Monday, February 27, 2012

អាហារូបករណ៍​​ជាសាច់ប្រាក់​ជួយសិស្សានុសិស្ស​​​ងាយរងគ្រោះ​នៅកម្ពុជា

រាជធានីភ្នំពេញ ៖ ​មានគ្រួសារ​ក្រីក្រ​ចំនួន​ជិត៥.០០០​គ្រួសារ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​ទទួល​បានអាហារូបករណ៍​ជា​សាច់ប្រាក់​ ក្នុង​ឆ្នាំ​សិក្សា​នេះ តាម​រយៈ​កម្មវិធី​អាហារូបករណ៍​សាកល្បង​ដែលរៀបចំ​ឡើង​ដោយ​ក្រសួង​អប់រំ យុវជន និងកីឡា និងកម្មវិធី​ស្បៀងអាហារ​ពិភព លោក​នៃអង្គការសហប្រជាជាតិ​ ។

ការ​សាកល្បង​នេះ​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​អាហារ​ តាម​សាលារៀន​ដែល​គាំទ្រ​ដោយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោកតាំងពី​ឆ្នាំ១៩៩៩ និង អនុវត្ដ​ដោយ​ក្រសួង​អប់រំ យុវជន និងកីឡា ហើយ​ដែល​បាន​ផ្ដល់អត្ថប្រយោជន៍​ដល់​សិស្សា នុសិស្ស​ជិត​កន្លះ​លាន​នាក់​ នៅ​តាម​សហគមន៍​ដែល​កំពុង​ជួប​ប្រទះ​បញ្ហាអសន្ដិសុខ​ស្បៀង​នៅ​ក្នុង​ប្រទេស​ ។ 
ក្នុង​កាយវិការ​បង្ហាញ​អំពី​ការ​រឹតចំណង​ភាព​ជា​ដៃគូ​ ដ៏​រឹង​មាំ និងការ​ប្ដេជ្ញា​ចិត្ដជា​ថ្មី​មក​លើ កម្មវិធី​នេះ លោកអឹុម សិ​ទ្ធី រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និងកីឡា​បាន​អញ្ជើញ​ចុះ​ទៅ​ធ្វើ​ទស្ស​នកិច្ចកម្មវិធី​អាហារ​តាម​សាលារៀន​នៅ​ ក្នុង​ខេត្ដ​កំពង់ធំនា​ថ្ងៃ​ទី​២២ កុម្ភៈ ឆ្នាំ​២០១២ ។ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះដែរ ក៏​មាន​ការ​អញ្ជើញ​ចូល​រូ​ម​ពី​លោក Jean Pierre de Margerie នាយក​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា លោក​សាន វ​ឌ្ឍ​នា អគ្គលេខា​ធិការ​រង​នៃ​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និងជនបទ និងគណៈប្រតិភូ​នៃទី​ភ្ជា​ក់​ងារ​អភិវឌ្ឍន៍​អន្ដរជាតិ​នៃ​ប្រទេស​អូស្ដ្រាលី (AusAID) ​។  
AusAID គឺជា​ម្ចាស់​ជំនួយ​ដ៏​ស្ថិតស្ថិរ​មួយ​សម្រាប់​កម្មវិធី​អាហារ​តាម​សាលារៀន​ នៅ​កម្ពុជាដែល​បានផ្ដល់​វិភាគទាន១​លានដុល្លារ ជា​រៀង​រាល់​ឆ្នាំ និងជា​អ្នកគាំទ្រ​យ៉ាង​ចម្បង​ដល់​ដំណើរការ​រៀបចំយុទ្ធសាស្ដ្រ​គាំពារ​សង្គម​ របស់​រាជរដ្ឋាភិបាល​ ។
គណៈប្រតិភូ​បាន​ចូលរួម​ពិធី​ចែក​អាហា​រូប​ករណ៍​ជា​ សាច់ប្រាក់​នៅ​នឹង​កន្លែង​ដោយ​លោក​រដ្ឋមន្ដ្រីអឹុម សិ​ទ្ធី បាន​ប្រគល់​អាហារូបករណ៍​សាច់ប្រាក់​ដោយ​ផ្ទាល់​ដៃ​ទៅ​ដល់​កុមារ​ក្រីក្រ​រៀន ​​ថ្នាក់​ទី​៤ ដល់ទី​៦ ដែល​ជា​ថ្នាក់​ប្រឈម​មុខ​ខ្ពស់​ជាងគេ​បំផុត ចំពោះ​បញ្ហា​បោះបង់​ការ​សិក្សា​ ។
