Sunday, February 26, 2012

ផ្សារ​សេដាក សាខា​ទី​១៣

បភាព​បន្លែ​ស្រស់ៗ​នៅ​ក្នុង​ផ្សារ​សេដាក សាខា​ទី​១៣។
តើ​វា​ជា​ការ​លំបាក​ណាស់​មែន​ទេ​ក្នុង​ការ​បែង​ចែក​ថា ​ម្ហូប​ចំណី​អាហារ​នៅ​លើ​ទីផ្សារ​នា​ពេល​សព្វ​ថ្ងៃ ថា​មួយ​ណា​ប្រើ​សារធាតុ​គីមី​ឬក៏​អត់​  នោះ​? ការ​មន្ទិល​សង្ស័យ​ទាំង​នេះ ​នឹង​មិន​អាច​កើត​មាន​ទៀត​ទេ នៅ​ពេល​ដែល​អ្នក​បាន​ចូល​ទៅ​ដល់​ផ្សារ​សេ​ដាក​ (មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​) ពី​ព្រោះ​វា​ជា​ផ្សារ​មួយ​ដែល​លក់​ផលិតផល​ធម្មជាតិ​របស់​ខ្មែរ​សុទ្ធសាធ និង​ធានា​ដល់​សុខភាព​របស់​អ្នក​ប្រើ​ប្រាស់​។

