Sunday, February 26, 2012

ប្រជាពលរដ្ឋ​ក្រីក្រ តែងតែ​ត្អូញ​ត្អែរ​ចំពោះ​សេវាកម្ម​សុខភាព

រឿង​រ៉ាវ​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ក្រមសីលធម៌​របស់​គ្រូ​ពេទ្យ នៅ​តាម​មន្ទីរ​ពេទ្យ​រដ្ឋ​មួយ​ចំនួន ដូចជា​ការ​ប្រើ​ពាក្យ​ពេចន៍​មិន​បាន​សមរម្យ និង​ព្រងើយ​កន្ដើយ​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ ជា​ពិសេស​ចំពោះ​ប្រជា​ពលរដ្ឋ​ក្រីក្រ ឬ​អ្នក​មក​ពី​ជន​បទ​ ដែល​បណ្ដាល​មក​ពី​ការ​បង់​ថ្លៃ​សេវា​មិន​គ្រប់គ្រាន់​។ ពួកគេ​ធុញ​ទ្រាន់​នឹង​ការ​ជជីក​សួរ​ដដែល​ៗ​ជា​ញឹកញយ​អំពី​ស្ថានភាព​ ជំងឺ​ពី​សំណាក់​ក្រុម​គ្រួសារ​។ សកម្មភាព​ខ្វះ​សីលធម៌​ទាំង​នេះ ភាគ​ច្រើន​កើត​ឡើង​នៅ​តាម​មន្ទីរពេទ្យ​ក្នុង​ទីក្រុង។​
ទោះ​បីជា​យ៉ាង​ណា​ក៏​ដោយ​ វា​ហាក់​ដូចជា គ្រូ​ពេទ្យ​មួយ​ចំនួន​មាន​តែ​វិជ្ជាជីវៈ​ ប៉ុន្ដែ​ខ្វះ
​សីលធម៌ ដូច​អ្វី​ដែល​ប្រជាពលរដ្ឋ​ក្រីក្រី​តែងតែ​និយាយ​ថា​៖ «​គ្រូ​ពេទ្យ​មិន​មាន​ចិត្ត​ធម៌ និង​ក្រម​សីលធម៌»។ និស្សិត​​បញ្ចប់​ការ​សិក្សា​ផ្នែក​ពេទ្យ​ រមែង​ស្បថស្បែ​ចូល​កាន់​តួនាទី​របស់​ខ្លួន​ អនុលោម​តាម​ស្តង់ដារ​ខ្ពស់​នៃ​ក្រម​សីលធម៌​ពេទ្យ មុន​ពេល​ពួក​គេ​ក្លាយ​ទៅ​ជា​វេជ្ជ​បណ្ឌិត​ម្នាក់​ដែល​មាន​វិជ្ជាជីវៈ​។ បញ្ហា​ក្រម​សីលធម៌​របស់​គ្រូ​ពេទ្យ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ សេវាកម្ម​ក្នុង​មន្ទីរ​ពេទ្យ​ និង​កាន់​តែ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្លាច​រអា​មិន​ហ៊ាន​ទៅ​ព្យាបាល​នៅ​ មន្ទីរ ពេទ្យ​រដ្ឋ​ បើ​ពួកគេ​មាន​លទ្ធភាព​។
អ្នក​ស្រី ចាន់ វណ្ណា​ អាយុ​ ៤៤​ឆ្នាំ​ រស់​នៅ​ខេត្ត​តាកែវ​ ធ្លាប់​បាន​បញ្ជូន​កូន​ដែល​រងគ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ឆ្នាំ​២០១១ ​មក​មន្ទីរ​ពេទ្យ​រដ្ឋ​មួយ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ បាន​រអ៊ូ​រទាំ​ថា មន្ទីរ​ពេទ្យ​រដ្ឋ​មិន​ខុស​ពី​មន្ទីរ​ពេទ្យ​ឯកជន​ឡើយ​។ ទាល់​តែ​មាន​លុយ​គ្រប់គ្រាន់​ទើប​អាច​ដោះស្រាយ​បញ្ហា​បាន​ ហើយ​អ្នក​ស្រី​ពិត​ជា​អាក់អន់​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​មន្ទីរ​ពេទ្យ​( រដ្ឋ)​​ខ្មែរ​ ដែល​មិន​បាន​ផ្តល់​សេវាកម្ម​ល្អ​តាម​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​ដើម្បី​ ជួយ​ដល់​ប្រជាជន​ក្រីក្រ​។
