Sunday, February 26, 2012

ថន​ លក្ខិណា​ ស្រក់​ទឹក​ភ្នែក​​ថ្ងៃ​ខួប​ រតនៈ វិសិដ្ឋ

ក្រោយ​លេច​ធ្លោ​ ក្នុង​នាម​ជា​ពិធីការិនី​របស់​ស៊ីធីអិន​ក្នុង​កម្មវិធី “សុខគា​ លក្ខិណា​ ប៊ីអាយជី​” ថន លក្ខិណា​ ហាក់​ស្ងប់​ស្ងាត់​មួយ​រយៈ​ ពាក់ព័ន្ធ​នឹង​ចំណង​ស្នេហ៍​ ក្រោយ​ល្បី​ផ្តាច់​ស្នេហ៍​ ជា​មួយ​កម្លោះ​សង្ហា​ រតនៈ​ វិសិដ្ឋ​។ ប៉ុន្តែ​បង្ហាញ​វត្តមាន​ ក្នុង​ពិធី​ខួប​កំណើត​ របស់​អតីត​គូ​ស្នេហ៍​រូប​នេះ​ លក្ខិណា​ ស្រាប់​តែ​ស្រក់​ទឹក​ភ្នែក​ប៉ុន្មាន​តំណក់​ ធ្វើ​ឲ្យ​គេ​ងឿង​ឆ្ងល់​ទៅ​វិញ​។

ពិធីការិនី​រាង​ខ្ពស់​ស្រឡះ​ ថន​ លក្ខិណា​ កំពុង​តែ​មាន​ដំណើរ​ការណ៍​ការងារ​ក្នុង​នាម​ជា​ពិធីការិនី​ យ៉ាង​រលូន​ បើ​ទោះ​ជា​នាង​មិន​ទាន់​អាច​ក្តោប​ក្តាប់​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ​ ក៍​ដោយ​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ ក៏​កម្មវិធី​របស់​នាង​តែ​មួយ​​នេះ​ បាន​និង​កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​ដែរ​ ដោយ​ទើប​នឹង​ទទួល​បាន​ពាន​រង្វាន់​ពី​កម្មវិធី​ “អាណាចក្រ​តារា​” កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​នេះ។

