Thursday, February 23, 2012

បាញ់គំរាម ប្លន់ប្តីប្រពន្ធ យកប្រាក់និង គ្រឿងអលង្ការ ជាង៦០០០ដុល្លារ

ជនរងគ្រោះពេលមកប្តឹងសមត្ថកិច្ច
លោកម៉ក់ ហុងចាត់ទុកថា ក្រុមជនល្មើសធ្វើសកម្មភាពឆក់ រួចបាញ់គំរាមឡើងលើមួយគ្រាប់
ភ្នំពេញ៖ អាជីវករលក់ គ្រឿងអលង្ការ និងប្តូរប្រាក់ នៅផ្សារពោធិ៍ចិនតុង ពីរនាក់ប្តីប្រពន្ធ ត្រូវបានក្រុមចោរ បាញ់មួយគ្រាប់គំរាម រួចប្លន់យកមាសប្រាក់ បានជាង៦០០០ដុល្លារ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១២ ។

មន្រ្តីនគរបាលបានឲ្យដឹងថា លោក ហេង សុខុន អាយុ២៩ឆ្នាំនិង អ្នកស្រីសុខ ស៊ីដាលីណា ដែលស្នាក់ នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាជនរងគ្រោះក្នុងករណីប្លន់នេះ។
មន្រ្តីនគរបាលដដែលនោះបានឲ្យដឹងថា ជនរងគ្រោះត្រូវបានក្រុមចោរប្លន់នៅចម្ងាយប្រមាណ៣០ទៅ៤០ម៉ែត្រ ពេលចេញដំណើរពីផ្ទះដើម្បីទៅប្រកបរបរនៅផ្សារពោធិ៍ចិនតុង ដែលស្ថិតនៅផ្លូវ ក្រុមទី៣ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
លោកបានបន្តទៀតថា ក្រុមជនប្រដាប់អាវុធមានគ្នា២នាក់ បានជិះម៉ូតូបុកជនរងគ្រោះ រួចបាញ់មួយគ្រាប់គំរាម ហើយក៏ចូលទៅយកប្រាក់និងគ្រឿងអលង្ការរបស់ជនរងគ្រោះ បន្ទាប់មកក្រុមជនល្មើសបាន ឡើងជិះម៉ូតូគេច ខ្លួនបាត់។
លោកម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បាននិយាយថា មុនដំបូងក្រុមជនល្មើសបានធ្វើសកម្មភាពឆក់ ប៉ុន្តែពេលនោះជនរងគ្រោះបានប្រតាយប្រតប់មិនឲ្យទ្រព្យសម្បត្តិ ហើយជនល្មើស បាញ់ឡើងលើមួយគ្រាប់ ដើម្បីគំរាម ជនរងគ្រោះតែម្តង ៕

Comments system

Disqus Shortname