Sunday, February 26, 2012

ឥណ្ឌួនេស៊ីចេញ របាយការណ៍បង្ហាញ អ្នកសា្លប់ដោយសារ មេរោគផ្តាសាយបក្សី

ចាកាតា៖ កុមារាអាយុ ១២ឆ្នាំមា្នក់ ដែលរស់នៅលើកោះបាលី ប្រទេសឥណ្ឌួនេស៊ី បានស្លាប់ដោយសារមេរោគផ្តាសាយបក្សី ដោយនេះជាតួលេខ នៃជនរងគ្រោះទីបួន ដែលបានស្លាប់ដោយសារជំងឺផ្តាសាយ បក្សីក្នុងឆ្នាំនេះ។ នេះបើយោងតាមការលើកឡើង
របស់មន្ត្រីប្រចាំតំបន់បានឲ្យដឹងកាលពីថ្ងៃសៅរ៍ ទី ២៥ ខែកុម្ភៈ ឆ្នាំ ២០១២កន្លងទៅនេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១២ បានឲ្យដឹង ដោយលើកឡើងនូវសំដីរបស់លោកស្រី Rita Kusriastuti រដ្ឋមន្ត្រីសុខាភិបាលប្រទេសឥណ្ឌូនេស៊ីទទួលបន្ទុកផ្នែកគ្រប់គ្រងការឆ្លងរីករាលដាល នៃមេរោគសត្វ បា្រប់ទីភ្នាក់ងារសារព័ត៌មាន AFP ឲ្យដឹង ថា ក្មេងប្រុស ដែលជាជនរងគ្រោះបានចាប់ផ្តើមឈឺ និងចេញពីជារោគសញ្ញា តាំងពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១២ មកម្ល៉េះ ហើយក្នុងរយៈពេលប្រាំថ្ងៃក្រោយមក ទើបជនរងគ្រោះត្រូវបានបញ្ចូនទៅកាន់ មន្ទីរពេទ្យ ។
រដ្ឋមន្ត្រីរូបនេះបានបន្តថា អ្នកជំងឺបានស្លាប់នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២កន្លងទៅនេះ ហើយក្រោយ ពីការស្លាប់ តាមការត្រួតពិនិត្យបានបង្ហាញឲ្យដឹងថា ជនរងគ្រោះត្រូវស្លាប់ដោយសារមេរោគផ្តាសាយ បក្សី ដែលហៅកាត់ថា H5N1។
មនុស្សជាច្រើនបានបង្ហាញក្តីបារម្ភពីបញ្ហានៃការឆ្លងរីករាលដាលនៃជំងឺផ្តាយសាយបក្សី ដែលកំពុងមាន ការកើនឡើងនៅតំបន់អាស៊ី  សាជាថ្មី បន្ទាប់ពីមានសេចក្តីរាយការណ៍មួយចេញផ្សាយដោយប្រទេស ចិន ដែលបានបង្ហាញអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវមួយនេះជាលើកដំបូង ចាប់តាំងពីវាបាន ស្ងប់ស្ងាត់អស់រយៈពេល១៨ខែ មកហើយនោះ។
ប្រទេសឥណ្ឌូនេស៊ី ជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេស ដទៃទៀតនៅអាស៊ីដែលបានរងការវាយ ប្រហារដោយសារមេរោគផ្តាសាយបក្សីធ្ងន់ធ្ងរជាងគេ ដោយប្រទេសនេះ មានមនុស្សស្លាប់ ដោយសារ មេរោគផ្តាសាយបក្សី រហូតដល់១៥០នាក់ ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០១១ នេះបើយោង តាមតួលេខ ដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោក។
ក្រសួងសុខាភិបាលបានបង្ហាញតួលេខក្នុងគេហទំព័ររបស់ខ្លួនថា ចាប់តាំងពីឆ្នាំ២០០៥ រហូតមកទល់ បច្ចុប្បន្ននេះ មានមនុស្ស១៥៤នាក់ហើយ ដែលបានស្លាប់ដោយមេរោគផ្តាសាយបក្សី ក្នុងប្រទេស ឥណ្ឌូនេស៊ី។ ការពិតទៅប្រភេទនៃមេរោគនេះ ត្រូវឆ្លងពីសត្វទៅមនុស្ស ប៉ុន្តែអ្នកជំនាញបានបង្ហាញក្តី បារម្ភថា មេរោគនេះ អាចនឹងវិវត្តទៅក្នុងទម្រង់មួយ ដែលងាយស្រួលឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ ទៀត ដែលអាចធ្វើឲ្យមានមនុស្សស្លាប់រហូតជាច្រើនលាននាក់ទូទាំងពិភពលោក៕(dapnews)

Comments system

Disqus Shortname