វិស្វករវ័យក្មេងបារាំង២នាក់ លោក XAVIER DEGON
និងលោក ANTONIN GUY កាលពីរសៀលថ្ងៃទី១១ កុម្ភៈ
បានចេញដំណើរពីទីក្រុងស្ត្រាស្បួរ
ធ្វើដំណើរជុំវិញពិភពលោក
ដោយជិះរថយន្តអគ្គិសនីជាមួយនឹងគោលបំណងជំរុញសាធារណជនឱ្យប្រើ
រថយន្តអគ្គិសនី។ ជិះរថយន្តអគ្គិសនីធុន
CITROËN C.ZERO
ដែលពួកគេត្រូវសាកអាគុយពេលរត់បានចម្ងាយ១០០គីឡូម៉ែត្រ
យុវជនទាំង២នាក់នេះនឹងធ្វើដំណើរក្នុងចម្ងាយផ្លូវ២៥.០០០
គីឡូម៉ែត្រ កាត់ប្រទេស១៨ ក្នុងនោះមានសហរដ្ឋអាមេរិក ជប៉ុន
ចិន កាហ្សាក់ស្ថាន និងរុស្ស៊ី។
ពួកគេនឹងវិលត្រឡប់មកកាន់ទីក្រុងស្ត្រាស្បួរវិញ ៨ខែ
បន្ទាប់ពីការចេញដំណើរ (នាដើមខែតុលា ឆ្នាំ២០១២)
កាត់តាមអឺរ៉ុបកណ្តាល។លោក XAVIER DEGON អាយុ២៧ឆ្នាំ ដែលធ្វើការក្នុងក្រុមហ៊ុនអគ្គិសនីបារាំង EDF និយាយថា ប្រសិនបើយើងអាចធ្វើដំណើរជុំវិញពិភពលោកជាមួយនឹងរថយន្តនេះ នោះនឹងបង្ហាញច្បាស់ថា គេអាចប្រើប្រាស់ដោយស្រួលរៀងរាល់ថ្ងៃ នូវរថយន្តអគ្គិសនីទៅធ្វើការ ឬធ្វើដំណើរទៅណាមកណា។ រថយន្តអគ្គិសនីដែលយុវជនបារាំង២នាក់នេះជិះធ្វើដំណើរ ផ្សងព្រេងជុំវិញពិភពលោក អាចរត់បានក្នុងល្បឿនដល់ទៅ១៣០គីឡូម៉ែត្រ ក្នុងមួយម៉ោង ។ អាគុយរបស់រថយន្តនេះអាចសាកបញ្ចូលពេញរយៈពេល៦ម៉ោងដោយដោត ភ្លើង២២០វ៉ុល ៕