Thursday, February 23, 2012

កម្មកររោងចក្រ​​​មេនហាតធេន​​នៅ​ខេត្តកំពង់ចាម ​​ចាប់ផ្តើម​​​ប្រើ​ហិង្សា​​​​ហើយ​គឺ​​បិទផ្លូវ​​​​ គប់​​​​ដុំ​ថ្ម​​លើ​​​​អគារ និង​​​មានភ្លើង​​ឆេះ​ស្មៅ​ក្បែរ​​​អគារ​

ខេត្តកំពង់ចាម​​​​​ ៖ ទីបំផុតទៅក្រុមកម្មករ​កាត់ដេររោងចក្រ​មេនហាតធេន ជាង១.០០០​នាក់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិអម្ពិល ឃុំ​អម្ពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បាន​នាំ​គា្នចាប់​​ផ្តើម​​​​ប្រើ​​អំពើ​ហិង្សា​​​ដោយ​យកដុំ​ថ្មធំៗ និង​គល់ឈើបិទផ្លូវជាតិលេខ៧​
ទាំងស្រុងហើយ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃ​ទី២៣ កុម្ភៈនេះ បន្ទាប់ពីការចរចារគ្នាជាង​១ម៉ោង រវាង​តំណាង​កម្មករនិងរោងចក្រ នៅតែ​ពុំ​ឯកភាពគ្នានោះ​​ហើយ​បន្តិច​​ក្រោយ​មក ​​មានការ​គប់​ទៅលើ​អគារ​រោងចក្រ​​​ បណ្តាល​ឱ្យ​​បែកកញ្ចក់​ និងមាន​ភ្លើង​ឆេះ​​​​គុម្ពោត​ព្រៃ​​​​ស្មៅ​ក្នុង​​​បរិវេណ​​ក្បែរ​អគារ​បង្ក ​ឱ្យ​មានការភ្ញាក់​ផ្អើល និង​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ។
គួរបញ្ជាក់ថា ចាប់តំាងពីវេលាម៉ោងជាង​៦​ព្រឹកថ្ងៃទី២៣ កម្ភៈនេះ ក្រុមកម្មករកាត់ដេររោង​ចក្រ​មេនហាតធេន​ជាង១.០០០នាក់ បានជួប​ជុំគ្នាបន្តធ្វើកូដកម្មដោយដុតកង់ឡាននៅលើផ្លូវ ជាតិមុខរោងចក្រ​ប្រយោជន៍ដើម្បីទាមទារ​ឱ្យ​មាន​​​ដំណោះស្រាយ​​លក្ខ​ ខណ្ឌការងារ១២ចំណុច ។
បន្ទាប់ពីមានការដុតកង់ឡានតំណាងរោង​ចក្រ បានចាត់អោយតំណាងកម្មករចូលទៅក្នុង​រោងចក្រ ដើម្បីធ្វើការដោះស្រាយ ប៉ុន្តែការ​ចរចា​ជាង១ម៉ោង គឺពុំទទួលបានលទ្ឋផលអ្វីទាំង​អស់ទើបកម្មករសម្រេចនំាគ្នាបិទផ្លូវជាតិលេខ៧ ។
គួររំលឹកថា កាលពីព្រឹកថ្ងៃទី២០ កុម្ភៈ ២០១២ កម្មករ-កម្មការិនីប្រមាណ១.២០០នាក់ បានប្រមូលផ្តុំគ្នានៅខាងមុខរោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់មេនហាតធេន ស្ថិតនៅភូមិ​អម្ពិល​លើ ឃុំ​អ​ម្ពិល ស្រុកកំពង់សៀម ធ្វើកូដកម្ម​ដើម្បី​ទាម​ទារ​សិទ្ធិស្របច្បាប់ចំនួន១២ចំណុច ក្នុង​នោះ​សុំ​ឲ្យកម្មករដែលបម្រើការងារចាប់​ពី​២​ឆ្នាំ​ឡើង ទៅជាកម្មករពេញសិទ្ធិលែងជាកម្មករ​បណ្តែត ។ ម៉្យាងទៀតអ្នកដែលត្រូវបញ្ចប់កិច្ច​សន្យា សូម​ឲ្យបានទទួលប្រាក់ឧបត្ថម្ភចំនួន​១៥​ភាគរយ​តាមច្បាប់ការងារ...។
តាមលោកចន ធាង ប្រធានសហជីព​សេរី​កម្មករនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅ​រោង​ចក្រមេន​ហាតធេន បានប្រាប់ឲ្យដឹងថា ដោយ​សារតែថៅកែក្រុមហ៊ុន មិនព្រមគោរពច្បាប់​ការងារ ទើបកម្មករ-កម្មការិនីដែលមាន​គ្នាជាង​១.២០០នាក់ ប្រមូលផ្តុំគ្នាយ៉ាងកកកុញនៅមុខ​រោងចក្រ ក្នុងគោលបំណងទាមទារឲ្យក្រុម​ហ៊ុន​យកច្បាប់ការ​ងារ​មកអនុវត្តដែលការទាមទារ​ រួម​មាន​១២ចំណុច ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ ​នៅ​លើទំព័រកាសែត​កោះសន្តិភាព និង​នៅ​តាម​វិទ្យុ​សំឡេង​កោះសន្តិភាព​ 87.75 ភ្នំពេញ, 87.5 បាត់ដំបង ៕(kohsantepheap)

Comments system

Disqus Shortname