Monday, February 20, 2012

មន្រ្តីយោធាម្នាក់ រងការបាញ់ប្រហារ ត្រូវបញ្ឈិតត្រង់ក្បាល រងរបួសស្រាល

មន្រ្តីយោធាម្នាក់រងការបាញ់ប្រហារ ត្រូវបញ្ឈិតត្រង់ក្បាល បណ្តាលឲ្យរងរបួសស្រាល នាវេលាម៉ោង៨យប់ថ្ងៃ ចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០១២ នៅមុខផ្ទះលេខ ៤០ តាមបណ្តោយផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក សង្ស័យជារឿងគំនុំ។
នេះបើយោងតាមមន្រ្តីនគរបាលមូលដ្ឋាន។
ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក ជួន ណារិន បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទឲ្យដឹងថា ពិតជាមានករណី បាញ់ប្រហារមន្រ្តីយោធាម្នាក់ តែសំណាង់ល្អត្រូវបញ្ឈិតត្រង់ក្បាល ធ្វើឲ្យរងរបួសស្រាល។
មន្ត្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះ ស៊ិន វណ្ណថា អាយុ ៣៣ឆ្នាំ ជាមន្ត្រីយោធាពាក់ស័ក្តិ៣ បម្រើការនៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្នាក់នៅផ្ទះ ៨៥ ផ្លូវលេខ ២១៥ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ត្រូវជនសង្ស័យប្រើកាំភ្លើងកា៥៤ មួយគ្រាប់ តែសំណាងល្អត្រូវបញ្ឈិតត្រង់ក្បាល បណ្តាលឲ្យរងរបួសស្រាល។ មន្ត្រីនគរបាលរូបនេះ បានសន្និដ្ឋានជាជំហ៊ានដំបូងថា ករណីបាញ់ប្រហារនេះ គឺជារឿងគំនុំ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបាននគរបាលហៅទៅសួរនាំនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកល្អក់ទី១។ សមត្ថកិច្ចបញ្ជាក់ផងដែរថា កាលពីរយៈពេល១ខែមុន ជនរងគ្រោះធ្លាប់មានជម្លោះវាយតប់គ្នាផងដែរ។
តែទោះជាយ៉ាងណាយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មន្រ្តីនគរបាលមូលដ្ឋាន បានកំណត់ មុខសញ្ញាជនសង្ស័យនេះ បានហើយ៕

Comments system

Disqus Shortname