Wednesday, February 22, 2012

ប្រកាស​ចាប់​ខ្លួន​ខ្មាន់​កាំភ្លើង ៖ ក្រុម​ហ៊ុន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេសក្រុង​បាវិត​យល់​ព្រម​តាម​ការទាម​ទារ​របស់​កម្មករ

ក្នុង​​ឱកាស​បើក​​សន្និ​បាត​​បូក​សរុបលទ្ធ​ផល​ ការងារឆ្នាំ​២០១១របស់​​ក្រសួង​​មហាផ្ទៃ ដែលរៀប​ចំនៅ​សាល​ប្រជុំទី​ស្តី​ការ​ក្រសួង កាល​ពីព្រឹក​ថ្ងៃទី២១​កុម្ភៈ ដោយ​មានការចូលរួម​ពី​មន្ត្រី​អាជ្ញា​ធរ និងប្រធាន​​​ក្រុម​ប្រឹក្សា​រាជធានី-​ខេត្ត-ក្រុង-​ឃុំ-​សង្កាត់​ទូទាំង​​ ប្រទេស លោក​ស ខេង​ ឧប​នាយ​ក​មន្រ្តី​ រដ្ឋ​មន្រ្តី​ក្រសួង​​មហាផ្ទៃ​ ​បានរលឹក​ដល់មន្ត្រី​អាជ្ញាធរ​ថា​ មិន​
ត្រូវបាញ់ប្រហារទៅលើ​ប្រជាពលរដ្ឋទេ ហើយ​គោល​នយោ​បាយ​របស់​រាជ​រដ្ឋាភិបាល​ក៏មិន​បាន​ឱ្យប៉ូលិស​ប្រើហិង្សា​ ដាក់ប្រជា​ពលរដ្ឋ​​ដែរ គឺសម្រាប់​​តែការ​ពារ​​ប្រជា​ពលរដ្ឋ​​តែ​​ប៉ុណ្ណោះ ។
«យើងមាន​កាតព្វ​​កិច្ចការពារ​​​សណ្តាប់​​ធ្នាប់​​​​ សាធារណៈ ​តែយើង​​មិន​មាន​​​​កាតព្វ​​កិច្ច​​ទៅ​​បាញ់​ប្រជា​​ពលរដ្ឋ​​​នោះទេ។ សូមលោក​​​អភិបាល​​​ខេត្ត​ស្តាប់​​បញ្ហា​ហ្នឹង​​ឱ្យច្បាស់ បើលោក​​​ឯង​បាញ់ ​លោក​ឯង​​ត្រូវតែ​ទទួល​ខុស​ត្រូវ» ។
ការ​លើក​​ឡើង​​បែប​នេះ ​​បន្ទាប់​​ពី​​មាន​កា​រ​បាញ់​ឱ្យ​របួស​​​​ធ្ងន់​​កម្មការិនី​រោង​​ចក្រ​ ៣នាក់ពី សំណាក់​ខ្មាន់​​​​កាំភ្លើង​នា​ពេល​ថ្មី​ៗបំផុត​នៅ​​ក្រុង​​បាវិត បន្ទាប់​ពី​ការ​បាញ់​​រះ​​​ទៅ​លើ​​ប្រជា​ពល​រដ្ឋ​ដែល​តវ៉ា​ពីបញ្ហា​​ដីធ្លី​ នៅ​ខេត្ត​​ក្រចេះ​ បណ្តាល​ឱ្យ​របួស​ធ្ងន់​​-ស្រាល​៤នាក់ ។ លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​មាន​ប្រសាសន៍​បញ្ជាក់ថា មុខសញ្ញា និងអត្ត​សញ្ញាណ​អ្នក​ដែលបានបាញ់ទៅលើ​ក្រុមកម្ម​ការិនីដែលធ្វើកូដកម្ម​បណ្តាល ​ឱ្យ​មាន​របួស​​ធ្ងន់ចំនួន៣​នាក់ នៅ​ខេត្ត​ស្វាយរៀងនោះ ពេល​នេះ​អគ្គស្នងការដ្ឋាននគរ​បាល​ជាតិ និងក្រសួង​មហា​​ផ្ទៃកំពុងតាម​​ស៊ើប​អង្កេត​ជា​បន្តទៀត​ដើម្បីឈានទៅចាប់ខ្លួន ​ជន​​នោះ​យក​មកផ្តន្ទា​​ទោស​ទៅតាម​ច្បាប់ ។​ គេកំពុង​តែ​យក​​បញ្ហា​នេះ​​ធ្វើជាឈ្នាន់​​ហើយ ត្រូវតែប្រុង​ប្រយ័ត្ន។