ស្ថិត​ក្នុង​ទីតាំង​ផ្ទះ​លេខ ​B10​ ផ្លូវ​205​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​ចំការ​មន​ ជាប់​នឹង​របង​ខាង​កើត​នៃ​សណ្ឋាគារ Intercontinental  ​គឺជា​ទីតាំង​នៃ​ផ្សារ​សេដាក សាខា​ទី​១៣ ​ដែល​ទើប​នឹង​បើក​ទ្វារ​កាល​ពី​២​ខែ​មុន​។​ ទាំង​ស្លាក​សញ្ញា​នៅ​ខាង​មុខ​ហាង​ និង​ការ​រចនា​នៅ​ផ្ទៃ​​ខាង​ក្នុង ​គឺ​សុទ្ធ​តែ​មាន​សោភណភាព​ទំនើប​គួរ​ឲ្យ​ទាក់ទាញ ។​
លោក ម៉ោល ចាន់ណា អាយុ​២៣​ឆ្នាំ ជា​បុគ្គលិក​ផ្នែក​លក់​នៅ​ក្នុង​ផ្សារ​សេដាក​សាខា​ទី​១៣​នេះ​បាន ឲ្យ​ដឹង​ថា សាខា​ទី​១៣​ក៏​ដូច​ជា​សាខា​ដទៃ​ទៀត​ដែរ ​គឺ​តែង​តែ​ផ្គត់​ផ្គង់​នូវ​តម្រូវ​ការ​អាហារ​ធម្មជាតិ​ដល់​ប្រជា​ពល​រដ្ឋ​ ខ្មែរ​ មិន​ត្រឹមតែ​មាន​លើ​បន្លែ និង​ផ្លែឈើ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ថែម​ទាំង​មាន​សាច់​មាន់​ សាច់​គោ​ សាច់​ជ្រូក​ និង​ស៊ុត​ទៀត​ផង​។​
លោក ចាន់​ណា បាន​ឲ្យ​ដឹង​ទៀត​ថា​ ទំនិញ​ធម្មជាតិ​ទាំង​អស់​ គឺជា​ផលិតផល​របស់​សហគមន៍​ប្រជា​ពល​រដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​នានា​ដែល​បាន​ ចូល​ជា​សមាជិក​សេដាក ហើយ​បាន​ឆ្លង​កាត់​ការ​បង្រៀន​និង​អប់រំ​ពី​វិធី​ធ្វើ​កសិកម្ម​បែប​ធម្មជាតិ ដើម្បី​ចៀស​វាង​ការ​ប្រើប្រាស់​ជាតិ​គីមី​ផ្សេងៗ​។ ជា​ពិសេស ប្រជាពលរដ្ឋ​ទាំង​នោះ អាច​លក់​ផលិតផល​របស់​ខ្លួន​ក្នុង​តម្លៃ​ខ្ពស់​ជាង​ផលិតផល​ដែល​មាន​ជាតិ​គីមី ​។
ជាក់​ស្ដែង ផលិតផល​លក់​ដាច់​ជាង​គេ​បំផុត​នៅ​ក្នុង​ផ្សារ​សេដាក គឺ​អង្ករ ​និង​ទឹក​ឃ្មុំ​ដែល​ជា​ចំណី​​អាហារ​ដ៏​ពេញ​និយម​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ។​ បុគ្គលិក​​ផ្នែក​លក់​រូប​នោះ បាន​បញ្ជាក់​ថា​៖ «ផ្សារ​របស់​យើង​ ក៏​ផ្ដល់​សេវាកម្ម​ដឹក​ជញ្ជូន​អង្ករ​ចាប់​ពី​៥០​គីឡូក្រាម​ឡើង ឬ​ផលិតផល​ផ្សេងៗ​ដែល​មាន​តម្លៃ​១០​ម៉ឺន​រៀល ជូន​ដល់​គេហដ្ឋាន​របស់​អតិថិជន តាម​រយៈ​ការ​ទំនាក់​ទំនង​ទូរស័ព្ទ​របស់​សាខា​នានា​ដែល​នៅ​​ជិត​ ផ្ទះ​ពួក​គេ​»​។​ ម្យ៉ាង​វិញ​ទៀត លោក​អ្នក​អាច​រក​ទិញ​ភេសជ្ជៈ អាហារ​សម្រន់​ និង​គ្រឿង​ទេស​ជា​ច្រើន​ប្រភេទ ដែល​ពិបាក​រក​ទិញ​ក្នុង​ផ្សារ​នានា ពី​ខាង​ក្នុង​ទូរ​ទឹកកក​ស្ថិត​ជិត​ជ្រុង​ឆ្វេង​ដៃ​ផ្សារ​សេដាក​ទី​១៣​។​ ទំនិញ​ទាំង​នោះ សុទ្ធ​តែ​បាន​ច្នៃ​ប្រឌិត​ដោយ​កូន​ខ្មែរ និង​ទទួល​បាន​ការ​បញ្ជាក់​ពី​គុណភាព​ជា​ផលិតផល​គ្មាន​ជាតិ​គីមី​ដោយ​សេដាក ទៀត​ផង​។​
បុគ្គលិក ដដែល បាន​បន្ដ​ទៀត​ថា​៖ «ក្រុមហ៊ុន​ខ្មែរ​ផ្សេង​ទៀត ​អាច​ដាក់​លក់​ផលិតផល​របស់​ខ្លូន​នៅ​ក្នុង​ផ្សារ​សេដាក​ក្រោយ​ពី​មាន​ការ ចុះ​ត្រួត​ពិនិត្យ​គុណភាព​របស់​ក្រុម​ការងារ​អង្គការ​សេដាក​»។
ចំណែកឯ​លោក យ៉ង សាំង​កុមារ​ នាយក​អង្គការ​សេដាក​ បាន​មាន​ប្រសាសន៍​ថា ​ការ​ផ្តើម​គំនិត​បង្កើត​នូវ​ផ្សារ​សេដាក​នេះ​ឡើង ដោយ​សារ​តែ​លោក​ចង់​ផ្តល់​អត្ថ​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​លើ​ពីរ​ចំណុច​ គឺ កត្ដា​សង្គម​ និង​ហិរញ្ញវត្ថុ​។ ​ដោយ​ហេតុថា​ កត្ដា​ទាំង​២​នេះ បាន​និង​កំពុង​ដើរ​តួ​យ៉ាង​សំខាន់​ចំពោះ​សុខ​ភាព​ប្រជា​ពលរដ្ឋ​កម្ពុជា​ និង​បង្កើន​នូវ​ចំណេះ​ដឹង​នៃ​អាហារ​សរីរាង្គ​ ជា​ពិសេស​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជា​ពលរដ្ឋ​។​
លោក​សាំង​កុមារ បាន​បន្ត​ទៀត​ថា៖​ «​មក​ទល់​នឹង​ពេល​នេះ ផ្សារ​សេដាក​ពុំ​ទាន់​ទទួល​បាន​ចំណូល​ខ្ពស់​នៅ​ឡើយ​ទេ ប៉ុន្តែ​ពួក​យើង​នៅ​តែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ ខ្មែរ​គ្រប់​រូប»។
យោង​ទៅ​តាម​គម្រោង​របស់​អង្គការ​សេដាក​  បាន​ឲ្យ​ដឹង​ថា ទៅ​ថ្ងៃ​អនាគត ផ្សារ​សេដាក​នឹង​ត្រូវ​បើក​ពង្រីក​រហូត​ដល់​ទៅ​២០០​សាខា ​នៅ​ទូទាំង​ប្រទេស ដើម្បី​បម្រើ​ទៅ​ដល់​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​ និង​ដើម្បី​ឲ្យ​ពួក​គេ​មាន​សុខភាព​ល្អ​ ព្រមទាំង​បង្កើន​ការងារ​ និង​ផ្ដល់​ចំណេះ​ដឹង​ពី​អត្ថប្រយោជន៍​នៃ​អាហារ​សរីរាង្គ៕(PostKhmer)

Comments system

Disqus Shortname