អ្នក​ស្រី បាន​បញ្ជាក់​ទៀត​ថា​៖ «ជាក់​ស្ដែង បើ​ពេទ្យ​រដ្ឋ​យើង​តម្រូវ​ឲ្យ​អ្នក​ជំងឺ​បង់​ប្រាក់​សេវាកម្ម​ព្យាបាល​ជា​ មុន​យ៉ាង​នេះ តើ​ឲ្យ​ពួក​គេ​ទៅ​ពឹង​អាស្រ័យ​លើ​អ្នក​ណា​ទៀត​? គ្រូ​ពេទ្យ​ភាគ​ច្រើន​ប្រាកដ​ជា​សួរ​បញ្ជាក់​ថា តើ​មាន​លុយ​ឬ​អត់​មុន​នឹង​ធ្វើ​ការ​ព្យាបាល បើ​ទោះ​ជា​ស្ថានភាព​ជំងឺ​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ​ក៏​ដោយ​»។
យ៉ាង​ណា​មិញ ថវិកា​សម្រាប់​បង់​ថ្លៃ​សេវាកម្ម​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ បាន​ក្លាយ​ជា​បញ្ហា​ដ៏​គួរ​ឲ្យ​បារម្ភ​បំផុត​មួយ​សម្រាប់​ប្រជា​ពលរដ្ឋ។ ក្រៅពី​ក្រម​សីលធម៌​របស់​គ្រូ​ពេទ្យ សេវាកម្ម​ នៅ​មន្ទីរ​ពេទ្យ​ក៏​ជា​មុខ​សញ្ញា​រិះគន់​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ផង ដែរ​។
កញ្ញា អោក ដាលីន អាយុ​២១​ឆ្នាំ ជា​និស្សិត​មក​ពី​វិទ្យាស្ថាន​វ៉ាន់ដា​គណនេយ្យ បាន​និយាយ​ថា កញ្ញា​តែង​តែ​ទៅ​រក​សេវាកម្ម​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ឯកជន ព្រោះ​កញ្ញា គិត​ថា ​មន្ទីរ​ពេទ្យ​រដ្ឋ​មាន​សភាព​​រញ៉េ​រញ៉ៃ ​មិន​ស្អាត​ និង​គ្មាន​ផាសុកភាព​ដូច​មន្ទីរ​ពេទ្យ​ឯកជន​ឡើយ​។ ​កញ្ញា បាន​បន្ត​ថា​ ឧបករណ៍​ប្រើប្រាស់​ទូទៅ​របស់​គ្រូ​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ​ឯកជន​ ដែល​កញ្ញា​បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​ គឺ​មាន​សព្វ​គ្រប់​ និង​ទំនើប​ៗ ​ដូច​ជា​មន្ទីរ​ពេទ្យ​រដ្ឋ​ដែរ។ ប៉ុន្ដែ​អ្វី​ដែល​សំខាន់​នោះ ​គឺ​សេវាកម្ម​នៅ​មន្ទីរ​ពេទ្យ​ឯកជន​ល្អ​ប្រសើរ​ជាង​នៅ​មន្ទីរ​ពេទ្យ​ រដ្ឋ ជា​ពិសេស​សេវាកម្ម​ថែទាំ​អ្នក​ជំងឺ​យ៉ាង​យក​ចិត្ដ​ទុក​ដាក់​ពី​សំណាក់ គិលានុបដ្ឋាយិកា និង​វេជ្ជបណ្ឌិត​។
កញ្ញា​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ឃើញ​ក្រុម​គ្រូ​ពេទ្យ និង​បុគ្គលិក​ពេទ្យ​ជា​ច្រើន​មក​ពិនិត្យ​សេរ៉ូម​ និង​ផ្ដល់​ថ្នាំ​ឲ្យ​អ្នក​ជំងឺ​ញ៉ាំ​ទៀង​ទាត់​ពេល​វេលា ទាំង​យប់​ទាំង​ថ្ងៃ ដែល​ខុស​ពី​សេវាកម្ម​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ។ ការ​និយាយ​ស្តី​របស់​ពួក​គេ​ក៏​ល្អ​ និង​មាន​សុជីវធម៌​ផង​ដែរ​»។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ខាង​លើ​នេះ លោក​វេជ្ជបណ្ឌិត ​ឡុង​ គី​ ប្រធាន​ផ្នែក​ជំងឺ​ទូទៅ​នៃ​មន្ទីរ​ពេទ្យ​បង្អែក​រាជ​ធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា​៖ «ធម្មតា​ទេ​ មន្ទីរ​ពេទ្យ​រដ្ឋ​ទទួល​អ្នក​ជំងឺ​ជា​ច្រើន​ប្រចាំ​ថ្ងៃ​​ ដូច្នេះ​ការ​ផ្តល់​សេវាកម្ម​មិន​ដូច​មន្ទីរ​ពេទ្យ​ឯកជន​ទេ។ ​ប៉ុន្ដែ​គ្រូ​ពេទ្យ​មិន​បោះ​បង់​អ្នក​ជំងឺ​ចោល​ទេ ពោលគឺ​ការយក​ចិត្ដ​ទុក​ដាក់​ត្រូវ​មាន​ដូច​គ្នា គ្រាន់​តែ​យឺតយ៉ាវ​បន្ដិច​បន្ដួច​ប៉ុណ្ណោះ»។ ​លោក​ក៏​បាន​បន្ថែម​ថា​ នៅ​មន្ទីរ​ពេទ្យ​ឬ​គ្លីនិក​ឯកជន​ អ្នក​ជំងឺ​ត្រូវ​តែ​បង់​ថ្លៃ​ទាំង​អស់​ ហើយ​អ្នក​ដែល​មាន​លទ្ធភាព ទើប​អាច​ទៅ​​ការ​ព្យាបាល​នៅ​ទីនោះ​បាន​។
