូលរួមនៅក្នុងការបោះឆ្នោតជាតិ ២០១៣ ខាងមុខនេះ»៕ PS