ស្ត្រីម្នាក់បានរងរបួសធ្ងន់ធ្ងរនៅក្នុងអំពើបាញ់ប្រហារប្លន់
យកម៉ូតូម៉ាកឌ្រីម C125 ពណ៌ខ្មៅ ស៊េរី២០១១
មួយគ្រឿងពីសំណាក់ក្រុមចោរ២នាក់ ។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិសន្សំកុសល២
សង្កាត់បឹងទំពុន ខណ្ឌមានជ័យ
កាលពីវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី២១ កុម្ភៈ ២០១២ ។
ស្ត្រីរងគ្រោះក្នុងអំពើបាញ់ប្រហារខាងលើ
ឈ្មោះចាន់ អ៊ាងនី អាយុ៥០ឆ្នាំ
ស្នាក់នៅផ្ទះត្រង់កន្លែងកើតហេតុតែម្តង ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា
មុនពេលកើតហេតុស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាក C125 ស៊េរី២០១១
ធ្វើដំណើរត្រឡប់ពីទទួលចៅចេញពីសាលារៀន
លុះមកដល់មុខផ្ទះដាក់ចៅចុះឱ្យដើរចូលផ្ទះក៏ត្រូវក្រុមចោរ
ប្លន់ប្រដាប់ដោយអាវុធមានគ្នា២នាក់ស្លៀកពាក់ស៊ីវិលជិះម៉ូតូ
ម៉ាកឌ្រីម C125 ស៊េរី២០០៩ ពណ៌ខ្មៅ
មួយគ្រឿងឈប់អែបស្ត្រីរងគ្រោះរួចដកកាំភ្លើងខ្លីភ្ជង់បាញ់
មួយគ្រាប់ចំប្រអប់ជើងខាងស្តាំ បណ្តាលឱ្យរបួស
ហើយក្រុមចោរក៏ដណ្តើមយកម៉ូតូពីដៃស្ត្រីរងគ្រោះជិះចេញ
បាត់តែម្តង ។
មានការកត់សម្គាល់ថា
មួយរយៈនេះក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុន មានករណីប្លន់
ចោរកម្មជាញឹកញាប់គួរឱ្យព្រួយបារម្ភណាស់ ៕