លោក​បាន​ថ្លែង​អះអាង​ទៀត​ថា​៖​ «​យើង​ព្យាបាល​ជំងឺ​ដល់​មនុស្ស​គ្រប់​រូប ហើយ​ផ្តល់​សេវាកម្ម​ដូច​គ្នា​ មិន​ថា​អ្នក​ក្រឬ​អ្នក​មាន​ទេ​។ យើង​ព្យាបាល​ជូន​ពួក​គេ​ដោយ​មិន​ប្រកាន់​វណ្ណៈ​ មិន​មែន​ថា​អ្នក​ក្រ​យើង​មិន​រវល់​នោះ    ទេ»។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ក៏​បាន​ទទួល​ស្គាល់​ពី​ចំណុច​អវិជ្ជ​មាន​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​នៅ​ មន្ទីរ​ពេទ្យ​រដ្ឋ។ ប៉ុន្ដែ​លោក​បាន​បកស្រាយ​ថា​ ឥឡូវ​នេះ​សេវាកម្ម​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​មាន​លក្ខណៈ​ល្អ​ប្រសើរ​​ច្រើន​ ដោយ​សារ​បុគ្គលិក ​ពេទ្យ​បាន​រៀន  ​ពី​ឥរិយាបថ និង​សម្តី​សំដៅ​ជាមួយ​អ្នក​ជំងឺ​។
ទាក់ទង​ទៅ​នឹង​ក្រម​សីលធម៌​របស់​គ្រូពេទ្យ នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ លោក​ ម៉ម ប៊ុន​ហេង​ រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា​ ក្រសួង​ក៏​ដូច​ជា​មន្ទីរ​ពេទ្យ​រដ្ឋ បាន​ណែនាំ​ដល់​គ្រូពេទ្យ​ជា​ហូរ​ហែរ ព្រម​ទាំង​បង្កើត​គណៈកម្មការ​គ្រប់គ្រង និង​វិន័យ​ដើម្បី​ណែនាំ​ជា​ប្រចាំ​ផង​ដែរ​។
លោក បាន​បញ្ជាក់ ទៀត​ថា​៖ «​យើង​មាន​ការ​កែប្រែ​ច្រើន យើង​ចង់​ឲ្យ​មាន​ការ​ណែនាំ និង​អប់រំ​ជាក់​ស្តែង​។ យើង​ចង់​ដឹង​ឲ្យ​ច្បាស់​ថា​ វា​កើត​ឡើង​នៅ​អង្គភាព​សុខភាព​មួយ​ណា​ យើង​នឹង​អប់រំ​ពួក​គាត់​ ដើម្បី​ងាយ​ស្រួល​ជួយ​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ​»។ លោក​ បាន​បន្ត​ថា​៖ «​អ្នក​ក្រីក្រ​មាន​ការ​ព្យាបាល​ដោយ​ មិន​បង់​ថ្លៃ​នៅ​គ្រប់​មន្ទីរ​ ពេទ្យ​រដ្ឋ​ទាំង​អស់​ ដោយ​ យើង​មាន​មូលនិធិ​សមធម៌​សម្រាប់​ពួក​គាត់​។ ប្រជា​ពលរដ្ឋ​មក​មើល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​មាន​ច្រើន​ហូរហែ ​និង​មាន​ការ​កើន​ឡើង​ច្រើន​»​។
លោក ម៉ម ប៊ុនហេង បាន​ទទួល​ស្គាល់​ពី​កង្វះ​ខាត​ប្រព័ន្ធ​បច្ចេក​វិទ្យា​មួយ​ចំនួន​នៅ​ តាម​មណ្ឌល​សុខ​ភាព​តាម​ខេត្ត ឬ​ស្រុក​ដែល​មិន​ដូច​ជា​មន្ទីរ​ពេទ្យ​នៅ​ថ្នាក់​ជាតិ​។ ​យ៉ាង​ណា​មិញ ក្រសួង​ក៏​បាន​រៀបចំ​ដាក់​ជាមន្ទីរ​​ពេទ្យ​តាំង​ពី​ថ្នាក់​ជាតិ​ ពេទ្យ​បង្អែក​ខេត្ត ​ពេទ្យ​ស្រុក និង​មណ្ឌល​សុខភាព​ផ្សេងៗ ​ដើម្បី​ផ្តល់​ជា​សេវាកម្ម​ឲ្យ​បាន​ល្អ​ប្រសើរ​ជូន​ដល់​ប្រជា​ពលរដ្ឋ ទូទៅ​ប្រើ​ប្រាស់៕(PK)

Comments system

Disqus Shortname