ពលរដ្ឋរុស្ស៊ីជាច្រើនសិបពាន់នាក់កាលពីថ្ងៃទី
១៨ កុម្ភៈ បាននាំគ្នាធ្វើបាតុកម្មក្នុងទីក្រុងជាច្រើន
ដើម្បីសម្តែងពីការគាំទ្រចំពោះលោកវ៉្លាឌីមៀរ ពូទីន
ជាអ្នកអាចជាប់ឆ្នោតក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ី
នាថ្ងៃទី៤ មីនា ខាងមុខនេះ ។
បាតុកម្មនេះជាការប៉ុនប៉ងមួយធ្វើការបកវិញ
ចំពោះរលកបាតុកម្មប្រឆាំងនឹងបុរសខ្លាំងនោះរបស់ប្រទេស។
មនុស្សយ៉ាងតិច៥០.០០០នាក់ បានចូលរួមក្នុងបាតុកម្ម
ក្នុងផ្នែកអឺរ៉ុបរបស់រុស្ស៊ី នៅស៊ីបេរី និង
នៅចុងបូព៌ា
ដើម្បីសម្តែងការគាំទ្រដល់នាយករដ្ឋមន្ត្រីដែលចង់វិល
ត្រឡប់មកកាន់វិមានក្រឹមឡាំងវិញ កាន់អំណាចអាណត្តិទី៣
ក្រោយ២អាណត្តិមុន (២០០០-២០០៨) ។នៅទីក្រុងសាំងប៉េទ័រស្បួរជាទីក្រុងកំណើត របស់លោកពូទីន មនុស្សប្រមាណជា១០.០០០នាក់ បានដើរហែក្បួនតាមដងវិថីជាមួយនឹងការលើកប៉ង់កាតនានាសរសេរ ថា «យល់ព្រមចំពោះការផ្លាស់ប្តូរ ប៉ុន្តែពុំមែនបដិវត្តន៍ឡើយ» ឬ «រួមដៃជាមួយលោកពូទីន សម្រាប់ប្រទេសរុស្ស៊ីខ្លាំងមួយ» ។ បាតុករអាយុ៤២ឆ្នាំម្នាក់និយាយថា សម្រាប់រូបខ្ញុំ លោកពូទីន គឺជាស្ថេរភាព រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំរស់នៅបានស្រួល ។ ខ្ញុំចាប់ផ្តើមមានមោទនភាពចំពោះប្រទេសខ្ញុំ ។ ចំណែកនារីបាតុករម្នាក់អាយុ៥៨ឆ្នាំនិយាយថា បើក្រឡេកមើលពួកអ្នកប្រឆាំងលោកពូទីន ពួកគេពុំតំណាងឱ្យប្រជាជនឡើយ ៕