Sunday, February 26, 2012

បាក់​គ្រោង​អគារ​ផ្សារ​ហេងលី

រាជ​ធានី​ភ្នំពេញ ៖ ​​អគារ​ផ្សារ​ហេង ​លី​ចំនួន​១៣​ខ្នង​ ដែល​រុះ​រើ​នៅ​សល់​តែ​គ្រោង​​ឆ្អឹង បាន​បាក់​ដួល​រលំ​ទាំង​ជំហ​រ​បណ្តាល​ឱ្យ​សង្កត់​ម៉ូតូ​​៤​គ្រឿង រ៉ឺម៉ក​​៣​គ្រឿង រថយន្ត​១​គ្រឿង​ គ្រឿង​ចក្រ​២​គ្រឿង និង​ក្មេង​ប្រុស​ម្នាក់​រង​របួស​។ ទោះ​បី​ជា​បែប​ណា  នេះ​ចាត់​ទុក​ជា​សំណាង​ហើយ​ដែល​​ពុំ​បណ្តាល​ឱ្យ​មនុស្ស​រង​គ្រោះ​ដល់​អាយុ​ ជីវិត ។
ហេតុ​ការណ៍​បាក់​រលំ​អគារ​ផ្សារ​ហេង​ លី​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២៤
កុម្ភៈ ក្នុង​ដីឡូត៍​លេខ​៣២-៣៤ ជាប់​កំណាត់​ផ្លូវ​លេខ​២៧១ ស្ថិត​ក្នុង​សង្កាត់​​ទឹក​ល្អក់​ទី៣ ខណ្ឌ​ទួល​គោក ។ ក្មេង​ប្រុស​ដែល​រង​របួស​ដោយ​ការ​បាក់​រលំ​​នេះ​ឈ្មោះ​​ដូង សុវណ្ណារ៉ា អាយុ​៧​ឆ្នាំ រង​របួស​​បែក​​ក្បាល​ដេរ​ចំនួន​៦​ថ្នេរ ។ ក្មេង​ប្រុស​នេះ​មាន​ទីលំនៅ​ផ្ទះ​លេខ​២២២ ផ្លូវ​លេខ​១៥៦ សង្កាត់​ទឹក​ល្អក់​ទី២ ។
តាម​សមត្ថ​កិច្ច​ឱ្យ​ដឹង​ថា អគារ​ផ្សារ​ហេង​លី​ចំនួន​១៣​ខ្នង​ដែល​​បាក់​គ្រោង​​នេះ​ ​គឺ​ជា​ទីតាំង​ផ្សារ​កំពុង​តែ​រុះ​រើ​​ធ្វើ​ថ្មី​ សល់​តែ​គ្រោង​​ឆ្អឹង​​ដែល​ពុក​ក៏​ដួល​រលំ មាន​បណ្តោយ​ប្រវែង​១២០​ម៉ែត្រ និង​ទទឹង​ប្រវែង​២៣​ម៉ែត្រ ត្រូវ​បាន​បាក់​ដួល​រាប​ដល់​ដី ។ បន្ទាប់​ពី​មាន​ការ​បាក់​ដួល​រលំ​នេះ លោក​ជឹម សំអាន អភិ​បាល​រង​ខណ្ឌ​ទួល​គោក រួម​ទាំង​មន្ត្រី​សំណង់​ខណ្ឌ សមត្ថ​កិច្ច និង​អាជ្ញា​ធរ​មូល​ដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​​ហេតុ​ភ្លាម​ៗ​​ដែរ ។
តាម​ព័ត៌​មាន​ឱ្យ​ដឹង​ថា អគារ​ផ្សារ​នោះ​ធ្វើ​អំពី​ឈើ​​ប្រក់​ស័ង្កសី និង​ជើង​សសរ​ដែក ​មាន​លក្ខណៈ​​ចាស់​ទ្រុឌ​ទ្រោម ដែល​ពី​មុន​ជា​ឃ្លាំង​ខោ​អាវ​ជជុះ និង​ឃ្លាំង​ទំនិញ​បោះ​ដុំ ហើយ​ប្រមាណ​ជាង​១​ខែ​មក​ហើយ​ត្រូវ​បាន​ថៅកែ​ផ្សារ​នេះ​រុះ​ដំបូល និង​វាយ​ជញ្ជាំង​ ព្រម​ទាំង​យក​គ្រឿង​ចក្រ​កាយ​ថ្មគ្រឹះ​ចេញ​ សល់​តែ​គ្រោង​ឆ្អឹង និង​ត្រៀម​ចាក់​ជើង​សសរ​ប្រក់​ដំបូល​ថ្មី​​​ដើម្បី​​ធ្វើ​ជា​តូប​លក់​ដូរ ។
គេ​និយាយ​ថា ដោយ​សារ​តែ​ជាង​កាយ​ថ្ម​គ្រឹះ​ក្រោម​ចេញ​អស់​ទើប​​​​អគារ​ផ្សារ​នោះ​ដួល​ រលំ។ នេះ​ចាត់​ទុក​ជា​សំណាង​ហើយ ប្រសិន​ដួល​នៅ​​ពេល​ម៉ោង​ធ្វើ​ការ​ ឬ​មាន​មនុស្ស​នៅ​ក្បែរ ឬ​នៅ​ពី​ក្រោម ​ពិត​ជា​មាន​ស្ថាន​ភាព​ធ្ងន់​​ធ្ងរ​ជាង​នេះ​មិន​ខាន​ឡើយ ៕(kohsantepheap)







Comments system

Disqus Shortname