លោក​រដ្ឋមន្ដ្រីអឹុម សិ​ទ្ធី​ បាន​មាន​ប្រសាសន៍​ថា «អត្រា​បោះបង់​ការ​សិក្សា​ខ្ពស់​ គឺជា​បញ្ហា​ប្រឈមដ៏​ចម្បង​មួយ​ក្នុង​ចំណោម​បញ្ហា​ប្រឈម​ចម្បង​នានា​ដែល​ រារាំង​ដល់​ការ​សម្រេច​បាន​ជោគ​ជ័យ​នូវ​ការ​អប់រំជាសាកល​នៅ​កម្រិត​បឋម​ សិក្សា​ ។ យើង​ចាំបាច់​ត្រូវ​គាំទ្រ​គ្រួសារ​ក្រីក្រ និង ជំរុញ​លើកទឹកចិត្ដ​ឪពុក​ម្ដាយឱ្យ​កូន​បន្ដ​រៀន​នៅ​ក្នុង​សាលា​ ។ កម្មវិធី​នេះ​មាន​សក្ដានុពល​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​សម្រេច​ ភារកិច្ច​នេះ​» ។
ការ​បញ្ឈប់​កូន​ពី​សាលារៀន​ គឺជា​យន្ដការ​ដោះស្រាយ​អវិជ្ជមាន​ជា​ទូទៅ​មួយ​ដែល​ឪពុក​ម្ដាយ​ក្រីក្រតែងតែ​ ប្រើប្រាស់​សម្រាប់ដោះ​ស្រាយ​​ក្នុង​គ្រា​លំបាក និងពេល​មាន​វិបត្ដិ​ធ្ងន់
ធ្ងរ​ ។ ការ​ផ្ទេរ​ជា​សាច់ប្រាក់ ឬជា​ស្បៀង​ទៀង​ទាត់​បាន​លើកទឹកចិត្ដឱ្យ​ឪពុក​ម្ដាយ​រក្សា​កូន​ឱ្យ​បន្ដ​រៀន​នៅ​ក្នុង​សាលារៀន ​។
លោក Jean-Pierre de Margerie នាយក​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​មានប្រសា​សន៍ថា «កម្ពុជា​បាន​សម្រេច​ជោគជ័យ​ដ៏​គួរ​ឱ្យ​កត់សម្គាល់ក្នុង​ការ​លើកកម្ពស់​ អត្រា​ចុះ​ឈ្មោះ​ចូល​រៀននៅ​កម្រិត​បឋម​សិក្សា​។ អាទិភាព​របស់​ក្រសួង​អប់រំ យុវជន និងកីឡា ​គឺ​ត្រូវ​ធានា​ឱ្យ​បាន​ថា កុមារ​ទាំងឡាយទទួល​បាន​ការ​គាំទ្រ​ដែល​ពួក​គេ​ត្រូវការ​ចាំបាច់​ ដើម្បី​បន្ដ​នៅ​សាលា និងបញ្ចប់​ការ​សិក្សា​នៅ​កម្រិត​បឋម​សិ​ស្សា ហើយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​មានការ​ត្រេកអរជា​ពន់ពេក​ក្នុង​ការ​ ជួយក្រសួង​ឱ្យ​សំរេច​បាន​អាទិភាព​នេះ​» ។
កម្មវិធី​អាហារូបករណ៍​មាន​ចែង​នៅ​ក្នុង​យុទ្ធ​សាស្ដ្រ ​ជាតិ​គាំពារ​សង្គម (NSPS) ដែល​បាន​ប្រកាស​ឱ្យអនុវត្ដ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៥ ធ្នូ ឆ្នាំ​២០១១ ដោយសម្ដេច​នាយក​រដ្ឋមន្ដ្រី ។ យុទ្ធ​សាស្ដ្រ​នេះអាច​ក្លាយជា​ផ្នែកមួយ​នៃ «​សំណាញ់​សុវត្ថិ​ភាព» ជាតិសម្រាប់​ការពារ​ជន​ក្រីក្រ​បំផុត​ដែល​បណ្ដាល​ពី​ផល​ប៉ះពាល់​ពី​វិបត្ដិ​ ធ្ងន់ធ្ងរ​នានា​ ។
ខណៈ​ពេល​ដែល​កម្មវិធី​អាហារ​ជា​ស្បៀង​បាន​ផ្ដល់​ អត្ថប្រយោជន៍​ដល់​សិស្សានុសិស្ស​ក្រីក្រ​ជិត៦៥.០០០នាក់ សមាស​ភាព​អាហារូបករណ៍​ជា​សាច់ប្រាក់​សាកល្បង​មាន​គោលដៅ​ជួយ​កុមារ​​ក្រីក្រ​ ជិត៥.០០០នាក់ ដែល​ម្នាក់​ៗ​ទទួល​បាន៥​ដុល្លារ ក្នុង១​ខែ​ ។ ក្រសួង​អប់រំ យុវជន និងកីឡា និងកម្មវិធី​ស្បៀងអាហារ​ពិភពលោក រួម​សហការ​ជាមួយ​​ធនាគារពិភពលោកកំពុង​
តែ​​វាយតម្លៃ​ផល​ប៉ះពាល់នៃ​អាហា​ រូបករណ៍​ជា​សាច់​ប្រាក់ និងស្បៀង​ដែល​នឹង​ជួយ​ផង​ដែរ​ ដល់​ការ​រៀបចំ​តាក់តែង​គោលនយោ​បាយ​សម្រាប់​អាហា​រូប​ករ​ណ៍នៅ​កម្រិត​បឋម​ សិក្សា​ដែល​យើង​រំពឹង​ថា ​អាច​នឹង​មាននៅ​ក្នុង​ផែនការយុទ្ធសាស្ដ្រ​ជាតិ​សម្រាប់​វិស័យ​អប់រំ​ឆ្នាំ ២០១៣​ ៕

Comments system

Disqus Shortname