Tuesday, February 21, 2012

អ្នក​ភូមិ​នៅ​ចុងឃ្នៀស ខេត្ត​សៀមរាប​ប្រើ​អំពើ​ហិង្សា​តវ៉ា​នឹង​ក្រុមហ៊ុន ស៊ូ ជីង

អ្នកភូមិ​ជា​ច្រើន​នាក់ នៅ​ក្នុង​បឹង​ទន្លេសាប​នៃ​សង្កាត់​ចុងឃ្នៀស ក្រុង​សៀមរាប បាន​ប្រើ​អំពើ​ហិង្សា ដោយ​គប់​បំបែក​កញ្ចក់​គ្រឿង​ចក្រ​កាយ​ដី ១​គ្រឿង របស់​ក្រុមហ៊ុន​កំពង់ផែ ស៊ូ ជីង កាល​ពី​រាត្រី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ចុងឃ្នៀស តំបន់​កន្ធាយ​គម ប្រមាណ​ជិត​២០០នាក់ នៅ​តែ​លើក​គ្នា​ទៅ​សាលា​សង្កាត់​ចុងឃ្នៀស ដើម្បី​បន្ត​ការ​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​កំពង់ផែ ស៊ូ ជីង ត​ទៅ​ទៀត កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​កុម្ភៈ បំណង​រារាំង​មិន​ឱ្យ​ក្រុមហ៊ុន​ប្រើ​គ្រឿង​ចក្រ​ធ្វើ​សកម្ម​ភាព​ជីក​ដី​លើក​ ធ្វើ​ជា​ផ្លូវ​ថ្មី នៅ​តំបន់​ដែល​ពួក​គេ​កំពុង​តាំង​ទីលំនៅ​បាន​ឡើយ។
អ្នក​ភូមិ​រាប់​រយ​នាក់ បាន​លើក​គ្នា​តវ៉ា​ទាំង​យប់​ម្ដង​មក​ហើយ កាល​ពី​រាត្រី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ បន្ទាប់​ពី​ក្រុម​ហ៊ុន​បាន​ប្រើ​គ្រឿង​ចក្រ​ទៅ​កាយ​ដី​ចាក់​លើ​ផ្លូវ​ចាស់ ដែល​ក្រុម​ហ៊ុន​អះអាង​ថា​ជា​ការ​ចាប់​ផ្ដើម​ធ្វើ​ផ្លូវ​ថ្មី​មួយ​ខ្សែ និង​ជួយ​បង្ហូរ​ទឹក​ស្អុយ​ចេញ​ពី​តំបន់​ទេសចរណ៍​ទី​នោះ។
ក្រុម​អ្នក​ភូមិ​បាន​អះអាង​ថា ពួក​គេ​ជំទាស់​មិន​ឱ្យ​ក្រុម​ហ៊ុន​ចាក់​ដី​ធ្វើ​ផ្លូវ​ថ្មី​បាន​ទេ ពីព្រោះ​វា​អាច​ធ្វើ​ឱ្យ​បាត់បង់​ដី​សម្រាប់​តាំង​ទី​លំនៅ​របស់​ពួក​គេ ៖ "ប្រជាជន ​មក​យប់​មិញ កុំ​ឱ្យ​កាត់​ថ្នល់ បើ​ចង់​លើក​ថ្នល់ គេ​មិន​សំណូមពរ​ថា​មិន​ឱ្យ​លើក​ថ្នល់​ទេ គេ​ឱ្យ​លើក ប៉ុន្តែ​លើក​ខុស​ពី​ផ្លូវ​ចាស់​បូរាណ​របស់​គេ។ ចុះ​បើ​កាត់​ថ្នល់​ចាស់​ហើយ​ដេញ​ប្រជា​ជន​ឱ្យ​គ្នា​ទៅ​នៅ​ឯ​ណា?"
បុរស​ម្នាក់​ទៀត​បាន​មាន​ប្រសាសន៍​ប្រហាក់​ប្រហែល​គ្នា​នេះ ៖ "ម្សិល​ មិញ​ហ្នឹង​ក្រុម​ហ៊ុន​ដេញ​អ្នក​តូប​ឱ្យ​ចុះ​ចេញ ដើម្បី​គេ​ចាក់​ថ្នល់​ពី​កន្លែង ស៊ូ ជីង ហ្នឹង​ដល់​ក្បាល​កន្ធាយគូម ហើយ​គេ​ឱ្យ​យើង​ចុះ​ទៅ​នៅ​ក្រោម ហើយ​សួរ​ថា​ដេញ​យើង​ទៅ​នៅ​កណ្ដាល​វាល​ស្រែ​គេ គេ​អត់​ឱ្យ​យើង​នៅ ហើយ​ចុះ​ឱ្យ​យើង​ទៅ​នៅ​ឯណា។ ដូច្នេះ​ហើយ​ពួក​ប្រជា​ពល​រដ្ឋ​ឡើង​មក​តវ៉ា​សុំ​ដី ស៊ូ ជីង ត្រឹម​ណា ឱ្យ​អភិវឌ្ឍន៍​ធ្វើ​ត្រឹម​ហ្នឹង​ទៅ ហើយ​ថ្នល់​ពី​បូរាណ​មក​សុំ​ឱ្យ​ប្រជា​ពល​រដ្ឋ​នៅ​វិញ"