តួ​នាទីរបស់អាជ្ញាធរ​​ត្រូវមាន​​តម្លា​ភាព ​មិន​លំអៀង​​ទៅកាន់អ្នក​ណា​ម្នាក់​នោះ​ទេ ត្រូវតែរក​​ដំណោះស្រាយ​ជូនពួកគេ ខណៈ​ពេល​​ដែលពួក​គេ​កំពុងមាន​បញ្ហា ហើយមិន​ត្រូវ​ភ្លេច​​គិតអំពី​តួ​​នាទី​ខ្លួនជា​អ្នក​ការពារ​ប្រជា​ពល​រដ្ឋ​ ពេល​ដែល​ទទួលសំណូកពីក្រុហ៊ុនទាំងនោះទេ។
លោកឧបនាយក​​​រដ្ឋ​​មន្ត្រី​​​​បន្តថា ទាំង​គេ​ទាំងយើង​ឧបមាថា គេបាញ់យើង​វិញ​តើយើង​វេទ​នា​យ៉ាងណា  យើងលំបាកយ៉ាងណា​ក្នុង​​កំហុស​តិចតួច​តែដល់ថ្នាក់គេ​បាញ់នោះ តើ​យើង​ឈឺចាប់​ប៉ុណ្ណា? យើងត្រូវប្រៀបធៀប​យក​មក​ដាក់ខ្លួនយើងវិញ ។ ដូចជាកាលពីម្សិល​មិញ ករណីនេះយើងដឹងហើយ អ្នកណាជាអ្នកបាញ់​យើង​ដឹងរួចហើយ​ មាន​ភស្តុតាង​ហើយ​ យើង​ត្រូវ​​តែ​មានវិធានការជាបន្ទាន់។ ការតវ៉ា វាជា​​ធម្មតាទេ នៅប្រទេសណាក៏​មានដែរ ប៉ុន្តែការ​ដោះស្រាយរបស់យើងយកចុងកាំភ្លើងទៅដោះ​ ស្រាយជាមួយអ្នកដែលអត់កាំភ្លើងសួរថា យើង​ខុស ឬត្រូវ? ។ ពេលនេះ កម្លាំងរបស់ក្រសួង​មហាផ្ទៃ និងកម្លាំងអគ្គ​ស្នងការ​ដ្ឋាន​នគរបាល​​ជាតិ​កំពុងតែធ្វើការស្រាវជ្រាវ ដើម្បី​ចាប់ខ្លួនជន​អគតិរូបនេះដែលបានបាញ់ទៅលើហ្វូងកូដក​រ​ទាំងកំរោលនោះ ។
យើងត្រូវចាត់ទុកថា យើង​ជា​អាជ្ញាធរ​យើង​ត្រូវឈរកណ្តាល​​ក្នុង​ការ​ដោះ​ស្រាយ យើងត្រូវ​ការពារផលប្រយោជន៍ទាំង​អស់គ្នា ។ ​បើយើងទៅឃុបឃិតគ្នា​ ទៅទារលុយ​ក្រុមហ៊ុន ទៅការពារក្រុមហ៊ុន​ហើយមក​ធ្វើបាប​ប្រជា​ពលរដ្ឋសួរ​ថា តើយើងធ្វើជា​អាជ្ញា​ធរបាន​ទេ?
លោក​ឧប​នាយក​រដ្ឋ​​មន្ត្រី​បាន​អំពាវ​នាវ​​ដល់​​ អាជ្ញាធរគ្រប់លំដាប់​ថ្នាក់​ទាំងអស់ ចាប់ពីពេល​​នេះតទៅ មិនត្រូវប្រើអាវុធដោះ​ស្រាយ​បញ្ហា​រ​បស់ប្រជាពល​រដ្ឋនោះទេ ។ លោកសូមឱ្យមាន​តម្លាភាពទាំងអស់ បើគ្មានតម្លាភាព​ទេអស់​លោក​ដោះស្រាយ​មិនចេញទេ ហើយគេដឹងពី​ចំណុចខ្សោយរបស់មន្រ្តីយើងហើយបើគ្មាន​តម្លាភាព ។ សូមផ្តាំថា រឿងដែលទៅដោះ​ស្រាយ​​បញ្ហាទាំងអស់នេះ ដាច់ខាតមិនត្រូវ​ប្រើ​អាវុធ គឺប្រើដំបង​និងខែល ​តែដាច់​ខាត​​មិន​ត្រូវ​​ប្រើ​អាវុធ នេះជាបទ​បញ្ជា​​មួយក្នុងនាម​​ខ្ញុំជា​រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ ។ អ្នកណាអនុញ្ញាត​ឱ្យប្រើ​កម្លាំង អ្នកនោះទទួលខុស​ត្រូវខ្លួន​ឯង ។ យូរៗទៅប្រើប៉ូលិសទៅបាញ់ប្រជាពល​រដ្ឋ​ សម័យ​នេះ វាហួសហើយ មិនមែនសម័យខ្មែរ​ក្រហមទេ គឺសម័យនេះយើងត្រូវតែការពារ​ប្រជា​ពលរដ្ឋ ។