ដូច្នេះ​បើ​និយាយ​ពី​ការងារ​ គឺ​ ថន​ លក្ខិណា​ កំពុង​រីក​មុខ​រីក​មាត់​ តែ​បើ​និយាយ​ពី​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​វិញ​ ពិធីការិនី​រូប​ស្រស់​រូប​នេះ​ មិន​ទាន់​មាន​ភាព​គាប់​ប្រសើរ​ទេ​ ខណៈ​កន្លង​មក​ នាង​បាន​ជួប​រឿង​អាស្រូវ​គួរ​សម​ដែរ ពាក់​ព័ន្ធ​នឹង​រឿង​ស្នេហា​។ ជាក់​ស្តែង កាល​ពីដើម​ឆ្នាំ​២០១១​ ខណៈ​គេ​ឃើញ​នាង​ដើរ​ចែក​សំបុត្រ​អញ្ជើញ​ភ្ញៀវ​ឡើង​ផ្ទះ​ មួយ​ល្វែង​នៅ​ម្តុំ​ដេអិន​ដែល​មាន​តម្លៃ​ក្បែរ​២០​ម៉ឺន​ដុល្លារ​នោះ​ មាន​ព័ត៌មាន​ថា នោះ​ជា​កាដូ​ពី​គូ​ស្នេហ៍​ជា​ឧកញ៉ា​របស់​នាងទិញ​ឲ្យ ​ព្រោះ​គេ​មិន​ជឿ​ថា​ ថន លក្ខិណា​ ដែល​ទើប​ល្បី​ប្រមាណ​២​ឆ្នាំ​ តាម​រយៈ​ការងារ​ជា​ពិធីការិនី​ និង​សម្ដែង​ មាន​លទ្ធភាព​រំលេច​សមិទ្ធផល​តម្លៃ​ដប់​ម្ភៃ​ម៉ឺន​ដុល្លារ​នោះ​ឡើយ​។ យ៉ាង​ណា​ក៏​ដោយ​ នាង​បាន​បក​ស្រាយ​ថា​ ផ្ទះ​មួយ​ល្វែង​ គឺ​ជា​បង្អែក​របស់​ម្តាយ​ ក្រោយ​គាត់​លក់​ដី​មួយ​កន្លែង​ប៉ុណ្ណោះ​។
ក្រោយ​មក​ទៀត​ ក៏​ល្បី​ថា​ ពិធីការិនី​រូបនេះ​បាន​បង្កាត់​ភ្លើង​ស្នេហ៍​ជា​មួយ​លោក​ រតនៈ​ វិសិដ្ឋ​ មុន​ពេល​កាត់​ផ្តាច់​វិញ​ ដោយ​យោង​លើ​មូលហេតុ​ពិបាក​ដើរ​ផ្លូវ​រួម​គ្នា​។ តែ​តាម​អ្នក​ដឹង​រឿង​ គេ​មើល​ឃើញ​ថា​ ទង្វើ​ផ្តាច់​ស្នេហ៍ ​រតនៈ​ វិសិដ្ឋ​ នេះ​ ក៏​ព្រោះ​តែ​នាង​មិន​ចង់​ឲ្យ​កម្លោះ​សង្ហា​រូប​នេះ​ ដែល​កាល​ណោះ​ អត់​ទាន់​ល្បី​ តោង​កាលីប​ប៉ុណ្ណោះ​។ ដូច្នេះ​ហើយ​ ទើប​ក្រោយ​មក​ គេ​ឃើញ​ រតនៈ​ វិសិដ្ឋ​ ងាក​មក​ស្និទ្ធ​ស្នាល​ជា​មួយ​ ឆ័យលី​ ដាឡែន​ និង​ថ្មីៗ​នេះ​ ជា​មួយ​ សាន​ សុម៉ាលី​ ទៀត​ទើប​គេ​កាត់​ស្មាន​ថា​ ជា​ទង្វើ​បញ្ឈឺ​ ថន​ លក្ខិណា​ ដែល​សុខ​ចិត្ត​បោះ​បង់​រូប​គេ​។
ទោះ​ជា​យ៉ាង​នេះ​ក្តី​ ក្នុង​កម្មវិធី​ខួប​កំណើត​របស់​លោក​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ថន​ លក្ខិណា​ ក៏​មាន​វត្តមាន​ដែរ​តាម​ការ​អញ្ជើញ​របស់​ម្ចាស់​កម្មវិធី ជា​មួយ​នឹង​ឈុត​រ៉ូប​ស​ដ៏​ទាក់​ទាញ​មួយ​ឈុត​អម​ដំណើរ​ដោយ​នារី​វ័យ​ស្របាល​ គ្នា​ម្នាក់​ទៀត​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​ គឺ​គ្រាន់​តែ​ចុះ​ពី​លើ​ឡាន​ដើរ​បាន​ប៉ុន្មាន​ជំហាន​ នាង​ ស្រាប់​តែ​​ទុច​ង៉ក់​ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​មូល​ហេតុទៅ​វិញ​។ ចំណុច​នេះ​ ធ្វើ​ឲ្យ​គេ​សង្ស័យ​ថា​ នាង​ប្រហែល​ជា​ ពិបាក​ទប់​ចិត្ត​ខណៈ​ឃើញ​ សាន​ សុម៉ាលី​ និង​ រតនៈ​ វិសិដ្ឋ​ កៀក​កិត​គ្នា​ នៅ​ចំពោះ​មុខ​បែប​នេះ​ ព្រោះ​ខណៈ​នោះ​ ទាំង​ សាន​ សុម៉ាលី​ និង​ រតនៈ​ វិសិដ្ឋ​ កំពុង​តែ​តោង​ដៃ​តោង​ជើង​គ្នា​ និង​រំលេច​ដោយ​ពាក្យ ​”អូន​…បង​” យ៉ាង​ត្រជាក់​ចិត្ត​ផង​។
សន្ទនា​រយៈ​ពេល​ខ្លី​តាម​ទូរស័ព្ទ​ជាមួយ​ Sabay​ ថន​ លក្ខិណា​ ឲ្យ​ដឹង​ថា​ នាង​គ្មាន​ហេតុផល​អ្វី​ត្រូវ​សម្រក់​ទឹក​ភ្នែក​ដោយ​សារ​ប្រុស​ម្នាក់​ ដែល​នាង​មិន​ស្រឡាញ់​ឡើយ​។ លក្ខិណា​ និយាយ​ថា ​”អត់​មាន​អី​ផង…ខ្ញុំយំ​ ព្រោះ​តែ​ខ្ញុំ​មាន​រឿង​ស្មុគ​ស្មាញ​ផ្ទាល់​ខ្លួន​ផ្សេង​តើ​!”។ ពិធីការិនី​ ដែល​អាច​និយាយ​ភាសា​ថៃ​បាន​រូប​នេះ​បន្ត​ថា​” ខ្ញុំ​មាន​រឿងរ៉ាវ​ផ្ទាល់​ ដែល​មិន​អាច​ប្រាប់​បាន​ តែ​ឥឡូវ​ដោះ​ស្រាយ​រួច​ហើយ​ ហើយ​បើ​ថា​ ខ្ញុំ​យំ​ដោយ​សារ​គេ​(រតនៈ​ វិសិដ្ឋ​)នោះ​ ក៏​មិន​ត្រូវ​ដែរ​ ព្រោះ​យើង​គ្រាន់​តែ​ជា​មិត្ត​នឹង​គ្នា​ប៉ុណ្ណោះ​…!”។
ថន​ លក្ខិណា​ ទើប​នឹងបាន​ប្រឡង​ជាប់​មធ្យម​សិក្សា​ទុតិយភូមិ​ កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១១​ហើយ​នាង​គ្រោង​បន្ត​សិក្សា​ថ្នាក់​ បរិញ្ញាបត្រ​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​ផ្នែក​ធនាគារ​ និង​ហិរញ្ញវត្ថុ​ទៀត​នៅ​ដើម​ឆ្នាំ២០១២​នេះ​។ តែ​មុន​នឹង​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​និស្សិត​ នៅ​ថ្ងៃច័ន្ទ​ទី២៧​ កុម្ភៈ​នេះ​ លក្ខិណា​ នឹង​ត្រូវ​បំពាក់​ឯក​សណ្ឋាន​ជា​ផ្លូវ​ការ​ ក្នុង​នាម​ជា​សមាជិក​ថ្មីរបស់​កាក​បាទ​ក្រហម​ផង​ដែរ​ ក្រោយ​បាន​ដាក់​ពាក្យ​កាល​ពី​ខែ ​មិថុនា​ ឆ្នាំ​មុន​៕(sabay)

Comments system

Disqus Shortname