Wednesday, February 22, 2012

ប្រជាជន​ចិន​កាន់​តែ​សកម្ម​នឹង​ការ​រួម​ភេទ​ប្រាស​ចាក​ប្រពៃណី

ក្រុង​ប៉េកាំងៈ ចិន​បាន​ក្លាយ​ជា​ប្រទេស​មួយ​មាន​ភាព​ទូលំ​ទូលាយ​ខាង​សម្ព័ន្ធ​ភាព​រួម​ភេទ​ ទៅ​ហើយ ​​តាម​ព្រឹត្តិ​បត្រ​ចេញ​ផ្សាយ​ឆ្នាំ​២០១១ នៃ​ការ​ស្ទាបស្ទង់​មតិ​របស់​ក្រុមហ៊ុន​ស្រោម​អនាម័យ​ដ៏​ធំ​ម៉ាក Durex នៅ​ក្នុង​ទីក្រុង​ប៉េកាំង។

ការ​ស្ទាបស្ទង់​មតិ​នោះ​បាន​សាកសួរ​មនុស្ស​ពេញ​វ័យ​(លើស​ពី​១៨​ឆ្នាំ) ចំនួន ២៩០០០​នាក់​នៅ​ក្នុង ៣៦ ប្រទេស​ ដែល​ក្នុង​​នោះ​មាន​ជនជាតិ​២០៦០​នាក់​បាន​ចូល​រួម​នៅ​ក្នុង​ការ​ឆ្លើយ សំណួរ​។
តាម​រយៈ​ក្រុមហ៊ុន​ស្រាវជ្រាវ​ដដែល លទ្ធផល​បាន​ឲ្យ​ដឹង​ថា អាកប្ប​កិរិយា និង​ឥរិយាបថ​រួម​ភេទ​របស់​ប្រជា​ជន​ចិន​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​នៅ​ អំឡុង​ប៉ុន្មាន​ឆ្នាំ​នេះ​។ អត្ថ​បទ​ស្រាវ​ជ្រាវ​បាន​បន្ត​ថា មាន​អត្រា​ដល់​ទៅ ៣៤ ភាគរយ​ឯ​ណោះ​សម្រាប់​មនុស្ស​ចូល​ចិត្ត​មាន​ដៃ​គូ​រួមរ័ក ច្រើន​ជាង​ម្នាក់​ ខណៈ​ការ​ស្រាវ​ជ្រាវ​នៅ​ឆ្នាំ​២០០៦ គឺ​មាន​អត្រា​តែ ២៨​ ភាគរយ​ប៉ុណ្ណោះ។ ម្យ៉ាង​ទៀត មាន​ប្រជាជន​ចិន​តែ ៣០ ភាគ​រយ​ប៉ុណ្ណោះ​ដែល​រួម​ភេទ​ដោយ​សារ​តែ​សេចក្ដី​ស្រឡាញ់ ខណៈ​នៅ​ឆ្នាំ​២០០៦ មាន​អត្រា​រហូត​ដល់​ទៅ ៥២ ភាគ​រយ។ ចំណែក​ទំនោរ​ «សង្សារ​តែ​១​រាត្រី» បាន​ក្លាយ​ជា​រឿង​ធម្មតា​ហើយ។​
របាយ​ការណ៍​ដដែល​បាន​បញ្ជាក់​ថា សង្គម​ចិន ក៏​មិន​សូវ​រើសអើង​ច្រើន​ទៅ​គូ​ស្នេហ៍​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ដែរ។ ​
ដោយ​ឡែក​តាម​រយៈ​អ៊ីនធឺណិត​ វា​ក៏​ជា​ប្រភព​ព័ត៌មាន​រឿង​ផ្លូវ​ភេទ​ដែល​មិន​ចេះ​រីង​ស្ងួត​ដែរ​ គឺ​អត្រា​៥០​ភាគ​រយ​បាន​បញ្ជាក់​ថា ពួក​គេ​ស្វែងយល់​ពី​រឿង​រួមរ័ក​នេះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​តែ​ម្តង។
