Monday, February 20, 2012

កម្មការិនី​៣​នាក់​ត្រូវ​បាញ់​ឲ្យ​របួស​ក្នុង​ពេល​តវ៉ា

នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ កម្មករ​រាប់​ពាន់​នាក់​បម្រើ​ការ​ក្នុង​រោងចក្រ​ចំនួន ៣ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ម៉ាន់ហាថាន់ ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង បាន​នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​រង្វាន់ និង​ប្រាក់​ថ្លៃ​បាយ។

ការ​តវ៉ា​បាន​នោះ​ក្លាយ​ជា​អំពើ​ហិង្សា ដោយ​ក្រុម​កម្មករ​បាន​ចោល​ដុំ​ថ្ម​ទៅ​លើ​អគារ​រោងចក្រ។ ភ្លាមៗ​នោះ​មាន​ជន​មិន​ស្គាល់​មុខ​បាន​បាញ់​ជា​ច្រើន​គ្រាប់​ទៅ​ក្រុម​អ្នក​ តវ៉ា​ធ្វើ​​កម្មករ​មួយ​ចំនួន​បណ្ដាល​ឲ្យ​របួស។
ការ​​បាញ់​រះ​​​​​ទៅ​លើ​ហ្វូង​កម្មករ​ពី​សំណាក់​ជន​មិន​ស្គាល់​មុខ បាន​បណ្តាល​​កម្មការិនី ៣​នាក់​នៅ​រោងចក្រ​​​ផលិត​ស្បែកជើង​កៅវ៉េ (Kaoway) បាន​រង​របួស។ ពួកគេ​ត្រូវ​បាន​ដឹក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ចំនួន ២​ក្នុង​ក្រុង​បាវិត និង​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង។
មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ប្រាក់ សារ៉ាន់ អោយ​ដឹង​ថា បន្ទាប់ពី​បាន​ចុះ​ស៊ើប​អង្កេត​ លោក​រក​ឃើញ​ថា ក្រុម​កម្មករ​បាន​និយាយ​ខុសៗ​គ្នា​ពី​ចំនួន​អ្នក​រង​របួស។ ក្រោយ​ពី​បាន​ចុះ​ដល់​មន្ទីរពេទ្យ លោក​បាន​រក​ឃើញ​ថា មាន​កម្មការិនី​ចំនួន​នាក់​បាន​រង​របួស។
កម្មការិនី​ទាំង ៣​នាក់ មាន​ឈ្មោះ ក្រូច ចិន្តា របួស​ធ្ងន់ ដោយ​ត្រូវ​គ្រាប់​ចំ​ខាង​លើ​ដោះ​ឆ្វេង​ធ្លាយ​ទៅ​ក្រោម​ឃ្លៀក​ខាង​ឆ្វេង កៅ នី រង​របួស​ដៃ​ស្តាំ និង នុត សុខុម របួស​ដៃ​ស្តាំ​ និង​ខ្នង។
កម្មការិនី​ម្នាក់​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​និយាយ​ដោយ​លាក់​ឈ្មោះ​ថា នៅ​ពេល​ការ​តវ៉ា​បាន​ផ្ទុះ​អំពើ​ហិង្សា ក្រុម​នគរបាល​ត្រូវ​គេ​បញ្ជូន​មក​បង្រ្កាប។ ស្រប​គ្នា​នោះ​មាន​បុរស​មិន​ស្គាល់​មុខ​បាន​ដក​កាំ​ភ្លើង​ខ្លី​បាញ់​រះ​ លើក្រុម​កម្មករ ដែល​ប៉ុន​ប៉ង​ចូល​លាក់​ខ្លួន​ក្នុង​បន្ទប់​ទឹក។
វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​​ការ​អធិប្បាយ​ពី​ស្នងការ​នគរបាល​ខេត្ត​ ស្វាយរៀង លោក ប្រាជ រឹម បាន​ទេ​នៅ​ថ្ងៃ​​ទី​២០ កុម្ភៈ។ ចំណែក​ស្នង​ការ​រង​លោក លឹក ចំរើន អះអាង​ថា សមត្ថកិច្ច​កំពុង​ធ្វើ​ការ​លើ​ករណី​នេះ។
លោក ជាង អំ អភិបាល​ខេត្ត​ស្វាយរៀង មាន​ប្រសាសន៍​ថា ការ​បាញ់​ប្រហារ​នោះ​បង្ក​ដោយ​ជន​មិន​ស្គាល់​មុខ​ដែល​មិន​មែន​ជា​មន្ត្រី​ កំលាំង​សមត្ថកិច្ច​ឡើយ។
ក្រុម​កម្មករ​បញ្ជាក់​ថា ពួក​គេ​ជាង ៣.០០០​នាក់ ធ្វើ​ការ​ក្នុង​រោង​ចក្រ​ចំនួន​៣ បាន​តវ៉ា​ជា​ច្រើន​ថ្ងៃ​មក​ហើយ ដោយ​មិន​ចូល​ធ្វើ​ការ និង​ដុត​កង់​ឡាន​នៅ​ក្នុង​រោងចក្រ ដើម្បី​អោយ​ភាគី​ថៅកែ​រោងចក្រ​ដំឡើង​ប្រាក់​រង្វាន់​ទៀង​ទាត់ និង​ប្រាក់​ថ្លៃ​បាយ​ថ្ងៃ​ត្រង់។ ពួក​គេ​ទាម​ទារ​ប្រាក់​រង្វាន់​ចំនួន ១០ដុល្លារ​ក្នុង​មួយ​ខែ និង​ថ្លៃ​បាយ​ថ្ងៃ​ត្រង់​ចំនួន ២.០០០​រៀល។
រោងចក្រ​ទាំង​បី​នោះ​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត មាន​ឈ្មោះ កៅវ៉េ (Kaoway) ឃីងម៉ាកឃើរ ហ្វូតវែ (Kingmaker Footwear) និង ហ្សីកូ (Sheico)៕(rfa)


Comments system

Disqus Shortname