អង្គការអន្តរជាតិធំៗ ចំនួន៤ បានចេញផ្សាយ របាយការណ៍របស់ខ្លួន នៅថ្ងៃពុធ
ទី២២ ខែកុម្ភៈ ឆ្នាំ២០១២ នេះឱ្យដឹងថា ប្រជាជនក្រីក្រកម្ពុជា រាប់ពាន់នាក់
កំពុងប្រឈម នឹងហានិភ័យហិរញ្ញវត្ថុ ដែលកើតឡើងចំពោះពួកគេ
ដោយសារតែគ្រោះធម្មជាតិទឹកជំនន់ ដ៏ធ្ងន់ធ្ងរនៅឆ្នាំ២០១១នោះ។
យោងតាម សេចក្តីប្រកាសព័ត៌មាន របស់អង្គការ CARE, OXFAM, Catholic Relief
Services និង PACT បានឱ្យដឹងថា របាយការណ៍មួយ របស់អង្គការទំាង ៤ នេះ
ដែលជាលទ្ធភាព នៃការសិក្សាអង្កេត ទៅលើគ្រួសារក្រីក្រ រងការប៉ះពាល់ដោយសារ
គ្រោះទឹកជំនន់ ចំនួន ៤០០ គ្រួសារ បានបង្ហាញពីក្តីព្រួយបារម្ភ ពីកម្រិត នៃ
បំណុលដែលប្រជាជនក្រីក្រទាំងនោះ ត្រូវតែសងបន្ទាប់ពីគ្រោះទឹកជំនន់ ។
នាយកតំណាងអង្គការ CARE លោក Bill Pennington បានលើកឡើងថា “យើងដឹងថា
ប្រជាជនក្រីក្រ ទទួលរង ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៅក្នុងគ្រោះទឹកជំនន់
ហើយដោយសារបញ្ហានេះ យើងដឹងថា គ្រួសារទាំងនោះ ត្រូវតែសងបំណុលដ៏ធ្ងន់ធ្ងរ
ក្នុងកិច្ចខំប្រឹងប្រែង ស្តារនូវស្ថានភាពគ្រួសារ និងចំណូលគ្រួសារឡើងវិញ”។
គួរបញ្ជាក់ឱ្យដឹងថា ប្រាក់កម្ចី តែងតែត្រូវបាន កសិករស្វះស្វែងខ្ចី
ដើម្បីផ្គត់ផ្គង់ការដាំដុះនៅ រដូវក្រោយ ប៉ុន្តែតាមការរយៈការសិក្សា
បានបង្ហាញឱ្យដឹងថា ឥឡូវ ស្ទើរតែ១ភាគ៤នៃប្រាក់កម្ចីទាំងអស់
គឺប្រើប្រាស់សម្រាប់ចំណេញ ទៅលើការខូចខាតភ្លាមៗ ដោយសារគ្រោះទឹកជំនន់
បញ្ហាសុខភាព និងការអប់រំ។ លើសពីនេះ បញ្ហាកង្វះអាហារ ត្រូវបានលើកឡើង
ពីក្រុមគ្រួសារជាច្រើន ជាហេតុផល ក្នុងការខ្ចីប្រាក់ ហើយចំនួនគ្រួសារ
ដែលរំពឹងថា ខ្វះអាហារសម្រាប់រយៈពេល៤ ទៅ៨ខែ មាន ១៣ ភាគរយ មុនគ្រោះទឹកជំនន់
ហើយកើនឡើងដល់ ៣១ ភាគរយក្រោយគ្រោះទឹកជំនន់ ។
លោក Bill Pennington បាននិយាយឱ្យដឹងទៀតថា កម្មវិធីស្តារឡើងវិញ
ត្រូវតែឱ្យចំគោលដៅ ដោយធានាថា ប្រាក់កម្ចីអាចត្រូវបានដោះស្រាយ
និងមិនត្រូវស្ថិតក្នុង ស្ថានភាពណាមួយដែលធ្ងន់ធ្ងរខ្លាំងពេក។
សូមជម្រាបឱ្យដឹងថា ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន
បានធ្វើការអំពាវនាវទៅដល់បណ្តាមីក្រូហិរញ្ញវត្ថុ ធ្វើការពន្យារពេល ឬក៏លើកលែង
អត្រាការប្រាក់ សម្រាប់ប្រជាជនក្រីក្រ
ដែលរងគ្រោះដោយសារគ្រោះធម្មជាតិទឹកជំនន់ កាលពីឆ្នាំ២០១១ ៕