លីវ ជុងយី អ្នក​សិច​វិទូ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អភិវឌ្ឍ​ប្រជាជាតិ​ចិន CDRC បាន​និយាយ​ថា៖ «​ការ​ស្ទាបស្ទង់​មតិ​នេះ វា​មាន​ភាព​សុក្រឹត ជា​ពិសេស​អត្រា​នៃ​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត កាន់​តែ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នៅ​ចិន​»។
លោក លីវ ជុងយី បាន​កត់​សម្គាល់​ថា ​៩០​ភាគរយ​នៃ​ព័ត៌មាន​ស្តី​ពី​បញ្ហា​ផ្លូវ​ភេទ​តាម​អ៊ីនធឺណិត​បាន ផ្ទុក​នូវ​សំណុំ​រឿង ឬ រូប​អាស​អាភាស ដែល​ជា​ហេតុ​ដឹក​នាំ​ប្រជាជន​ចិន​មាន​ទំនោរ​ប្រព្រឹត្ត​ខុស និង​យល់​ច្រឡំ​ពី​ធាតុ​ពិត​នៃ​ការ​រួមភេទ​។
យើង​សូម​លើក​យក​បញ្ហា​រួម​រ័ក​ឈាន​ដល់​ចំណុច​កំពូល​មក​និយាយ​ចុះ គឺ​មាន​តែ​អត្រា ១/៤ នៃ​ចំនួន​ប្រជាជន​ទេ​ដែល​អាច​រួមរ័ក​ឈាន​ដល់​ចំណុច​កំពូល​បាន​តែ​ វិបសាយ​សិច​ទាំង​ឡាយ​បាន​បង្ហោះ​ខ្សែ​ភាពយន្ត​សិច​បង្ហាញ​ពី​តួ​លេខ​ដែ​ល​ អាច​រួម​ភេទ​ដល់​ចំណុច​កំពូល​ជាច្រើន​លើក​ច្រើន​សា​ខុស​ពី​ការ​ពិត​ទាំង ​ស្រុង។
លោក ឈីង យិន អ្នក​និពន្ធ​ស្ម័គ្រ​ចិត្ត​ស្ដី​ពី​បញ្ហា​ផ្លូវ​ភេទ និង​សម្ព័ន្ធ​ភាព​ស្នេហ៍​នៅ​ទីក្រុង​ប៉េកាំង​បាន និយាយ​ថា៖ «សង្គម​ចិន​បរាជ័យ​ក្នុង​ការ​អប់រំ​មនុស្ស​អំពី​បញ្ហា​សុខភាព​ផ្លូវ​ភេទ»។
មាន​មនុស្ស​ជា​ច្រើន​ប្រើ​អ៊ីនធឺណិត​ជា​មធ្យោបាយ​សម្រាប់​ការ​ ណាត់​ជួប​គ្នា ឬ​ស្វែងរក​ដៃ​គូ​រួម​ភេទ​ទៀត​ផង។ ចាប់​តាំង​ពី​ឆ្នាំ​២០០៦ អត្រា​យុវវ័យ​ចាប់​ផ្ដើម​ខូច​ខ្លួន​គឺ​នៅ​ចន្លោះ​អាយុ​ពី ១៦​ដល់ ១៨ ឆ្នាំ។ ក្នុង​នោះ​មាន​យុវវ័យ​ ២៥ ភាគរយ​ដែល​មិន​ស្គាល់​ប្រវត្តិ​ដៃ​គូ​ថា មាន​ផ្ទុក​មេរោគ​អ្វី​នោះ​ឡើយ ខណៈ​៤០​ភាគ​រយ​ទៀត​បាន​ឲ្យ​ដឹង​ថា ពួក​គេ​ធ្វេស​ប្រហែស​មិន​ការពារ​ជំងឺ​ឆ្លង​ពេល​រួម​ភេទ៕

Comments system

Disqus Shortname