សេអ៊ូល៖ ប្រទេសកូរ៉េខាងជើងបានធ្វើការគំរាមថា
ខ្លួនអាចនឹងបំផ្ទុះសង្គ្រាម ប្រសិនបើសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង
នៅតែមានះធ្វើសមយុទ្ធយោធា ប្រចាំឆ្នាំ នៅសប្តាហ៍ក្រោយនេះ ដោយបានលើកឡើង ថា
ការធ្វើសមយុទ្ធយោធា ប្រៀបទៅនឹងការបញ្ឆេះឲ្យមានសង្គ្រាមផ្ទុះឡើង។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចុះថ្ងៃទី២៦ ខែកុម្ភៈ
ឆ្នាំ២០១២ បានឲ្យដឹងដោយលើកឡើងនូវសំដីរបស់រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង
ដែលបានហៅការធ្វើសមយុទ្ធនេះថា ជា ការបញ្ឆេះឲ្យមានសង្រ្គាមផ្ទុះឡើង
ដោយនឹកស្មានមិនដល់។ ជាមួយគ្នានេះដែរ កូរ៉េខាងជើងបានបន្ត លើកឡើងថា
កងកម្លាំងយោធា និងប្រជាជនរបស់ខ្លួននឹងរួមកម្លាំងគ្នាក្នុងការធ្វើយ៉ាងណា
ឲ្យគម្រោង ការរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងត្រូវបរាជ័យ។
កាលពីសប្តាហ៍មុនភាគីខាងជើងបានប្តេជ្ញាថា ខ្លួននឹងធ្វើការសងសឹកវិញ
ដោយគ្មានការត្រាប្រណី ប្រសិនបើមានការបំផ្ទុះអាវុធ
ក្នុងតំបន់ដែនទឹកនៅតំបន់ជម្លោះក្បែរបន្ទាត់ព្រំដែនសមុទ្រលឿង។
ប៉ុន្តែភាគីខាងជើងនឹងមិនប្រើប្រាស់កម្លាំងយោធាឆ្លើយតបការធ្វើសមយុទ្ធយោធានេះនោះឡើយ។
រដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងជើង បានប្រកាសថា
នឹងធ្វើសង្គ្រាមប្រឆាំងសហរដ្ឋអាមេរិកជាដាច់ខាត។ ជាមួយគ្នានេះដែរ
កងកម្លាំងយោធា និងប្រជាជនរបស់ខ្លួន បានប្តេជ្ញាថា
នឹងត្រៀមខ្លួនក្នុងការធ្វើសង្គ្រាម ប្រឆាំងសត្រូវក្នុងគោលដៅការពារសន្តិសុខ
និងសន្តិភាព សម្រាប់ប្រជាជាតិ និងប្រជាជនរបស់ខ្លូន។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក
និងកូរ៉េខាងត្បូងនឹងចាប់ផ្តើមធ្វើសមយុទ្ធយោធាសំខាន់ៗ ប្រចាំឆ្នាំនៅ
សប្តាហ៍ខាងមុខ។ គួររំលឹកផងដែរថារដ្ឋមន្ត្រីសហរដ្ឋអាមេរិក និងកូរ៉េខាងជើង
ធា្លប់បានធ្វើកិច្ចចរចាគ្នា សាជាថ្មីម្តងទៀត
ដើម្បីបើកកិច្ចចរចាប្រាំមួយភាគី
ដោះស្រាយបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង
ក្នុងគោលដៅបង្កើនកិច្ចទំនាក់ទំនងផ្នែកការទូត
និងសេដ្ឋកិច្ចជាមួយប្រទេសកុម្មុនីស មួយនេះសាជាថ្មី ម្តងទៀត៕(dapnews)