ព័ត៌​មាន​ពី​ខេត្ត​ស្វាយរៀង​តា​ម​សេចក្តី​​រាយ​​ការណ៍ ​​បាន​ឱ្យ​ដឹង​ថា ​ស្ថាន​ការណ៍​​តាន​តឹង​​កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ ​បាន​ធូរ​ស្រាល​វិញ​​នៅ​ព្រឹក​ថ្ងៃទី​២១ កុម្ភៈ ។ អង្គ​ប្រជុំ​​ជា​បន្ទាន់​​មួយ​​ត្រូវ​បាន​ធ្វើ​ឡើង​​នៅ​តំបន់​​សេដ្ឋ​កិច្ច​ ពិសេស​​ដែល​ជា​តំបន់​​ប្រមូល​ផ្តុំ​ដោយ​រោង​ចក្រ​ចំនួន​១៣ ដោយ​កិច្ច​​ប្រជុំ​​នេះ​​ ​ស្ថិត​​ក្រោម​អធិបតី​ភាព​លោក​វង សូត រដ្ឋ​មន្ត្រី​​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ និង​មាន​ការ​ចូល​​រួមពី​លោក​​ជៀង ​អំ អភិ​បាល​​ខេត្ត តំណាង​​​រោង​ចក្រ​​ និង​​មន្ត្រី​សមត្ថ​កិច្ច​​ដែល​​ពាក់​ព័ន្ធ​​ទាំង​​អស់ ។
អ្នក​សង្កេត​​ការណ៍​បាន​​កត់​សម្គាល់​​​ថា ​កិច្ច​ប្រជុំ​​ជា​បន្ទាន់​​នេះ​បាន​ធ្វើ​ឡើង​​បន្ទាប់​ពី​ការ​​បាញ់​​មក​លើ ​​ក្រុម​កម្ម​ករ​​ដែល​នាំ​​​គ្នា​​ធ្វើ​បាតុ​​កម្ម​ពី​សំណាក់​​​ជន​ម្នាក់​ ដែល​​ស្លៀក​ពាក់​​ជា​អង្គ​រក្ស​ និង​ជា​មេ​សន្តិ​សុខ​​ប្រចាំ​​រោង​​ចក្រ​ស្បែក​​ជើង​កៅវ៉េ កាល​ពីព្រឹក​​​ថ្ងៃទី​២០ កុម្ភៈ ។ ការ​បាញ់​​នោះ​​បណ្តាល​ឱ្យ​កម្ម​ការិនី​​​៣​នាក់​រង​​របួសធ្ងន់ ។ ​តាម​ប្រភពព័ត៌​មាន​ស្តីពី​កិច្ច​ប្រជុំ​នេះ ​បាន​ឱ្យ​ដឹង​ថា ក្រុម​និយោជក​បាន​ប្រកាស​​ឯក​ភាព​​​ទៅ​តាម​​ការ​​ទាម​ទារ​​របស់​ក្រុម​​​ កម្ម​ករ ហើយ​ក៏​បាន​​ប្រកាស​ឱ្យ​ក្រុម​កម្ម​ករ​​ទាំង​អស់​ចូល​​ធ្វើ​ការ​​ដូច​ធម្ម​ តា​​ឡើង​វិញ នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ ខាង​មុខ ។ ដោយ​ឡែក​​សម្រាប់​​អ្នក​រង​របួស ​លោក​​អភិ​បាល​​​ខេត្ត​បាន​​ជួយ​​ឧបត្ថម្ភ​​​ក្នុង​​ម្នាក់​៥០​​ម៉ឺន​រៀល និង​​ក្រុម​ហ៊ុន​​បាន​​សន្យា​ជួយ​​ចេញ​សោហ៊ុយ​​​ព្យា​បាល​​ទាំង​​អស់​​គ្នា​ ​រហូត​​ដល់​ជា​សះ​ស្បើយ ។
សេចក្តី​​ជូន​ដំណឹង​​ជាសាធារណៈ​​​មួយ​​​ត្រូវ​​បាន​​ ប្រកាស​​តាម​វិទ្យុ​​១០៣ នៅ​ខេត្ត​​ស្វាយ​​រៀង ​ដែល​​ជា​​ការ​ប្រកាស​​របស់​ក្រុម​ហ៊ុន​​​មេន​​ហាត​ធេន ​និង​ចុះហត្ថ​លេខា​​​ដោយ​លោក​​កៅ វីរៈ គឺ​​ជា​​ការ​​ផ្តល់​​ដំណឹង​ដល់​កម្ម​ករ ​កម្ម​ការិនី​​ស្តីពី​ការ​ផ្តល់​​​អត្ថ​ប្រយោជន៍​​ផ្សេងៗ​​ជូន​ដល់​កម្ម​ករ​ ​និយោជិត ។ ខាង​ក្រោម​នេះ​គឺជា​ការ​​ថត​ចម្លង​សេចក្តី​​​ជូន​ដំណឹង​ទាំងស្រុង ។

Comments system

Disqus Shortname