Thursday, February 23, 2012

បងប្រុសអគតិ ខឹងប្អូនស្រី ប្រាប់ម្ដាយ និងប្រពន្ធ ពីរឿងដាក់ថ្នាំសណ្ដំ យកទ្រព្យសម្បត្ដិ អារកប៉ង​ សម្លាប់ចោល

នារីជាកម្មការិនី នៅរោងចក្រសាន់វ៉េ ត្រូវបានបងប្រុសបង្កើត អគតិរបស់ខ្លួន អារកប៉ងសម្លាប់ចោល កាលពីវេលាម៉ោង ១២ និង៣០នាទី យប់រំលងអធ្រាត្រ ចូលថ្ងៃទី២៣ ខែកុម្ភៈ ដោយសារតែបងប្រុសរូបនេះ ខឹងជនរងគ្រោះ ដែលជាប្អូនស្រី យករឿងទៅប្រាប់ ម្ដាយនិងប្រពន្ធ ការដែលជនសង្ស័យរូបនេះ ដាក់ថ្នាំសណ្ដំទៅលើរូបនាង ដើម្បីយកទ្រព្យសម្បត្ដិដូចជា លុយ និងគ្រឿងអលង្ការជាដើម យកកាំបិតអារកប្អូនស្រី ប៉ងសម្លាប់ចោល ។
 
មន្ដ្រីនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្ដកំពង់ស្ពឺ បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង នៅភូមិត្រញំងពោធិ៍ ឃុំត្រញំងល្វា ស្រុក  ឧដុង្គ ហើយជនរងគ្រោះមានឈ្មោះ តុង វិត ហៅ ស្រីលក្ខណ៍ អាយុ ២៥ឆ្នាំ រីឯបងប្រុសអគតិ ដែលកំពុងរត់គេចខ្លួន មានឈ្មោះ តុង ហួត ហៅ ឡុង អាយុ ៤៣ឆ្នាំ ដែលអ្នកទាំងពីរ រស់នៅភូមិឃុំកើតហេតុខាងលើ។
សាក្សីដែលបានដឹងរឿងនេះ បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យជាបងប្រុស បានឌុបប្អូនស្រីរបស់ខ្លួន ទៅធ្វើការរោងចក្រ កាលពីពីរថ្ងៃមុន រួចដាក់ថ្នាំសណ្ដំ យកលុយ ១០០ដុល្លារ និងគ្រឿង អលង្ការចំនួន ៥ជី ។ ប៉ុន្ដែ នៅពេលប្អូនស្រីដឹងខ្លួន បានយករឿងនេះប្រាប់ម្ដាយ និងប្រពន្ធរបស់បងប្រុស រួចហើយស្រាប់តែជនសង្ស័យខឹង ក៏នៅវេលាម៉ោងកើតហេតុខាងលើ ខណៈជនរងគ្រោះកំពុងដេក ស្រាប់តែយកកាំបិត មកអារកប៉ងសម្លាប់ចោល ប៉ុន្ដែមិនស្លាប់ ជនរងគ្រោះ ក៏ត្រូវបានក្រុមគ្រួសារ បញ្ជូនមកសង្គ្រោះបន្ទាន់ នៅរាជធានីភ្នំពេញ ។ បច្ចុប្បន្នសមត្ថកិច្ច កំពុងតាមចាប់ជនសង្ស័យ ដែលជាបងប្រុសចិត្ដអប្រិយរូបនេះ ៕

Comments system

Disqus Shortname