Tuesday, February 21, 2012

យុវជនម្នាក់ចេញពី ផឹកស៊ីស្រវឹង បើករថយន្តបុក ហើយកិនម្ចាស់ម៉ូតូ បាក់ជើង

យុវជនម្នាក់ផឹកស៊ីស្រវឹងឡើងធ្លាក់ភ្នែក បើករថយន្តលឿនជ្រុលទៅប៉ះជាមួយម៉ូតូ ពេលម្ចាស់ ម៉ូតូដើរមកពាំងមុខរថយន្ត បើករថយន្តបំបុក និងកិនបាក់ជើង ហើយជិះរថយន្តគេចខ្លួនជាច្រើនម៉ែត្រ រហូតជ្រុលទៅបុករបងនាយកដ្ឋានមធ្យមសិក្សាចំណេះដឹងទូទៅ ទៅមុខលែងរួច ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

យោងតាមមន្រ្តីនគរបាលចរាចរណ៍ខណ្ឌចំការមន បានឲ្យដឹងថា នៅវេលាម៉ោង ៨ និង៤០នាទីយប់ថ្ងៃ អង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០១២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅស្តុប២៩៤ ជិត វិមានឯករាជ្យ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបង្កឡើងដោយយុវជនម្នាក់ ឈ្មោះ ពី អាយុជាង ២០ឆ្នាំ រស់នៅផ្ទះលេខ៤៨ ផ្លូវលេខ៣៣៤ សង្កាត់បឹងកេងកងទី១ បានបើករថយន្តកូរ៉ឡាពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2I-1743 ចេញពីផឹកស៊ី ទាំងអាការស្រវឹងជោក ទៅបុកជាមួយម៉ូតូជនរងគ្រោះសង់សេ១២៥ ពណ៌ខ្មៅ។
មន្ត្រីនគរបាលរូបនេះ បានបន្តថា ក្រោយពេលប៉ះគ្នាបានធ្វើម៉ូតូជនរងគ្រោះដួលខូចខាតបន្តិចបន្តួច ពេលនោះជនរងគ្រោះ បានទៅឈរពាំងពីមុខរថយន្ត ក្នុងបំណងឲ្យម្ចាស់រថយន្តចេញមកដោះស្រាយ គ្នា តែគេមិននឹកស្មានថា ជនបង្កជាម្ចាស់រថយន្តមិនត្រឹមតែមិនចេញមកដោះស្រាយនោះទេ ថែមទាំងដាក់លេខបន្ថែម ល្បឿនបំបុកជនរងគ្រោះ ពេលនោះជនរងគ្រោះបានគេច បណ្តាលឲ្យដួលទៅលើផ្លូវ ត្រូវរថយន្តកិនបាក់ជើងម្ខាង។ បន្ទាប់មកជនបង្ក បានព្យាយាមបើករថយន្ត គេចខ្លួនតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពី ជើងទៅត្បូងយ៉ាងលឿន ដើម្បីគេចខ្លួន។ លុះដល់ផ្លូវលេខ៣១០ ជនរងគ្រោះបានបត់ស្តាំជ្រុលទៅបុកតូប យាមតាមផ្ទះឡើងបើង តែរថយន្តមិនបានឈប់នោះទេ នៅតែបន្តទៅមុខយ៉ាងលឿន លុះបើកនាយករដ្ឋានមធ្យមសិក្សាចំណេះក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ជនបង្កបានបួងចង្កូតជ្រុលទៅបុកនឹងរបងនាយកដ្ឋានទៅមុខលែងរួច ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ក្រោយពេលឃាត់ខ្លួនយុវជនបើកបររថយន្តក្នុងអាការស្រវឹង បង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងររូបនេះ ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌចំការមន រង់ចាំការដោះស្រាយ។ ភ្លាមៗនោះ មានបងប្អូនសាច់ញាតិ ជនបង្កជាច្រើននាក់ បានមកកាង និងស្វែងរកការអន្តរាគមន៍រំដោះជនបង្ករ ដែលស្រវឹងបើកភ្នែកស្ទើរតែមិនរួចនោះ តែទោះជាយ៉ាងណាគេសង្ឃឹមថា សមត្ថកិច្ចនឹងធ្វើការដោះ ស្រាយប្រកបដោយភាពត្រឹមត្រូវ និងទៅតាមច្បាប់ចរាចរណ៍ ជាការព្រមាន៕

Comments system

Disqus Shortname