Sunday, February 19, 2012

ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឲ្យប្រជាជន មានការប្រុងប្រយ័ត្ន ខណៈដែលមាន ភ្លៀងកក់ខែ

ដោយសង្កេតឃើញ ជារៀងរាល់ឆ្នាំ នៅពេលដែលមានភ្លៀង កក់ខែតែងតែមានភ្លៀងផ្គរ រន្ទះលាយលំជាមួយខ្យល់ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋ ទទួលរងគ្រោះថ្នាក់ ជាយថាហេតុនោះ
ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យ ប្រជាពលរដ្ឋខ្មែរទាំងអស់ មានការប្រុងប្រយ័ត្ន ខណៈដែលមានភ្លៀង កក់ខែ។
អនុប្រធាននាយកដ្ឋាន ឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម លោក អ៊ុំ រីណា មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា នៅក្នុងខែកុម្ភៈ នេះ អាចមានភ្លៀងកក់ខែ រហូតដល់ខែមេសា ដែលជារៀងរាល់ឆ្នាំភ្លៀងកក់ខែ តែងតែមានភ្លៀងលាយឡំ ជាមួយផ្គររន្ទះស្រដៀងឆ្នាំ២០១១ ដែរ ហើយវាក៏អាចបង្ក គ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ប្រសិនបើខ្វះការប្រុងប្រយ័ត្ន នៅពេលមានភ្លៀងធ្លាក់នោះ ។

លោកបានបញ្ជាក់ទៀតថា ”នៅចុងខែកុម្ភៈនេះ ខាងខ្ញុំ នឹងធ្វើសេចក្តីជូនដំណឹង ឲ្យប្រជាជនមាន ការប្រុងប្រយ័ត្ននៅអំឡុងពេល មានភ្លៀងកក់ខែ ព្រោះនៅពេល មានភ្លៀងតែងមានផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដូច្នោះយើងបារម្ភខ្លាច មានករណីហ្នឹង ព្រោះថាជារឿយៗរៀងរាល់ឆ្នាំ នៅក្នុងខែប្រាំងឲ្យ តែមានភ្លៀងកក់ខែ តែងតែ មានរន្ទះ និងខ្យល់កន្ត្រាក់ហ្នឹង” ។
លោក អ៊ុំ រីណា បានបន្ថែមទៀតថា នាពេលកន្លងមកខាង ក្រសួងក៏បានផ្សព្វផ្សាយ តាមរយៈសន្និសីទកាសែតនោះ រដ្ឋមន្ត្រីក្រសួងធនធានទឹក លោកក៏បានប្រាប់ផង ដែរថា រដូវវស្សាឆ្នាំហ្នឹង ជាពិសេសខែប្រាំង គឺមានសភាពស្រដៀងហ្នឹងឆ្នាំ២០១១ កន្លងទៅនេះដែរ ដូច្នោះត្រូវមានការប្រុងប្រយ័ត្ន។ ជាក់ស្តែងនៅដើមឆ្នាំ២០១២ នេះ មានករណីរន្ទះបាញ់មួយ បានកើតឡើង នៅក្នុងខេត្តបន្ទាយមានជ័យ ដោយក្នុងនោះ បានធ្វើឲ្យប្រជាកសិករម្នាក់ បានស្លាប់បាត់បង់ជីវិត ខណៈដែលគាត់កំពុង ច្រូតស្រូវ ៕(dapnews)

Comments system

Disqus Shortname