រហូតដល់វេលាម៉ោង៨ និង១៥នាទី យប់ថ្ងៃទី២២ កុម្ភ: ឆ្នាំ២០១២ នេះ
ទីតាំងសំខាន់ៗមួយចំនួននៅក្រុងសៀមរាប
មិនទាន់មានចរន្ដអគ្គីសនីប្រើប្រាស់វិញនៅឡើយទេ
តាមព័ត៌មានមួយចំនួនបានឲ្យដឹងថា ការដាច់ចរន្ដអគ្គីសនីនៅក្រុងសៀមរាប
តាំងពីចន្លោះ ម៉ោងប្រមាណ ៤រសៀលរហូតដល់ពេលនេះ គឺដោយសារមានការជួសជុល
បណ្ដាញចរន្ដអគ្គីសនី
ដែលមានប្រភពពីប្រទេសថៃនោះមិនទាន់រួចរាល់
ហើយតំបន់សំខាន់ៗ និងតាមដងវិថីមួយចំនួនមានភាពងងឹត ហើយមានការកក
ស្ទះចរាចរជាអន្លើរៗផងដែរ។
ដោយមូលហេតុដាច់ចរន្ដអគ្គីសនីនេះ កងកម្លាំងសមត្ថកិច្ច នគរបាល
កងរាជអាវុធហត្ថ សន្ដិសុខឯកជន បានដាក់ពង្រាយ ដើម្បីពង្រឹងសន្ដិសុខ
សណ្ដាប់ធ្នាប់ តាមទីតាំងសំខាន់ៗ ជាច្រើន និងសម្រួលចរាចរ តាមផ្លូវសាធារណ:
ព្រមទាំងទីតាំងផ្លូវបំបែក ដែលភ្លើងសញ្ញាចរាចរបានដាច់។
ទោះបីមានការស្ទះចរាចរបន្តិចបន្ទួច និងជាអន្លើរៗក្ដី ក៏កម្លាំងនគរបាល
មន្រ្តីកងរាជអាវុធហត្ថ បាននិងបន្ដសហការសម្រួលបានផងដែរ ដូចជានៅភ្លើងស្តុប
ឡាប៉េ (ផ្សារកណ្ដាល) និងតាមដងផ្លូវមួយចំនួនទៀត។
ចំណែកនៅតាមទីតាំងមួយចំនួនទៀត ដូចជាផ្លូវហុកសិប ក្រវាត់ក្រុង រង្វង់មូល
តាមទីផ្សារ ភោជនីដ្ឋាន សណ្ឋាគារ ព្រះរាជដំណាក់។ល។និង។ល។ មានការការពារ
និងរក្សាសន្ដិសុខយ៉ាងខ្ជាប់ខ្ជួន និងមានការទទួលខុសត្រូវខ្ពស់
ក្រោមបទបញ្ជាផ្ទាល់របស់ថ្នាក់ដឹកនាំ អាជ្ញាធរ ស្នងការដ្ឋាននគរបាលខេត្ត
មេបញ្ជាការកងរាជអាវុធហត្ថចេត្ត អធិការ និងអធិការរងក្រុង/ខេត្តសៀមរាប
ធ្វើឲ្យមហាជន ភ្ញៀវទេសចរណ៍ជាតិ អន្ដរជាតិមានការកោតសរសើរ និងពេញចិត្ត។
ចរន្តអគ្គីសនីបានមានឡើងវិញនៅវេលាម៉ោង៨ និង២៥នាទីយប់នេះ តែបានដាច់បន្តិច
រួចមានឡើងវិញបន្ទាប់មក ហើយមហាជននៅក្រុងសៀមរាប
ពិសេសទីតាំងដែលមានការដាច់ចរន្តអគ្គីសនីប្រើប្រាស់
សង្ឃឹមថានិងមិនមានការដាច់ចរន្តអគ្គីសនីទៀតទេយប់នេះ។