Tuesday, February 21, 2012

Lolane បើក​វគ្គ​បណ្តុះ​បណ្តាល​ម៉ូដសក់​និង​សាឡន​ជា​លើក​ដំបូង

ដើម្បី​បង្ហាញ​ពី​លក្ខណៈ​ថ្លៃថ្នូរ គ្រឿង​សម្អាង​ជា​របស់​ប្រើប្រាស់​បន្ថែម​ដែល​ធ្វើ​ឲ្យ​សម្រស់​របស់​លោក​ អ្នក​កាន់​តែ​ផូរផង់​។ ម្យ៉ាង​​វិធី​តុប​តែង​ខ្លួន និង​ការ​
ជ្រើសរើស​ម៉ាក​ផលិត​ផល​ក៏​ជា​កត្តា​ចាំបាច់​មិន​អាច​រំលង​បាន​ ដែរ។ ដូច្នេះ​ដោយ​មើល​ឃើញ​ពី​តម្រូវ​ការ និង​ភាព​ចាំបាច់​នេះ អ្នក​ឯក​ទេស​ផលិតផល​ម៉ាក Lolane ដែល​ជា​ផលិតផល​ល្បី​របស់​ថៃ ហើយ​ផលិតផល​នេះ​បាន​ដំណើរ​ការ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​នៅ​កម្ពុជា បាន​បើក​វគ្គ​បង្រៀន​ពី​វិធី​ច្នៃ​ម៉ូដ​សក់ ការ​ប្រើ​ពណ៌​ទៅ​លើ​ប្រភេទ​សក់ គំនិត​ច្នៃ​ប្រឌិត​ថ្មី ការ​បង្ហាញ​ពី​ការ​កែ​សម្ផស្ស​ និង​សាឡន​ផ្សេង​ៗ​ទៀត​ដល់​បណ្តា​អតិថិជន​របស់​ខ្លួន និង​អ្នក​បម្រើ​ការងារ​នៅ​ក្នុង​ហាង​សាឡន​នានា​នៅ​រាជធានី​ភ្នំពេញ​ប្រមាណ ​ជាង​១០០​នាក់​។
វគ្គ​បណ្តុះ​បណ្តាល​ពី​ជំនាញ​សម្អាង​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រុម​ហ៊ុន​ផលិត និង​នាំ​ចូល​ផលិត​ផល​ម៉ាក​ល្បី Lolane នៅ​ប្រទេស​ថៃ​ រយៈ​ពេល​២​ថ្ងៃ​គឺ​ថ្ងៃ​ទី​១៣ និង​១៤ កុម្ភៈ នៅ​សណ្ឋាគារ​ជូលីណា។
លោក Prasertsak គ្រូ​ផ្នែក​ច្នៃ​ម៉ូដ​សក់ និង​ជា​អ្នក​ជំនាញ​របស់​ផលិត​ផល​ Lolane បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​ដោយ​លោក​សង្កេត​ឃើញ​ថា ​កម្ពុជា​បច្ចុប្បន្ន​មាន​ការ​រីក​ចម្រើន​ខ្លាំង​ផ្នែក​សម្អាង និង​សាឡន ដោយពួក​គេ​អាច​ធ្វើ​បាន​ល្អ​ជាង​ពី​៥​ឆ្នាំ​មុន ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក​បាន​បញ្ជាក់​ថា ពួក​គេ​ត្រូវ​ការ​ ការ​បណ្តុះ​បណ្តាល​បន្ថែម​សម្រាប់​វិស័យ​នេះ​។