ទោះ​យ៉ាង​ណា​ការ​ប្រមូល​ផ្ដុំ​តវ៉ា​របស់​ក្រុម​អ្នក​ភូមិ​ទាំង​នោះ បាន​រំសាយ​ទៅ​វិញ​យ៉ាង​ឆាប់​រហ័ស​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​អាជ្ញាធរ​ក្រុង​សៀមរាប បាន​ឱ្យ​អ្នក​ភូមិ និង​តំណាង​ក្រុម​ហ៊ុន​កំពង់ផែ ស៊ូ ជីង បាន​ជួប​គ្នា​នៅ​ឯ​សាលា​សង្កាត់​ចុងឃ្នៀស ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​មក។
លោក វ៉ា ឈូ​ដា ដែល​ជា​នាយក​របស់​ក្រុម​ហ៊ុន​កំពង់ផែ ស៊ូ ជីង។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​លើក​គ្នា​តវ៉ា​របស់​អ្នក​ភូមិ​នោះ គឺ​ជា​ការ​យល់​ច្រឡំ នៅ​ពេល​ដែល​ក្រុម​ហ៊ុន​ប្រើ​គ្រឿង​ចក្រ​ជីក​ដី ដើម្បី​បង្ហូរ​ទឹក​ស្អុយ​ចេញ​ពី​តំបន់​នោះ ហើយ​គួប​ផ្សំ​និង​ការ​ញុះញង់​ពី​មនុស្ស​មួយ​ចំនួន ដែល​ថា ពួកគេ​អាច​នឹង​មិន​បាន​រស់​នៅ​បន្ត​ទៅ​ទៀត​ផង នៅ​ពេល​ដែល​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ថ្មី​មួយ​ខ្សែ​នៅ​ទី​នោះ ៖ "វា​មាន​ អ្នក​នៅ​ពី​ក្រោយ​ប៉ុន្មាន​នាក់​ហ្នឹង ខ្ញុំ​មើល​ទៅ។ដូច​បង​ប្អូន​ភាគ​ច្រើន​គាត់​យល់ តែ​ដោយ​សារ​អ្នក​ទៅ​ញុះញង់​ថា​យើង​ធ្វើ​ដេញ​គាត់​ចេញ។ មិន​មែន​ទេ យើង​ធ្វើ​ឱ្យ​គាត់​ដើរ ហើយ​បើ​គាត់​មិន​ព្រម​ធ្វើ អា​ហ្នឹង​ខ្ញុំ​ចាំ​បាច់​ធ្វើ​នាំ​ខាត​លុយ​អី ខ្ញុំ​អត់​ត្រូវ​ធ្វើ​អា​ហ្នឹង​ផង។ ធ្វើ​អា​ហ្នឹង​អស់​លុយ​ច្រើន​ធ្វើ​ឡើង​លើ​ផុត ៨​ម៉ែត្រ​ឯណោះ។ តាម​មើល​ទៅ​យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​ហើយ យើង​មិន​អាច​ទុក​ទឹក​ស្អុយ​កន្លែង​ទេសចរណ៍​បាន​ទេ។ ផ្លូវ​ហ្នឹង​យើង​ត្រូវ​តែ​ធ្វើ ដើម្បី​ដាក់​បង្វិល​ទឹក​ស្អុយ​ចេញ ហើយ​ណា​មួយ​កន្លែង​ហ្នឹង​រញ៉េរញ៉ៃ​ណាស់ យើង​ត្រូវ​សង់​ផ្សារ​លក់​ឱ្យ​គាត់​មាន​របៀប​រៀបរយ"
លោក ទេព ប៊ុន​ឆាយ ជា​អភិបាល​ក្រុង​សៀមរាប។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​ជំទាស់​នោះ​បណ្ដាល​មក​ពី​ប្រជា​ពល​រដ្ឋ​មិន​យល់​នៅ​ពេល​ដែល​ក្រុម​ហ៊ុន​ ចាប់​ផ្ដើម​ប្រើ​គ្រឿង​ចក្រ​កាយ​ដី​ផ្លូវ​ទី​នោះ។ ប៉ុន្តែ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ គឺ​លោក​បាន​ពន្យល់​ប្រជា​ពលរដ្ឋ ហើយ​ឱ្យ​ក្រុម​ហ៊ុន​អាច​ចាប់​ផ្ដើម​បន្ត​ការងារ​បង្ហូរ​ទឹក​ស្អុយ​ចេញ​ពី​ ទីនោះ​បាន​វិញ​ហើយ។
ទោះ​យ៉ាង​ណា លោក វ៉ា ឈូ​ដា បាន​ឱ្យ​ដឹង​ថា លោក​មាន​គម្រោង​នឹង​ដេញ​ដោល​លើ​ការ​ប្រើ​អំពើ​ហិង្សា​ដោយ​អ្នក​ភូមិ​បាន​នាំ ​គ្នា​គប់​បំផ្លាញ​គ្រឿង​ចក្រ ធ្វើ​ឱ្យ​បែក​កញ្ចក់​ខូច​ខាត​នោះ៕

Comments system

Disqus Shortname