អ្នក​ឯក​ទេស​រូប​នេះ​បន្ត​ថា ដូច្នេះ​ដើម្បី​ជំរុញ​ឲ្យ​វិស័យ​នេះ កាន់​តែ​មាន​ភាព​រីក​ចម្រើន​ជាង​មុន​ និង​មាន​ភាព​ទាន់​សម័យ​កាន់​តែ​ខ្លាំង ក្រុម​ហ៊ុន​ផលិតផល Lolane បាន​រៀបចំ​នូវ​វគ្គ​បណ្តុះ​បណ្តាល​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​កម្ពុជា ដោយ​ក្រុមហ៊ុន​បាន​អញ្ជើញ​បណ្តា​អតិថិជន និង​អ្នក​ឯកទេស​ប្រចាំ​នៅ​ហាង​សាឡន​នានា​ប្រមាណ​ជាង​១០០​នាក់​ឲ្យ​ចូល​ រួម​ក្នុង​បំណង​បន្ថែម​ចំណេះ​ដឹង​ថ្មី​ៗ​លើ​អ្វី​ដែល​ពួក​គេ​មាន​ស្រាប់ និង​គំនិត​ច្នៃ​ប្រឌិត​ទាន់​សម័យ​ដែល​ទើប​រក​ឃើញ​ជាមួយ​នឹង​គ្រូ​បង្រៀន​មក​ ពី​ប្រទេស​ថៃ​ចំនួន​៤​រូប​។
លោក​និយាយ​ថា៖ «​សព្វ​ថ្ងៃ​នេះ​កម្ពុជា​រីកចម្រើន​យ៉ាង​ខ្លាំង​ខាង​វិស័យ​នេះ តែ​អ្វី​ៗ​វា​មាន​ភាព​រីក​ចម្រើន​ជា​បន្ត​បន្ទាប់ ដូច្នេះ​វា​ទាម​ទារ​ឲ្យ​អ្នក​ទាំង​នោះ​ទទួល​នូវ​ការ​បណ្តុះ​បណ្តាល​ថ្មី​ៗ​ បន្ថែម​ពី​លើ​អ្វី​ដែល​ពួក​គេ​មាន​ស្រាប់។​ អ៊ីចឹង​ខាង Lolane បាន​នាំ​មក​នូវ​វិធី​សាឡន​ថ្មី​សម្រាប់​ការ​បណ្តុះ​បណ្តាល​នេះ តែ​ចំណេះ​ដឹង​នេះ ពួក​គេ​អាច​យក​ទៅ​ប្រើ​ប្រាស់​គ្រប់​ម៉ាក និង​ប្រភេទ​ផលិតផល​បាន​ដូច​គ្នា​»។
អ្នក​ឯក​ទេស​ដែល​ធ្លាប់​ទទួល​ចំណាត់​ថ្នាក់​លេខ​មួយ​ផ្នែក​សាឡន​ និង​ច្នៃ​ម៉ូដ​សក់​រូប​នេះ បាន​លើក​ឡើង​ថា កម្ម​វិធី​បណ្តុះ​បណ្តាល​ពាក់​ព័ន្ធ​នឹង​សម្រស់​នេះ ត្រូវ​បាន​រៀបចំ​នៅ​ប្រទេស​ចំនួន​៣៥​រួច​មក​ហើយ ដោយ​ឡែក​សម្រាប់​ប្រទេស​កម្ពុជា​ទើប​តែ​ជា​លើក​ទី​១​ប៉ុណ្ណោះ។
អ្នក​ស្រី Itsaya ប្រធាន​ផ្នែក​លក់​ផលិតផល Lolane ប្រចាំ​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា វគ្គ​បណ្តុះ​បណ្តាល​នេះ​មាន​ទិសដៅ​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ឲ្យ​អ្នក ​បម្រើ​ការងារ​នៅ​ក្នុង​ហាង​សម្អាង និង​សាឡន ទាំង​អស់​នៅ​កម្ពុជា​មាន​ចំណេះ​ដឹង​កាន់​តែ​រឹង​មាំ​ក្នុង​វិស័យ​នេះ។ ដូច្នេះ​ដើម្បី​ជំរុញ​ឲ្យ​មាន​ភាព​រីក​ចម្រើន​កាន់​តែ​ខ្លាំង​នោះ ទាល់​តែ​យើង​មាន​កត្តា​៣​សំខាន់​ៗ គឺ​ត្រូវ​មាន​ផលិតផល​ល្អ ការ​អនុវត្ត និង​ធន​ធាន​មាន​ចំណេះ​ដឹង​៕(PK)

Comments system

Disqus Shortname